លោក ហ្សេលេនស្គី៖ រុស្ស៊ី​គ្រោង​ធ្វើ​យុទ្ធនាការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន ដើម្បី​បំបាក់​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់ប្រជាជនអ៊ុយក្រែន នៅមុនថ្ងៃចូលឆ្នាំសកល ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន នៅក្នុងរូបភាពចែកចាយនេះចេញផ្សាយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។ (សេវាសារព័ត៌មាន/ការចែកចាយរបស់ប្រធានាធិបតីអ៊ុយក្រែនតាមរយៈ REUTERS)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ប្រទេសរុស្ស៊ីបច្ចុប្បន្ន កំពុង​តែ​រៀបចំ​ផែន​ការ​ ដើម្បី​អនុវត្ត​យុទ្ធនាការ​រយៈពេលវែង​មួយ​នៃ​ការវា​យ​ប្រហារ​ជាមួយនឹង​ការប្រើប្រាស់យន្ដហោះដ្រូន (drone) ដែលផលិតដោយអ៊ីរ៉ង់ ដើម្បីបំបាក់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងបន្តថា៖ «យើងទទួល​បាន​ព័ត៌​មាន​ថា រុស្ស៊ីបច្ចុប្បន្នកំពុងតែរៀបចំផែនការ​វាយ​ប្រហារ​បន្ត​បន្ទាប់​ ដោយប្រើប្រាស់យន្ដហោះដ្រូន Shahed»។

លោកថា៖ «ករណីនេះ [យុទ្ធនាការវាយប្រហារដោយយន្ដហោះដ្រូនរបស់រុស្ស៊ី] អាចផ្ដោតសំខាន់លើការបំបាក់អ៊ុយក្រែន ​ប្រជាជន ប្រព័ន្ធ​ការពារ​ផ្លូវអាកាស ក៏ដូចជាវិស័យថាមពល​របស់​យើង»។

ទាក់ទិននឹងករណីនេះ លោកបន្ថែមថា អ៊ុយក្រែនត្រូវតែចាត់វិធានការ និងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីឱ្យពួកភេរវករបរាជ័យក្នុងគោលបំណងរបស់ពួកគេ ដូចអ្វីដែលពួកគេធ្លាប់បានជួបប្រទះរួចមកហើយកាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិត​រហូត​មក​ដល់​ពេល​នេះ បាន​ឈាន​ចូល​មកដល់​ខែទី១០ ហើយ ដែល​បាន​បង្ក​ឱ្យ​ជនស៊ីវិលរាប់ពាន់នាក់​បានស្លាប់​បាត់​បង់​ជីវិត និង​តំបន់​ទីក្រុង​ជាច្រើន​ប្រែក្លាយ​ទៅ​ជាគំនរបាក់បែក ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់​បាន​ចោទ​ប្រទេស​រុស្ស៊ីថា​កំពុងតែ​ព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺ​ជា​ការអនុ​វត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែន​ពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈ​ការចោទប្រកាន់នេះត្រូវ​បាន​បណ្ដាប្រទេស​មួយ​ចំនួន​ចាត់​ទុក​ថា​ជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ