មនុស្ស១៩នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែត

ក្រុមជួយសង្គ្រោះ និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសត នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមតាំងពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៩ ខែធ្នូ នេះ គេឃើញអាគារកាស៊ីណូដ៏ធំមួយឈ្មោះ ហ្រ្គេនដាយមិន ត្រូវបានភ្លើងឆាបឆេះចេញពីក្នុងអាគារ និងទីបំផុតត្រូវបានភ្លើងលេបត្របាក់ស្ទើរតែទាំងស្រុង។

ឃ្លីបវីដេអូខ្លះទៀតបានបង្ហាញរូបភាពមនុស្សដែលកំពុងជាប់នៅលើអាគារ ព្យាយាមបន្លាស់ទីគេចពីអណ្តាតភ្លើងដែលកំពុងឆេះសន្ធោសន្ធៅ ក្នុងពេលអ្នកខ្លះទៀតដោយមិនអាចទ្រាំនឹងកម្ដៅភ្លើងដ៏ខ្លាំងនោះបាន ក៏លោតចុះពីលើអាគារមកលើដីដើម្បីផ្សងជីវិត ខណៈដែលពលរដ្ឋដែលកំពុងមើលពីក្រោមអាគារ និងពីចម្ងាយស្រែកដង្ហោយហៅសមត្ថកិច្ចឱ្យជួយបាញ់ទឹករារាំងភ្លើងកុំឱ្យឆាបឆេះអ្នកទាំងអស់នោះ។

ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ លោក សេក សុខុម ថ្លែងប្រាប់វីអូឌី នៅរសៀលថ្ងៃទី២៩ ខែធ្នូ នេះថា មនុស្ស១៩នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍អគ្គិភ័យនេះ។ លោកបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំងនោះ រួមមានទាំងជនជាតិខ្មែរ ម៉ាឡេស៊ី ថៃ និងវៀតណាម។ លោក សេក សុខុម បន្ថែមថា ជនរងគ្រោះដែលស្លាប់និងរបួសទាំងអស់នេះ ភាគច្រើនស្លាប់និងរបួសដោយសារពួកគេហក់ចុះពីលើអាគារដើម្បីគេចពីអណ្តាតភ្លើង។

លោកថា៖ «រហូតមកដល់ពេលនេះ យើងរកឃើញអ្នកស្លាប់ចំនួន១៩នាក់ ប៉ុន្តែចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ វាអាចមានចន្លោះពី៣០ ទៅ៤០នាក់ ឬក៏អាចច្រើនជាងនេះផង»។

តាមរយៈឃ្លីបវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម ឱ្យដឹងថា អគ្គិភ័យដែលលេបត្រ​​បាក់​​អា​គារកាស៊ីណូ ហ្រ្គេនដាយមិន បានកើតឡើងតាំងពីម៉ោង១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ប៉ុន្តែបើតាមឱ្យដឹងពីសមត្ថកិច្ច គិតមកដល់រសៀលថ្ងៃដដែលនេះ ភ្លើងនៅតែមិនទាន់រលត់នៅឡើយ ហើយសមត្ថកិច្ចឱ្យដឹងថា ពួកគេកំពុងបន្តស្វែងរក និងជួយសង្រ្គោះជនរងគ្រោះបន្ត ទៀត។

ក្រោយហេតុការណ៍អគ្គិភ័យនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានធ្វើដំណើរចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះផងដែរ៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ