របបយោធាមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជាង៧ពាក់នាក់ក្នុងឱកាសទិវាឯករាជ្យជាតិ

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ (REUTERS/Stringer/)

រដ្ឋាភិបាលរបស់របបយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន៧ ០១២នាក់ ក្រោម​ការ​លើកលែង​ទោស ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន ខណៈប្រមុខរបបយោធា​ក៏បាន​ថ្លែង​កោត​សរ​សើរ​ប្រទេស​មួយ​ចំនួន​សម្រាប់ការរក្សាការគាំទ្រសម្រាប់ប្រទេសរបស់លោកផងដែរ។ នេះ​បើតាមការរាយការណ៍ដោយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅថ្ងៃពុធនេះ ដែលត្រូ​វ​បាន​យក​មក​ចុះផ្សា​យ​បន្ត​ដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters

ថ្លែងក្នុងសុន្ទរកថាក្នុង​ឱកាស​អបអរ​សាទ​រ​ខួប​លើកទី​​៧៥ នៃទិ​វា​បុណ្យឯករាជ្យ​ជាតិ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)​ បានឱ្យដឹងថា៖ «ខ្ញុំចង់ធ្វើការថ្លែងអំណរគុណចំពោះប្រទេស អង្គការក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដែលបានចូលរួមសហការដោយវិជ្ជមានជាមួយយើង បើទោះបីជាយើងបាន​រងនូវសម្ពាធ ការរិះគន់ និងការវាយប្រហារនានាយ៉ាងណាក្ដី»។

មេដឹកនាំរូបនេះបន្តថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង ដែលមានដូចជាប្រទេសចិន ឥណ្ឌា ថៃ ឡាវ និងបង់ក្លាដែស។ យើងនឹងធ្វើការរួមគ្នា ដើម្បីស្ថិរភាព និងការអភិវឌ្ឍ​ព្រំដែន»។

ទោះជាយ៉ាងណា យោងតាមទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ការលើកលែងទោសចុងក្រោយនេះ គឺ​នឹងមិន​រាប់​បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីបទឃាតកម្ម ចាប់រំលោភ ឬអ្នកដែលជាប់ពន្ធនាគារពីបទចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងផ្ទុះ សមាគមខុសច្បាប់ អាវុធ គ្រឿងញៀន ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងអំពើពុករលួយនោះទេ ហើយក្នុងនោះក៏​មិនទាន់មានការបញ្ជាក់​ច្បាស់លាស់ថា​តើមានអ្នកទោសនយោបាយ​ណាមួយ​នឹង​ត្រូវ​បាន​ដោះលែង​ក្នុងអំឡុងពេលនេះ ឬ​យ៉ាងណាផងដែរ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់ ​គិត​ចាប់​តាំង​ពី​ក្រុម​យោធាបាន​ដណ្តើម​យកអំណាច​មកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែល​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

ទាក់ទិននឹងករណីនេះ ក្រុម​​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ ក៏បាន​អនុម័ត​​លើ​សេចក្ដីសម្រេច​លើក​ដំបូង​មួយ​​របស់​​ខ្លួន ទាក់​ទង​នឹង​ប្រទេស​មួយនេះ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា និងជំរុ​ញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយទាំងអស់ រួម​ទាំងលោក​ស្រី អ៊ុងសាន ស៊ូជី ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ