និស្សិតឥណ្ឌាចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួនដោយនគរបាលក្រុងដេលី កាលពីថ្ងៃពុធម្សិលមិញ ខណៈពួកគេបានប្រមូលផ្តុំគ្នាមើលភាពយន្តឯកសាររបស់សារព័ត៌មាន BBC ដែលនិយាយអំពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលឥណ្ឌាបានច្រានចោលថាជាការឃោសនា ហើយបានរារាំងមិនឱ្យផ្សព្វផ្សាយនិងចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមឡើយ។
នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ។ ប្រភពដដែល បន្តថា ករណីនេះកើតឡើងបន្ទាប់ពីក្រុមនិស្សិតជួបប្រជុំគ្នានៅសប្តាហ៍នេះ ដើម្បីមើលវីដេអូឯកសារដែលនិយាយអំពីការដឹកនាំរបស់លោក Narendra Modi ក្នុងអំឡុងពេលកុបកម្មបង្ហូរឈាមកាលពី ២ទសវត្សរ៍ កន្លងទៅ។
លោក Narendra Modi ដែលកំពុងមានគោលបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោត អាណត្តិទី៣ នៅឆ្នាំក្រោយ ធ្លាប់ជាអភិបាលរដ្ឋហ្គូចារ៉ាត់ (Gujarat) ក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលដែលក្រុមមូស្លីម ត្រូវបានសង្ស័យថាបានដុតរថភ្លើងដឹកអ្នកធ្វើធម្មយាត្រាហិណ្ឌូ ដែលជាការបង្ហូរឈាមពាក់ព័ន្ធនឹងសាសនាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ឥណ្ឌា។
ជាការសងសឹក យ៉ាងហោចណាស់មនុស្ស ១ ០០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាជនជាតិមូស្លីម ខណៈហ្វូងមនុស្សបានដើរតាមដងផ្លូវ ដោយកំណត់គោលដៅលើក្រុមជនជាតិភាគតិច។ ទោះយ៉ាងណា ក្រុមសកម្មជនបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់រហូតដល់ ២ ៥០០នាក់។
ទាក់ទិននឹងករណីនេះដែរ លោក Narendra Modi បានបដិសេធការចោទប្រកាន់ ដែលថាលោកមិនបានខ្នះខ្នែងបញ្ឈប់កុបកម្មនោះ។
រដ្ឋាភិបាលបាននិយាយថា ភាពយន្តឯកសាររបស់ BBC ដែលមានចំណងជើងថា «ឥណ្ឌា៖ មន្ទិលអំពីលោក Modi (India: The Modi Question)» ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន គឺជា «ការឃោសនា» ដែលមានភាពលម្អៀង ហើយបានហាមមិនឱ្យចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សហព័ន្ធនិស្សិតឥណ្ឌា (SFI) បានលើកឡើងកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងបង្ហាញភាពយន្តឯកសារនោះនៅគ្រប់រដ្ឋទាំងអស់របស់ឥណ្ឌា។
លោក ម៉ាយូ ប៊ីសវ៉ាស (Mayukh Biswas) អគ្គលេខាធិការនៃ SFI បាននិយាយថា៖ «ពួកគេនឹងមិនបញ្ឈប់សំឡេងនៃការប្រឆាំងឡើយ»។
មុនពេលបញ្ចាំងភាពយន្តឯកសារនៅសាកលវិទ្យាល័យមួយឈ្មោះ Jamia Millia Islamia នៅទីក្រុងដេលី និស្សិតចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួន។ នគរបាលបាននិយាយថា សាកលវិទ្យាល័យបានស្តីបន្ទោសនិស្សិតថាបានបង្កើត «ភាពចលាចលនៅតាមផ្លូវ» ខណៈពួកគេមិនត្រូវបានការអនុញ្ញាតឱ្យរៀបចំកម្មវិធីបែបនេះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ សារព័ត៌មាន BBC បានលើកឡើងថា ភាពយន្តឯកសាររបស់ខ្លួនពិនិត្យមើលពីភាពតានតឹងរវាងជនជាតិភាគតិចហិណ្ឌូ និងជនជាតិភាគតិចមូស្លីមនៅឥណ្ឌា ហើយឈ្វេងយល់ពីគោលនយោបាយរបស់លោក Narendra Modi ទាក់ទងនឹងភាពតានតឹងទាំងនោះ។
សារព័ត៌មាន BBC បានគូសបញ្ជាក់ថា៖ «ភាពយន្តឯកសាររបស់ខ្លួនត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់តាមស្តង់ដារវិចារណកថាខ្ពស់បំផុត»។
BBC បន្តថា ខ្លួនបានសម្ភាសប្រភព សាក្សី និងអ្នកជំនាញជាច្រើននាក់ ហើយបានបង្ហាញនូវមតិជាច្រើន រួមទាំងការឆ្លើយតបពីមនុស្សនៅក្នុងគណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក Narendra Modi ផងដែរ៕