ក្រសួង​គ្រោង​រៀបចំ​ឃុំកសិកម្មគំរូ​ចំនួន​១០ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់នៃផលិតកម្មស្រូវនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាកល្បងរៀបចំ​ឃុំចំនួន​១០ នៅតាម​បណ្ដាខេ​ត្ត​មួយចំនួន​ឱ្យ​ក្លាយ​ទៅ​ជា​ឃុំ ​កសិកម្ម​​គំរូ​នៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រជាកសិករ និង​លើកស្ទួយវិស័យកសិកម្មឱ្យមាន​ការ​រីក​ចម្រើន។

រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម ដែលទើបតែងតាំង​ថ្មី លោក​ យ៉ង សាំងកុមារ បាន​ឱ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ​ថា ដើមចមដែលនាំឱ្យក្រសួង​គ្រោង​សាក​ល្បង​រៀប​ចំ «​ឃុំកសិកម្ម​គំរូ» ចំនួន១០ នៅតាមបណ្តាខេត្តមួយចំនួននោះ​​ ដោយ​​សារ​តែ​​វិស័យ​កសិ​កម្មជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ជួយ​ដល់​ប្រជា​កសិករ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។

លោកមានប្រសាសន៍ថា៖ «នៅពេលដែលយើងមានមន្ត្រីកសិកម្មម្នាក់ប្រចាំការ ជួយកសិករនៅក្នុងឃុំនីមួយៗហ្នឹង វានឹង​ជួយ​ឱ្យ​មាន​​ការ​ផ្លាស់​ប្តូរ ជួយ​ឱ្យមា​ន​ការ​រីក​ចម្រើន ហើយវាធ្វើឱ្យមានការរីកចម្រើនល្អ យើងអាចពង្រីកទៅភូមិឃុំទូទាំងប្រទេសទៅថ្ងៃខាងមុខ។ វាអាស្រ័យទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលទៅថ្ងៃខាងមុខ តែវិធានការដំបូង គឺសម្តេចនាយករដ្ឋមន្ត្រី សុំសាក​ល្បងចំនួន​១០​ឃុំ​សិន ដើម្បី​ជួយ​ការ​ងារ​ហ្នឹង»។

យ៉ាងណា លោកនៅពុំទាន់អាចបញ្ជាក់ថាតើ​ឃុំទាំង​១០ ដែល​គ្រោង​រៀបចំឡើងជាផ្លូវការនោះថាមានឃុំណាខ្លះនៅឡើយ​​ ខណៈក្រុម​ការ​ងារ​ជំនាញ​កំពុង​សិក្សា​ទីតាំង និង​ជ្រើស​រើស​មន្ត្រី​ជាប់​កិច្ចសន្យាចំនួន១០នាក់ឱ្យ​ជួយសម្របសម្រួលប្រជាកសិករនៅក្នុងឃុំគំរូទាំងនោះ​ ដើម្បីរួមគ្នាធ្វើការអភិវឌ្ឍវិស័យកសិកម្មនេះ។ ចំណែក​ប្រជាកសិករដែលចូលរួមជាមួយឃុំគំរូ លោកថា ក្រសួង​មិន​កំណត់​លក្ខខណ្ឌនោះទេ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត។

បើតាមលោក យ៉ង សាំងកុមារ ឃុំកសិកម្ម​គំរូដែលនឹង​ត្រូវរៀបចំឡើងក្នុងរយៈពេល​៣ខែខាងមុខ​នេះ​ នឹង​ផ្តោតលើ​​កា​រ​​ដាំស្រូវ ស្វាយ​​ចន្ទី និង​ដំឡូង ​ជាដើម។

ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិក​រ​កម្ពុជា លោក ថេង សាវឿន សាទរចំពោះគម្រោង​បង្កើត​ឃុំកសិកម្ម​គំរូរបស់​ក្រសួង​កសិកម្ម ប៉ុន្តែលោកថា ចំនួន​នេះ​នៅ​​មិនទាន់​គ្រប់តាមតម្រូវការក្នុងការជួយស្តារវិស័យកសិកម្មនៅកម្ពុជានៅឡើយ ខណៈប្រជាពលរដ្ឋ​ប្រមាណជា​ ៨០% ប្រកប​មុខ​របរ​កសិកម្ម។ យ៉ាងណា លោកថា ដើម្បីជួយ​ស្តារវិស័យ​កសិកម្ម រដ្ឋាភិបាលត្រូវ​សហការជាមួយដៃគូពាក់ព័ន្ធ រួម​មាន អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការ​​ដោះស្រាយ​បញ្ហាប្រឈម​នានា​ដែល​កសិករ​ជួប​ប្រទះ ។

លោកមានប្រសាសន៍ថា៖ «ក្រសួងអាចពង្រាយធនធាន ថវិកា ហើយបើកឱកាសឱ្យស្ថាប័នអង្គការសង្គមស៊ីវិល ដៃគូវិស័យឯកជន ធ្វើការវិនិយោគទៅលើឃុំផ្សេងៗទៀត ក្រៅពីឃុំទាំង១០ហ្នឹង ពីព្រោះធនធានថវិការដ្ឋអាចនឹងឆ្លើយតប ឬក៏អាចនឹងដោះស្រាយនូវបញ្ហាទាំងអស់ហ្នឹង។ ហើយអ៊ីចឹង​វិធីសាស្ត្រដែលល្អក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ​ គួរតែត្រូវបានបើកឱកាស និងសហការជាមួយអង្គការសង្គមស៊ីវិល រួមជា​មួយ​វិស័យ​ឯកជនផ្សេងទៀត ធ្វើការដោះស្រាយទៅលើរឿងទាំងអស់ហ្នឹង ដើម្បី​ធានា​នូវដំណោះ​ស្រាយ​មួយ​នេះដែលមានភាពល្អប្រសើរ និងសមស្រប»។

លោក ថេង សាវឿន ក៏បានជំរុញដល់ក្រសួង​ជ្រើសរើសមន្ត្រីជំនាញ ប្រកបដោយតម្លាភាព មិន​ប្រកាន់បក្ខពួក និង​ជាអ្នកដែល​មាន​សមត្ថភាព ដើម្បីជួយសម្របសម្រួល​ដល់​ប្រជាកសិករនៅក្នុងឃុំគំរូទាំង១០នោះ ឱ្យ​ការងារនេះ​ទទួល​បានលទ្ធផលជាវិជ្ជមាន។​

ក្នុងកិច្ចសំណេះសំណាលជាមួយអ្នក​​​សារព័ត៌​មាន ស្តី​ពី «វិស័យកសិកម្មនៅកម្ពុជា» កាលពីថ្ងៃទី៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែង​ថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ ឱ្យជួយដោះស្រាយបញ្ហាស្រូវអង្ករ ដើម្បីឱ្យតម្លៃស្រូវនៅថេរ ប៉ុន្តែករណី​នេះអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវចូលទៅក្នុងរោងម៉ាស៊ីន​​កិនស្រូវ ដែលត្រូវរៀបចំឱ្យមានការ​​សហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឱ្យមានការប្រមូលផលជាវគ្គ ដើម្បី​កុំ​ឱ្យ​មាន​ការ​ជាន់​​គ្នា​ក្នុង​​ពេល​តែ​មួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ