កុមារ​១៨នាក់​ស្លាប់​នៅ​ប្រទេស​អ៊ូសបេគីស្ថាន បន្ទាប់​ពី​ផឹកថ្នាំ​ស៊ីរ៉ូ​ផ្ដាសាយ​ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា

រូបតំណាង៖ អាណាព្យាបាលម្នាក់ចាក់ថ្នាំប្រភេទស៊ីរ៉ូសម្លាប់មេរោគដាក់ស្លាបព្រា។ (REUTERS)

ក្រសួងសុខាភិបាលប្រទេសអ៊ូសបេគីស្ថានបាននិយាយថា យ៉ាងហោចណាស់កុមារ១៨នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប្រភេទជាស៊ីរ៉ូ (syrup) ដែលផលិតដោយក្រុមហ៊ុនផលិតថ្នាំឥណ្ឌាឈ្មោះ Marion Biotech Pvt Ltd.។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ។

ក្រសួងនេះបាននិយាយថា កុមារ១៨នាក់ ក្នុងចំណោម២១នាក់ ដែលបានផឹកថ្នាំឈ្មោះ Doc-1 Max បានស្លាប់បន្ទាប់ពីផឹកថ្នាំនេះ ដោយមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ ថ្នាំនេះត្រូវបានដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុនដើម្បីព្យាបាលជំងឺផ្តាសាយ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ថ្នាំនេះ​មាន​ផ្ទុក​សារធាតុ Ethylene glycol ដែលជាសារធាតុ​ពុល។ ក្រសួងបន្តថា ថ្នាំនេះត្រូវបាននាំចូលប្រទេសអ៊ូសបេគីស្ថាន ដោយក្រុមហ៊ុន Quramax Medical LLC

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ឪពុកម្តាយឱ្យកូនៗផឹកថ្នាំនេះដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ ដោយប្រើលើសកម្រិតថ្នាំស្តង់ដារសម្រាប់កុមារ។

ក្រុមហ៊ុន Marion Biotech, Quramax Medical និងក្រសួងសុខាភិបាលឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters ដើម្បីសុំការអធិប្បាយឡើយ។ ប្រភពពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្រសួង​សុខាភិបាល​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។

ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ បានបើកការត្រួតពិនិត្យរោងចក្រផលិតថ្នាំមួយចំនួននៅទូទាំងប្រទេស ដើម្បីធានាបាននូវស្តង់ដារគុណភាពខ្ពស់។

ប្រទេសឥណ្ឌា ត្រូវបានគេស្គាល់ថាជាទីតាំងផលិតឱសថដ៏ធំមួយនៅលើពិភពលោក ហើយការនាំចេញឱសថរបស់ខ្លួនបានកើនឡើងទ្វេដងក្នុងទសវត្សរ៍កន្លងមក ដែលមានតម្លៃរហូតដល់ ២៤,៥ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ កន្លងមក។

ក្រសួងសុខាភិបាលអ៊ូសបេគីស្ថានបាននិយាយថា ខ្លួនកំពុងធ្វើការដើម្បីដកថ្នាំគ្រាប់ និងស៊ីរ៉ូ Doc-1 Max ពីឱសថស្ថានទាំងអស់។

សូមរម្លឹកថា កាលពីខែតុលាកន្លងទៅ ក៏មាន​​ករណី​​​​​​​​​​​កុមារ​ស្លាប់​ជាង​៦០នាក់​​នៅ​ប្រទេស​ហ្គាំប៊ី ដោយបញ្ហាតម្រងនោមធ្ងន់ធ្ងរបន្ទាប់ពីប្រើ​ស៊ីរ៉ូក្អក​ និង​ផ្តាសាយ​​​ដែល​ផលិត​ដោយក្រុមហ៊ុនផលិតឱ្យសថ Maiden Pharmaceuticals Ltd នៅប្រទេសឥណ្ឌា ហើយដែលឱសថចំនួន៤ប្រភេទពាក់ព័ន្ធនឹងករណីស្លាប់នេះ រួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ