ក្រសួងថាលទ្ធផលបាក់ឌុបឆ្នាំ២០២២ នៅតែដដែល ក្រោយពិនិត្យលើការតវ៉ារបស់បេក្ខជន

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងអប់រំអះអាងថា លទ្ធផលបាក់ឌុបឆ្នាំ២០២២ មិនមានការប្រែប្រួលទេ ក្រោយមន្ត្រីជំនាញពិនិត្យលើកិច្ចការរបស់បេក្ខជនដែលដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ខណៈបញ្ជាក់ជាថ្មីថា ការប្រឡងនេះប្រព្រឹត្តទៅដោយរលូន ហើយគណៈមេប្រយោគ និងគណៈកម្មការនានា បានអនុវត្តភារកិច្ចដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។

ការអះអាងនេះធ្វើឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានស្ដីពី «សុក្រឹតភាព និងភាពទទួលយកបាន នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២» របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣។

ក្រសួងអប់រំ បញ្ជាក់ថា ក្រសួងបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អាណាព្យាបាល និងសាធារណណជន មានការជឿទុកចិត្ត ដើម្បីឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង។

ក្រសួងអប់រំ បញ្ជាក់ថា៖ «ក្រោយពីបានបញ្ចប់ការពិនិត្យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ»។

យ៉ាងណា ក្រសួងថា ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីបានជោគជ័យនាឆ្នាំខាងមុខ។

អាណាព្យាបាល និងបេក្ខជនដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រមាណ៥០នាក់ កាលពីថ្ងៃទី២៣ ខែធ្នូ បានប្រមូលផ្ដុំនៅមុខក្រសួងអប់រំ យុវជន និងកីឡា ដោយស្នើសុំពិនិត្យសំណៅកែលើវិញ្ញាសារប្រឡងរបស់ពួកគេឡើងវិញ ក្រោយពួកគេមិនអស់ចិត្តនឹងលទ្ធផលប្រឡង។

ការស្នើនេះបានធ្វើឡើងក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នៅថ្ងៃទី២២ និងទី២៣ ខែធ្នូ ឆ្នាំ២០២២។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិស្សប្រឡងជាប់ចំនួន៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃចំនួនបេក្ខជនមកប្រឡង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ