អតីតសមាជិកសភាអាហ្វហ្កានីស្ថានជាស្ត្រីម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងទីក្រុងកាប៊ុល

ទិដ្ឋភាព​ទូទៅ​នៃ​កន្លែង​ដែល​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​បំផ្ទុះ​ ចំពេល​មាន​ការ​វាយ​ប្រហារ​លើ​អគារ Sikh ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ២០២២។ (REUTERS/Ali Khara)

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ឱ្យ​ដឹង​ថា អតីតសមាជិកសភាអាហ្វហ្កានីស្ថាន​ជាស្ត្រីមួយរូប ត្រូវ​បាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់អ​ត្តសញ្ញាណបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ក្នុងរដ្ឋធានីកាប៊ុល (Kabul)។ នេះបើតាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័​ត៌​មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា អតីតសមាជិកសភា គឺ​លោកស្រី Mursal Nabizada និងមន្ត្រីសន្តិសុខរបស់ខ្លួនត្រូវបានបាញ់សម្លាប់ ខណៈបងប្រុសរបស់លោកស្រីបានរងរបួសនៅក្នុងការបាញ់ប្រហារ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ទាក់​ទិននឹងករណីនេះ សមត្ថកិច្ចបានបន្ថែមឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា៖ «កងកម្លាំងសន្តិសុខ បានចាប់ផ្តើមការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ទាក់ទងនឹងករណីនេះ ដើម្បីស្វែងរកឧក្រិដ្ឋជនយកមកផ្តន្ទាទោសតាមច្បាប់»។

លោកស្រី Mursal Nabizada បានក្លាយជាសមាជិកសភា រហូតដល់ក្រុមតាលីបង់បានចូលមក​គ្រប់​គ្រង​​​ប្រទេស ខណៈដែលកងកម្លាំងបរទេសបានដកខ្លួនចេញ​នៅឆ្នាំ​២០២១ ស្របពេលដែលអ្នកនយោ​បាយ​ជាច្រើន​ក៏បានភៀសខ្លួនចេញពីប្រទេសជាបន្តបន្ទាប់ផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយក៏បានឱ្យដឹងដែរថា លោកស្រី Nabizada ក៏ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាជាន់ទាបក្នុងឆ្នាំ​២០១៨ ដើម្បីតំណាងឱ្យទីក្រុងកាប៊ុលផងដែរ។

គិតចាប់តាំងពីចូលមកកាន់កាប់ប្រទេសមក ក្រុមតាលីបង់ តែង​តែ​អះ​អាង​ថា ពួកគេផ្តោត​លើ​ការ​ធានាសន្តិសុខរបស់​ប្រទេស​ជាតិ និង​លើកទឹកចិត្តឱ្យជនជាតិអាហ្វហ្កានីស្ថាននានាត្រលប់​មក​កាន់​ប្រទេសវិញ​ផង​ដែរ។

ទោះជាយ៉ា​ង​ណា ការវាយប្រហារជាច្រើនត្រូវបានសង្កេតឃើញថាបានកើតឡើងជាបន្តបន្ទាប់ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រួមទាំងការវាយប្រហារមួយដែលកើតឡើងនៅក្រសួងការបរទេស កាល​ពីសប្តាហ៍​មុន ដែល​បាន​សម្លាប់ និងធ្វើឱ្យ​របួស​មនុស្ស​រាប់​សិប​នាក់។

កាលពីខែធ្នូកន្លងទៅ មនុស្សម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់​បែក​អត្ត​ឃាតនៅជិ​ត​ការិយាល័យ​នៃ​គណបក្ស Hezb-e-Islami ប្រចាំទីក្រុងកាប៊ុល ខណៈដែលមេដឹកនាំរបស់ខ្លួន គឺលោក Gulbuddin Hekmatyar នៅពេលនោះក៏ស្ថិតនៅខាងក្នុងទីតាំងមួយនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ