ពាក្យ «សន្តិភាព» ត្រូវបានសរសេរនៅស្ទើរតែគ្រប់ទីតាំងអាគាររដ្ឋាភិបាលទាំងអស់ក្នុងប្រទេសកម្ពុជា ប៉ុន្តែការអនុវត្តជាក់ស្ដែងហាក់មិនសូវជាមាននោះទេ។ ឆ្នាំ២០២២នេះ ត្រូវបានសង្កេតឃើញជាបន្តបន្ទាប់នូវសកម្មភាពនៃការរំលោភបំពាន និងអំពើពុករលួយពីមន្ត្រីរដ្ឋាភិបាល ក៏ដូចជាការបំភិតបំភ័យប្រឆាំងនឹងអ្នកហ៊ានផ្តល់ព័ត៌មានពីភាពមិនប្រក្រតី រួមនឹងអ្នកសារព័ត៌មាន ជាដើម។
មន្ត្រីអនុវត្តច្បាប់នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ត្រូវបានចោទប្រកាន់ទាក់ទងនឹងសកម្មភាពវាយដំប្រជាពលរដ្ឋ អំឡុងពេលដែលពួកគេត្រូវចាប់ខ្លួន ខណៈករណីមួយចំនួនក៏បានឈានដល់ការបាត់បង់ជីវិតផងដែរ។ មនុស្សមួយចំនួនត្រូវបានចាត់ទុកថាជាជនល្មើសចេញពីសកម្មភាពតូចតាចតែប៉ុណ្ណោះ ដែលក្នុងនោះរួមមាន អ្នករើសអេតចាយនៅភ្នំពេញម្នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងរបស់សមត្ថកិច្ច បន្ទាប់ពីលួចគ្រឿងបន្លាស់រថយន្តក្នុងតម្លៃត្រឹមក្រោម ៣០ដុល្លារ។
ជាមួយគ្នានេះ អង្គការលីកាដូ (LICADHO) តាមរយៈសេចក្ដីថ្លែងការណ៍មួយក៏បានឱ្យដឹងថា មនុស្សពីរនាក់បានបាត់បង់ជីវិត ខណៈកំពុងឃុំខ្លួនដោយមិនត្រឹមត្រូវនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺរបស់រដ្ឋ ក្នុងខែសីហា ឆ្នាំ២០២២។ បន្ថែមពីនេះ មានភស្តុតាងបង្ហាញថា មនុស្សជាង១០នាក់បានស្លាប់ ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់នៅមណ្ឌលមួយនេះ ចន្លោះខែកក្កដា និងខែសីហា ឆ្នាំ២០២២។
ប្រភពដដែលបន្ថែមថា មនុស្សដែលត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ភាគច្រើនគឺជាក្រុមមនុស្សដែលមិនត្រូវបានគេអើពើ ដូចជា ជនអនាថា អ្នកសុំទាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកប្រកបរបរផ្លូវភេទ ជាដើម ហើយពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ ប៉ុន្តែត្រូវបានឃុំខ្លួនដោយមិនច្បាស់លាស់ និងត្រូវបានហាមឃាត់មិនឱ្យចាកចេញ។
នៅក្នុងឆ្នាំ២០២២នេះ ក្រសួងមហាផ្ទៃក៏បានបើកការស៊ើបអង្កេតលើករណីមួយចំនួននៃការប្រព្រឹត្តអំពើហិង្សារបស់សមត្ថកិច្ច រួមទាំងការស្លាប់របស់អនុប្រធានភូមិម្នាក់នៅក្នុងមន្ទីរឃុំឃាំងកងរាជអាវុធហត្ថខេត្តកំពង់ធំផងដែរ។
ការស៊ើបអង្កេតមួយទៀតក៏បានធ្វើឡើងនៅក្នុងខេត្តបាត់ដំបង បន្ទាប់ពីក្រុមគ្រួសាររបស់ជនរងគ្រោះមួយដែលបានស្លាប់បានលើកឡើងថា ពួកគេត្រូវបានបង្ខំឱ្យទទួលយកប្រាក់ចូលបុណ្យសពពីសមត្ថកិច្ច។
គួរបញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលជាច្រើនរូបត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ រួមទាំងករណីមន្ត្រីសាលាស្រុកមួយក្នុងខេត្តកណ្ដាល ដែលត្រូវបានចោទប្រកាន់ពីបទរំលោភកុមារីអាយុ១៤ឆ្នាំម្នាក់ផងដែរ។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើអន្តរាគមន៍លើករណីឧកញ៉ាម្នាក់ដែលបានរំលោភបំពានលើអតីតពិធីការិនីទូរទស្សន៍មួយរូប ខណៈលោកក៏បានបញ្ជាក់ជាថ្មីនៅក្នុងឆ្នាំនេះថា លោកនឹងមិនអនុញ្ញាតឱ្យមានករណីទិញ [សូកប៉ាន់] មេធាវីរបស់លោកទៀតទេ។
ទោះជាយ៉ាងណា ករណីរំលោភសេពសន្ថវៈដោយអធិការនគរបាលស្រុកមួយរូប និងអំពើហិង្សាដោយព្រះរាជអាជ្ញារងមួយរូប ត្រូវបានប្រព័ន្ធយុត្តិធម៌ច្រានចោល ខណៈករណីរបស់ចាងហ្វាងកាសែត ខ្មែរថាមស៍ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឱ្យរួចផុតពីបទ «រុកកួនខាងផ្លូវភេទ» ក្នុងសំណុំរឿងទាក់ទងនឹងការចោទប្រកាន់ថា ព្យាយាមលួងលោមអតីតបុគ្គលិកស្រីម្នាក់ដើម្បីសុំរួមភេទផងដែរ។
នៅក្នុងឆ្នាំនេះ គេក៏សង្កេតឃើញមានក្រុមអ្នកផ្តល់ព័ត៌មានដែលបានបញ្ចេញសំឡេងប្រឆាំងនឹងអំពើពុករលួយនៅក្នុងរដ្ឋាភិបាលផងដែរ ប៉ុន្តែពួកគេទាំងនោះបែរជាត្រូវប្រឈមនឹងបញ្ហាផ្លូវច្បាប់ទៅវិញ។
ខណៈដែលតុលាការក្រុងភ្នំពេញបានបន្តការកាត់ទោសទ្រង់ទ្រាយធំលើក្រុមបក្សប្រឆាំង ដែលរួមមានទាំងលោក កឹម សុខា សាលាក្ដីខ្មែរក្រហមក៏បានសម្រេចបិទបញ្ចប់នៃដំណើរសវនាការក្ដី ក្នុងសំណុំរឿងមេដឹកនាំរបបខ្មែរក្រហម ដែលបានចំណាយពេលអស់១៦ឆ្នាំរបស់ខ្លួន។
ជុំវិញករណីទាំងនេះ ប្រទេសកម្ពុជាបានបន្តជាប់ចំណាត់ថ្នាក់ទាបនៅក្នុងសន្ទស្សន៍នីតិរដ្ឋ ឆ្នាំ២០២២ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project (WJP))។ ករណីនេះកើតឡើងក្រោមការចាប់អារម្មណ៍របស់អន្តរជាតិនៅឆ្នាំនេះ ខណៈដែលជនបរទេសត្រូវបានគេជួញដូរ ឃាត់ខ្លួន និងធ្វើទារុណកម្មក្នុងបរិវេណឆបោករបស់កម្ពុជា។
ការបាញ់ប្រហារ ការប្រទះឃើញសាកសពអណ្ដែតនៅលើសមុទ្រ តាមដងផ្លូវ និងទីតាំងផ្សេងទៀត ក៏កើតមានឡើងនៅក្នុងប្រទេស ក្នុងនោះ រាប់បញ្ចូលទាំងការបង្ក្រាបគ្រឿងញៀនដ៏ធំ ដែលក្រុមអ្នកសង្កេតការណ៍បានអះអាងថា ការកើនឡើននៃករណីទាំងនេះ គឺជាលទ្ធផលនៃឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត។
ទាក់ទិននឹងករណីនេះ អន្តរជាតិបានជំរុញឱ្យកម្ពុជាធ្វើសកម្មភាពប្រឆាំងនឹងអាជីវកម្ម ជាមួយនឹងការផាកពិន័យផ្នែកហិរញ្ញវត្ថុ ស្របពេលដែលក្រសួងមហាផ្ទៃក៏ចាប់ផ្តើមទទួលស្គាល់ពីបញ្ហាឆបោកដែលកើតឡើងនៅក្នុងប្រទេសនាចុងឆ្នាំនេះផងដែរ។
ទាសភាពក្នុងឆ្នាំ២០២២
- ចុងឆ្នាំ២០២១
ជនរងគ្រោះទាំងឡាយបានអះអាងថា ជនបរទេសរាប់ពាន់នាក់ត្រូវបានចាប់បង្ខាំងនៅក្នុងបរិវេណឆបោកនានា ដោយបង្ខំឱ្យធ្វើសកម្មភាពបោកប្រាស់មនុស្សជុំវិញពិភពលោក ក្រោមការគំរាមកំហែងនៃអំពើហិង្សាឱ្យធ្លាក់ចូលទៅក្នុងគម្រោងវិនិយោគក្លែងក្លាយ។ ករណីទាំងនេះកើតឡើងដំបូងចេញពីខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ា ទ្រី ភាព នៅខេត្តពោធិ៍សាត់។
- ថ្ងៃទី១៧ ខែកុម្ភៈ
បុរសជនជាតិចិនអាយុជាង៣០ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដោយបានលើកឡើងថា ខ្លួនត្រូវបានគេបូមឈាមជាច្រើនដងដើម្បីលក់សងបំណុលជំពាក់ក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ បន្ទាប់ពីលោកបដិសេធមិនធ្វើការជាអ្នកឆបោកឱ្យពួកគេ។ ករណីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។
- ថ្ងៃទី១៨ ខែកុម្ភៈ
ទីតាំងឆបោកត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងឧកញ៉ា កុក អាន ជាម្ចាស់កាស៊ីណូ និងកូនប្រសារបស់ខ្លួនគឺលោកឧកញ៉ា ឬទ្ធី សំណាង ដែលត្រូវបានស្គាល់ថាជាប្រធានក្លឹបបាល់ទាត់ធំមួយ។
- ថ្ងៃទី២៥ ខែកុម្ភៈ
សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិនមួយរូប លោក Chen Baorong ដែលបានដឹកនាំក្រុមស្ម័គ្រចិត្តជួយសង្គ្រោះកម្មករដែលត្រូវបានចាប់បង្ខាំង ជុំវិញករណី «ទាសករលក់ឈាម» ដោយលើកឡើងថា រូបលោកបានប្រតិដ្ឋព័ត៌មាននេះឡើង។ លោក Chen Baorong នៅពេលនោះ ត្រូវបានចោទប្រកាន់ពីបទញុះញង់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
- ថ្ងៃទី១២ ខែមេសា
សមត្ថកិច្ចថៃបានមកដល់កម្ពុជា ដោយអះអាងថា មានពលរដ្ឋរបស់ខ្លួនជាង ៣ពាន់នាក់ កំពុងត្រូវបានបង្ខាំងក្នុងបរិវេណអាគារនានានៅកម្ពុជា។ ទោះជាយ៉ាងណា មានជនជាតិថៃតែ ៦៦នាក់ប៉ុណ្ណោះដែលត្រូវបានគេជួយសង្គ្រោះនៅក្នុងប្រតិបត្តិការនេះ។
- ថ្ងៃទី២៩ ខែមេសា
អាជ្ញាធរបានឃាត់ខ្លួនអ្នកយកព័ត៌មានវីអូឌីមួយរូបដែលបានចុះទៅឃ្លាំមើល និងថតរូបជនជាតិវៀតណាមជាង ២០០នាក់ ដែលកំពុងត្រូវបានរៀបចំបញ្ជូនចេញដោយសម្ងាត់ចេញពីទីតាំងអាគារជីងកាង ក្នុងខេត្តព្រះសីហនុ។
- ថ្ងៃទី២០ ខែមិថុនា
លោក Lu Xiangri ជាអ្នកស្ម័គ្រចិត្តមួយរូបដែលធ្វើកិច្ចការងារពាក់ព័ន្ធនឹងការជួយសង្គ្រោះជនជាតិចិនដែលត្រូវបានបង្ខំឱ្យបម្រើការក្នុងក្រុមហ៊ុនប្រតិបត្តិការឆបោកនានានៅកម្ពុជា បានលើកឡើងពីផលលំបាករបស់ខ្លួនក្នុងការសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ រាល់ពេលដែលខ្លួនព្យាយាមស្វែងរកដំណោះស្រាយទាក់ទិននឹងករណីទាំងនេះ។
គួរបញ្ជាក់ថា លោក Lu Xiangri គឺជាជនជាតិចិនមួយរូបដែលធ្វើកិច្ចការងារក្នុងការជួយសង្គ្រោះកម្មករបរទេសនានាដែលចង់ចាកចេញពីទីតាំងប្រតិបត្តិអំពើឆបោកខុសច្បាប់នៅកម្ពុជា តាមរយៈការរាយការណ៍អំពីករណីទាំងនេះដល់សមត្ថកិច្ច និងជួយពួកគេទាំងអស់នោះចេញពីទីតាំងខុសច្បាប់ទាំងឡាយក្នុងខេត្តព្រះសីហនុ។
- ថ្ងៃទី១៩ ខែកក្កដា
បណ្ដាញតេឡេក្រាមមួយត្រូវបានរកឃើញថាជា «ឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត» មួយដែលអាចចរចាអំពីការជួញដូរមនុស្ស និងពាណិជ្ជកម្មខុសច្បាប់បាន។ ទីផ្សារងងឹតបែបឌីជីថល និងបើកចំហនេះ ជួយបង្ហាញឱ្យឃើញពីរបៀបដែលឧស្សាហកម្មឆបោកបានចាក់ឫសយ៉ាងជ្រៅ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងទីតាំងផ្សេងៗជុំវិញពិភពលោកផងដែរ។
- ថ្ងៃទី២០ ខែកក្កដា
សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅរបស់ខ្លួន ជុំវិញប្រតិបត្តិការឆបោក និងជួញដូរមនុស្ស ដែលករណីនេះធ្វើឱ្យរដ្ឋាភិបាលប្រឈមនឹងហានិភ័យនៃការបាត់បង់ថវិកា។
ទោះជាយ៉ាងណា អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) លោកស្រី ជូ ប៊ុនអេង បានចាត់ទុករបាយការណ៍របស់រដ្ឋាភិបាលអាមេរិកដែលបានដាក់រាជរដ្ឋាភិបាលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស គឺជារបាយការណ៍ដែលរៀបចំឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងថា អំពើអមនុស្សធម៌ដែលប្រព្រឹត្តនៅក្នុងប្រទេសនេះ គឺជារឿងដ៏គួរឱ្យសោកស្តាយ។
- ថ្ងៃទី២៧ ខែកក្កដា
បន្ទាប់ពីជនរងគ្រោះទាំងឡាយបានស្នើតាមប្រព័ន្ធអនឡាញអស់រយៈពេលជាច្រើនខែ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ឱ្យមានកិច្ចអន្តរាគមន៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតបណ្តាញទូរសព្ទបន្ទាន់ផ្ទាល់ខ្លួនសម្រាប់កម្មករដែលត្រូវបានចាប់បង្ខាំងរាយការណ៍ ដែលករណីនេះនាំឱ្យមានការចាត់វិធានការត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេសទាំងអស់នៅក្នុងប្រទេស។
- ថ្ងៃទី១៩ ខែសីហា
កម្មករជាជនជាតិវៀតណាមជាង៤០នាក់បាននាំគ្នាសម្រុករត់គេចចេញពីកាស៊ីណូមួយកន្លែងក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងលោតចូលក្នុងព្រែកបិនយី (Binh Di) ដើម្បីហែលឆ្លងទៅត្រើយម្ខាងទៀតនៃប្រទេសវៀតណាម ហើយក្នុងនោះមានកម្មករម្នាក់បានលង់ទឹកស្លាប់។
- ថ្ងៃទី៣០ ខែសីហា
ទាសករលក់ឈាមមួយរូបដែលមានឈ្មោះថា Li Ya Yuan Lun ទទួលបានការព្យួរទោស ហើយត្រូវបាននិរទេសភ្លាមៗ ខណៈលោក Chen Baorong និងក្រុមការងារពីរនាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
- ថ្ងៃទី៥ ខែកញ្ញា
រឿងរ៉ាវនៃការឃុំខ្លួន និងការធ្វើទារុណកម្មនៅក្នុងប្រទេសកម្ពុជា ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានក្នុងតំបន់។ ទោះជាយ៉ាងណា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍មួយបានជំទាស់នឹងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលចាត់ទុកកម្ពុជាថាជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជន។
- ថ្ងៃទី១៧ ខែកញ្ញា
ការសម្រុករត់គេចខ្លួនទ្រង់ទ្រាយធំមួយផ្សេងទៀតបានកើតឡើងនៅកាស៊ីណូមួយតាមបណ្ដោយព្រំដែន ដោយក្នុងនោះមានជនជាតិវៀតណាមជាង ៦០នាក់ រត់ចេញពីកាស៊ីណូបាវិត-ម៉ុកបាយ។
- ថ្ងៃទី៣០ ខែកញ្ញា
ក្រសួងមហាផ្ទៃ បានលើកឡើងថា ជនបរទេសជាង១០ម៉ឺននាក់បានចូលមកធ្វើការក្នុងប្រទេសកម្ពុជា ដោយមិនបានបញ្ជាក់ថាពួកគេទាំងអស់នោះជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំង និងការឆបោកតាមប្រព័ន្ធអនឡាញនោះទេ។
- ថ្ងៃទី២៤ ខែតុលា
ក្រុមហ៊ុនប្រតិបត្តិការឆបោកនានាហាក់ដូចជាកំពុងផ្លាស់ប្តូរទីតាំងប្រតិបត្តិការរបស់ពួកគេចេញពីក្រុងព្រះសីហនុ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តឧត្ដរមានជ័យ ប្រទេសមីយ៉ាន់ម៉ា និងឡាវផងដែរ។
- ថ្ងៃទី២៨ ខែតុលា
អាជ្ញាធរតាមដានបណ្តឹងរបស់ពលករបរទេសនៅទូទាំងខេត្តជាង១០ រួមនឹងរាជធានីភ្នំពេញ ។
- ថ្ងៃទី២១ ខែធ្នូ
សាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានសម្រេចបន្ធូរបន្ថយទោសលោក Chen Baorong និងក្រុមការងារពីរនាក់ផ្សេងទៀតរបស់លោក ក្នុងសំណុំរឿង «ទាសករលក់ឈាម» ខណៈពួកគេអាចនឹងត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ ក្នុងពេលឆាប់ៗខាងមុខនេះ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Enslavement, Violent Crimes and Rule by Law: Justice 2022