ព្រិលធ្លាក់ខ្លាំង​នៅ​ប្រទេស​ជប៉ុន សម្លាប់​មនុស្ស​១៧នាក់ និង​របួស​រាប់សិបនាក់

បុរស​ម្នាក់​កាយព្រិល​នៅ​ចំណត​រថយន្ត​ ក្នុង​ក្រុង Kitami ខេត្ត Hokkaido ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ២០២២។ (Kyodo/តាមរយៈ REUTERS)

មន្ត្រី​គ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា ព្រិល​ធ្លាក់​ខ្លាំង​នៅតំបន់ភាគ​ច្រើន​នៃ​ប្រទេស​ជប៉ុន​បាន​សម្លាប់​មនុស្ស​ចំនួន១៧​នាក់ និង​របួស​ជាង៩០​នាក់ និង​ធ្វើ​ឱ្យ​ផ្ទះ​​រា​ប់​រយខ្ន​ង​គ្មាន​អគ្គិសនី​ប្រើប្រាស់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌​មាន CNA

នៅតំបន់​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន មាន​ព្រិលធ្លាក់ខ្លាំងចាប់តាំងពីសប្តាហ៍មុន ដោយធ្វើឱ្យរថយន្តរាប់រយគ្រឿងជាប់គាំងនៅលើផ្លូវល្បឿនលឿន ការ​​ពន្យារពេលសេវាដឹកជញ្ជូន និងបណ្តាល​ឱ្យម​នុស្ស​ស្លាប់ជាង១០នាក់។

ការធ្លាក់ព្រិលកាន់តែច្រើននៅចុងសប្តាហ៍ បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់១៧​នាក់ និង​របួស​ដល់៩៣នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារ​គ្រប់​គ្រង​អគ្គិភ័យ និង​គ្រោះ​មហន្តរាយ។

មនុស្សជាច្រើនបានដួលធ្លាក់ចូលគំនរព្រិល ខណៈព្យាយាមកាយព្រិលចេញពីដំបូលផ្ទះរបស់ពួក។

ការិយាល័យក្រុងនៅតំបន់ដែលរងផលប៉ះពាល់ដោយព្រិល បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នក្នុងអំឡុងពេលកាយព្រិលចេញ ហើយកុំធ្វើការតែម្នាក់ឯង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាន​និយាយ​ថា ស្ត្រី​ម្នាក់​វ័យ៧០​ឆ្នាំ ត្រូវ​បានប្រទះឃើញស្លាប់កប់នៅក្រោមគំនរព្រិល​ដ៏ក្រាស់នៅលើដំបូលផ្ទះ នៅក្នុងទីក្រុងណាហ្គៃ (Nagai) ខេត្តយ៉ាម៉ាហ្កាតា​ (Yamagata) ចម្ងាយប្រហែល៣០០​គីឡូម៉ែត្រភាគខាងជើងទីក្រុងតូក្យូ ជា​កន្លែងដែលមានព្រិលធ្លាក់កម្ពស់ជាង ៨០​សង់ទីម៉ែត្រ កាលពីថ្ងៃសៅរ៍។

ផ្នែកជាច្រើននៃភាគឦសានប្រទេសជប៉ុន ត្រូវបានរាយការណ៍ថាមានព្រិលធ្លាក់ជាមធ្យម ៣ដង​ ក្នុង​អំឡុង​រដូវ​រងានេះ។

យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ឧស្សាហកម្ម បានឱ្យដឹងថា ព្រិលធ្លាក់យ៉ាងគំហុកបានធ្វើឱ្យ​ប៉ម​បញ្ជូនថាមពលអគ្គិសនីនៅលើកោះមួយភាគខាងជើងប្រទេសជប៉ុន​ដួលរលំ ដែលធ្វើឱ្យផ្ទះប្រហែល២០ ០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ ទោះបីជាអគ្គិសនីត្រូវបានស្ដារឡើងវិញនៅក្នុងតំបន់ភាគច្រើនក៏ដោយ។

យោងតាមក្រសួងដឹកជញ្ជូនជប៉ុន បានឱ្យដឹងថា រថភ្លើង និងជើងហោះហើររាប់សិបត្រូវ​បានផ្អាក នៅភាគខាងជើងប្រទេសជប៉ុន នៅថ្ងៃអាទិត្យ។ ទោះយ៉ាងណា រហូតមកដល់ពេលនេះ សេវាភាគច្រើនបានដំណើរការឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ