រុស្ស៊ីថា ការស្លាប់ទាហានរបស់ខ្លួនក្នុងការវាយប្រហារដោយអ៊ុយក្រែនកើតឡើងដោយសារការប្រើប្រាស់ទូរសព្ទដៃ

ក្រុមការងារជំនាញចុះពិនិត្យកម្ទេចនៃ​អគារ​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ នៅលើទីតាំង​សាលារៀនមួយ​កន្លែង​ ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទៅជាបន្ទាយយោធា នៅក្នុងតំបន់ Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ (REUTERS)

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃពុធនេះថា ទាហាន​ចំនួន៨៩នាក់របស់​ខ្លួន​បាន​ស្លាប់​នៅក្នុង​ការ​វាយ​ប្រហាររបស់អ៊ុយក្រែន នៅទីក្រុង Makiivka ក្នុងទីតាំងដែលគ្រប់គ្រងដោយទ័ពរុស្ស៊ី នៃតំបន់ Donetsk ដោយបន្ថែមថា ហេតុផលចម្បង​នៃការ​វាយ​ប្រហារ​ដោយ​អ៊ុយ​ក្រែន​នេះ គឺកើតឡើងដោយ​សារ​តែកងទ័ពរបស់ខ្លួនបានប្រើទូរសព្ទដៃដោយគ្មានការអនុញ្ញាត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា៖ «ជាការពិត ហេតុ​ផល​ចម្បងសម្រាប់​អ្វី​ដែល​បានកើតឡើង [ការវាយប្រហារចំគោលដៅដោយអ៊ុយក្រែន] គឺការបើកដំណើរការ និងការប្រើប្រាស់ទូរសព្ទដៃយ៉ាងទូលំទូលាយដោយកងទ័ពនៅក្នុងតំបន់ដែលសត្រូវអាចវាយប្រហារបាន ខណៈសកម្មភាពនេះប្រាសចាកពីការហាមឃាត់ទាំងស្រុង »។

ប្រភពដដែលបន្តថា៖ «តាមរយៈសកម្មភាពខាងលើនេះ [ការប្រើប្រាស់ទូរសព្ទដៃ] វាបានអនុញ្ញាតឱ្យសត្រូវអាចធ្វើការតាមដាន និងកំណត់ទីតាំងរបស់ទាហានសម្រាប់ការវាយប្រហារដោយមីស៊ីលបាន»។

គួរបញ្ជាក់ថា ការវាយប្រហារមួយនេះក៏បានកើតឡើងភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃចូលឆ្នាំសកល នៅលើទីតាំង​សាលារៀនមួយ​កន្លែង​ ដែលបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរទៅជាបន្ទាយយោធា នៅក្នុងតំបន់ Makiivka ខណៈករណីនេះក៏បានបង្កឱ្យមានជាការខឹងសម្បាក្នុងចំណោមពលរដ្ឋ និងសមាជិកសភារុស្ស៊ីមួយចំនួន ទាក់ទងនឹងយុទ្ធសាស្ត្រយោធាដែលបានប្រើនៅទីនោះផងដែរ។

ក្រសួង​ការពារជាតិរុស្ស៊ីបានបន្ថែមថា សម្រាប់ការវាយប្រហារនេះ គឺអ៊ុយក្រែនបានប្រើប្រាស់គ្រាប់រ៉ុក្កែតចំនួន​៤ ដែលជាប្រភេទរ៉ុក្កែតចល័ត ហាយម៉ាស (HIMARS) ផលិតដោយសហរដ្ឋអាមេរិក ដែលបានបណ្ដាលធ្វើឱ្យពិដានអគារដួលរលំ។

ទាក់ទិននឹងករណីនេះ ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គណៈកម្មការមួយក៏កំពុងតែធ្វើការស៊ើបអង្កេត ដើម្បីឈ្វេងយល់ឱ្យកាន់តែច្បាស់ពីស្ថានភាពនៃការវាយប្រហារនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ