មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ ដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលនៅថ្ងៃនេះ ក្នុងសំណុំរឿងបរិហារកេរ្តិ៍

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្តីឱ្យលោក សុន ​ឆ័យ បាន​ដាក់​ពាក្យ​បណ្តឹង​សាទុក្ខ​ទៅ​តុលាការកំពូល នៅ​រសៀលថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រឆាំង​នឹង​សាលដី​ការ​បស់​សាលាឧទ្ធរណ៍ ដែលបង្គាប់ឱ្យកូនក្តីរបស់​លោកផ្តល់សំណងជំងឺចិត្ត​​​ទៅ​​ឱ្យ​បក្សកាន់​អំណាច​ដល់​ចំនួន​ ១លាន​​ដុល្លារ​អាមេរិក។

លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក សុន ឆ័យ បាន​ឱ្យដឹង​នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ២០២៣​នេះ​ថា តាម​នីតិ​វិធី​ច្បាប់ លោកបាន​ដាក់​ពាក្យ​បណ្តឹង​សាទុក្ខទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅ​ថ្ងៃ​នេះ ដើម្បីឱ្យ​សាលា​ឧទ្ធរណ៍​​បញ្ជូន​​បណ្តឹង​សាទុក្ខនេះ​ទៅតុលាការ​កំពូលឱ្យ​បាន​ឆាប់។

លោក ជូង ជូងី បន្តថា ដើម​ចម​ដែ​​លនាំឱ្យរូបលោកដាក់ពាក្យប្តឹងសាទុក្ខនេះ ដោយ​សារ​តែ​កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ​​ បាន​តម្កល់​សេចក្ដីសម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ក្នុង​​សំណុំរឿង​ចំនួន​២​ ​របស់​​លោក​ សុន ឆ័យ ​និង​បាន​បង្កើនប្រាក់ពិន័យក្នុង​សំណុំរឿងនីមួយៗ រហូត​ដល់១០​លាន​​រៀល និង​​សំណងជំងឺចិត្តដល់បក្សកាន់អំណាចចំនួន ៤​ពាន់លាន​រៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក។

ករណីនេះ លោក​ ជូង ជូងី ចាត់​ទុក​ការសម្រេចរបស់សាលាទ្ធរណ៍ ថា​ជារឿងអយុត្តិធម៌ ទើបលោកទៅដាក់ពាក្យបណ្តឹងសាទុក្ខទាម​ទារ​ឱ្យ​តុលាការ​កំពូល​ជួយ​រក​យុត្តិធម៌​ជូន​កូន​ក្តី ខណៈ​កូនក្តីរបស់លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការចោទប្រកាន់នោះទេ ។

លោកមានប្រសាសន៍ថា៖ «ចំពោះនីតិវិធីច្បាប់ យើងអត់មានជម្រើស​​ទេ យើង​មាន​តែ​ប្រើសិទ្ធិ និងសមត្ថភាព​តវ៉ា​ទៅ​តា​ម​ផ្លូវច្បាប់។ ហើយ​រឿងនេះ​ជារឿង​នយោបាយ បើ​ថ្ងៃណាមួ​យ មាន​ការសម្របសម្រួលផ្នែកនយោបាយ អ៊ីចឹង​នៅពេលណាមួយដែលមានការសម្របសម្រួលនយោ​បាយ ហើយបើ​​អ្នកនយោបាយសម្របសម្រួលគ្នា វាចប់ហើយ»។

លោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ត្រូវ​បានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និង​គណបក្ស​ប្រជាជនកម្ពុជា​ ប្ដឹង​ពាក់​ព័ន្ធ​នឹង​ករណី​ដែលលោកបានថ្លែងរិះគន់អំពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ដោយថា លទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំងពី​ឆន្ទៈរបស់ពលរដ្ឋ មានការបំភិតបំភ័យ មានការទិញ និងមានការលួចសន្លឹកឆ្នោត។

ទាក់ទិននឹងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលាកន្លងទៅ បាន​​ប្រកាស​សាល​ក្រមឱ្យ​លោក សុន ឆ័យ ​ចាញ់ក្ដីក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ ​ដែលប្ដឹងដោយ គ.ជ.ប. និង​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ដោយបាន​សម្រេចឱ្យរូបលោកផ្ដល់សំណង​​ជំងឺ​ចិត្ត​ដល់គ​ណបក្សកាន់អំណាចមួយនេះ​ចំនួន «៣ពាន់​លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»។ ចៅក្រមជំនុំជម្រះ​ ក៏​បានបង្គាប់ឱ្យ​លោក សុន ឆ័យ បង់ប្រាក់ពិន័យ​​ចំនួន៨លានរៀលចូលថវិការដ្ឋ។ បន្ថែម​​ពីលើនេះ លោកក៏ត្រូវ​បានតុលាការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន៩លានរៀលបន្ថែមទៀត​ចូលថវិការដ្ឋ ក្នុងបណ្ដឹងបរិហារកេរិ៍្តរបស់គ.ជ.ប. ផងដែរ។

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ កាល​ពីខែ​​មុន ក៏បាន​ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវផ្ទះ​២កន្លែង​របស់លោក សុន ឆ័យ នៅ​រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​សៀម​រាប ថែម​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ