លោក ពូទីន ហាមមិនឱ្យនាំចេញប្រេងទៅកាន់បណ្ដាប្រទេសដែលចូលរួមកំណត់តម្លៃប្រេងរបស់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ (Sputnik/Sergei Bobylyov/Pool តាមរយៈ REUTERS)

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃអង្គារ បានឆ្លើយតបចំពោះការកំណត់តម្លៃប្រេងរុស្ស៊ីរបស់លោកខាងលិច ដោយចុះហត្ថលេខាលើក្រឹត្យមួយ ដែលហាមប្រាមការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេង ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់រយៈពេល៥ខែ ចំពោះបណ្តាប្រទេសដែលអនុវត្តការកំណត់តម្លៃប្រេងរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។ 

ក្រុមប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី បានព្រមព្រៀងគ្នាក្នុងខែនេះ ក្នុងការកំណត់តម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល លើតម្លៃប្រេងឆៅរុស្ស៊ី ដែលចូលជាធរមានចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ជាការឆ្លើយតបចំពោះការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន។

រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងធំបំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត ហើយការរំខានចំពោះការលក់ប្រេងរបស់ខ្លួននឹងបង្កផលវិបាកដល់ការផ្គត់ផ្គង់ថាមពលសកល។

ក្រឹត្យដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលវិមានក្រឹមឡាំង បាននិយាយអំពី «សកម្មភាពអមិត្ត និងផ្ទុយពីច្បាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក និងរដ្ឋបរទេស និងអង្គការអន្តរជាតិដែលចូលរួមជាមួយពួកគេ»។

ក្រឹត្យនោះបន្ថែមថា៖ «ការដឹកជញ្ជូនប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ទៅកាន់អង្គភាព និងបុគ្គលបរទេស ត្រូវបានហាមឃាត់»។

ក្រឹត្យនោះក៏​រួម​មាន​ខចែងដែល​អនុញ្ញាត​ឱ្យ​លោក Putin បដិសេធ​ការ​ហាមប្រាម​ក្នុង​ករណី​ពិសេស​ បាននិយាយថា​ «​ក្រឹត្យនេះ…ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣ និង​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២៣»។

ការនាំចេញប្រេងឆៅនឹងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែកាលបរិច្ឆេទសម្រាប់ការហាមឃាត់ផលិតផលប្រេងនឹងត្រូវបានកំណត់ដោយរដ្ឋាភិបាលរុស្ស៊ី ហើយអាចធ្វើឡើងបន្ទាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកវិភាគមួយចំនួនបាននិយាយថា ការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនឹងមានផលប៉ះពាល់តិចតួចចំពោះប្រាក់ចំណូលពីប្រេងដែលទីក្រុងម៉ូស្គូរកបាននាពេលបច្ចុប្បន្ន។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អាន់តុន ស៊ីលូណូវ (Anton Siluanov) បាននិយាយកាលពីថ្ងៃអង្គារថា ឱនភាពថវិការបស់រុស្ស៊ីអាចមានទំហំធំជាងការគ្រោងទុក ២% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៣ ដោយការកំណត់តម្លៃប្រេងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលពីការនាំចេញ ដែលជាឧបសគ្គផ្នែកសារពើពន្ធបន្ថែមសម្រាប់ទីក្រុងម៉ូស្គូ ខណៈខ្លួនចំណាយច្រើនលើប្រតិបត្តិការយោធានៅអ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ