យន្តហោះចម្បាំងអាមេរិកនិងចិនហៀបនឹងប៉ះគ្នានៅដែនអាកាសសមុទ្រចិនខាងត្បូង

យោងតាមយោធាអាមេរិក បានឱ្យដឹងថា យន្តហោះចម្បាំង J-11 របស់កងទ័ពជើងទឹកចិន ត្រូវបានគេកត់ត្រាថា ហោះហើរជិតយន្តហោះ RC-135 របស់កងទ័ពអាកាសអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ លើសមុទ្រចិនខាងត្បូង នៅក្នុងរូបភាពពីវីដេអូដែលបានថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២២។ (REUTERS)

យោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំងចិនមួយគ្រឿងហោះចូលកៀកនឹងយន្តហោះចម្បាំងអាមេរិកចម្ងាយប្រហែលជា៣ម៉ែត្រពីគ្នា នៅក្នុងដែនអាកាសនៃសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ កាលពីសប្តាហ៍មុន ហើយយន្តហោះចម្បាំងអាមេរិកត្រូវបង្ខំចិត្តគេចចេញ ដើម្បីចៀសវាងការប៉ះទង្គិចគ្នានៅក្នុងដែនអាកាសអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ។

យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រវាងយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកចិន J-11 និងយន្តហោះចម្បាំងកងទ័ពអាកាសអាមេរិក RC-135

សេចក្តីថ្លែងការណ៍នោះបន្ថែមថា៖ «យើងរំពឹងថា ប្រទេសទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នឹងប្រើប្រាស់ដែនអាកាសអន្តរជាតិដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ»។

អ្នកនាំពាក្យយោធាអាមេរិកបាននិយាយថា យន្តហោះចម្បាំងរបស់ចិនបានចូលកៀកនឹងយន្តហោះចម្បាំងអាមេរិកក្នុងចម្ងាយប្រហែល៣ម៉ែត្រពីស្លាបយន្តហោះ និងប្រហែល៦ម៉ែត្រពីក្បាលយន្តហោះ ដែលធ្វើឱ្យយន្តហោះចម្បាំងអាមេរិកត្រូវបង្ខំចិត្តគេចចេញ។

មន្ត្រីអាមេរិកម្នាក់ទៀតបាននិយាយថា សហរដ្ឋអាមេរិកបានលើកឡើងពីបញ្ហានេះជាមួយរដ្ឋាភិបាលចិន។

ភ្លាមៗ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

កន្លង​មក ចិន​បាន​និយាយ​ថា អាមេរិក​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំងទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលជាសញ្ញាអវិជ្ជមានសម្រាប់​សន្តិភាព។

យន្តហោះចម្បាំង និង​នាវា​យោធា​អាមេរិក​ តែងតែ​ធ្វើ​ប្រតិបត្តិការ​ឃ្លាំមើល និង​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់នេះ [សមុទ្រចិនខាងត្បូង]។

នៅក្នុងជំនួបជាមួយសមភាគីចិន កាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានលើកឡើងពីភាពចាំបាច់ក្នុងការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយថែមទាំងបានលើកឡើងពីអាកប្បកិរិយាប្រកបដោយគ្រោះថ្នាក់ដោយយន្តហោះចម្បាំងយោធាចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ