តើស្មារតី ៧មករា ជួយឱ្យកម្ពុជាមានឯកភាពជាតិឬទេ?

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ស្វាគមន៍​មន្ត្រី និង​សមាជិក​បក្ស​ប្រជាជន ក្នុង​ថ្ងៃខួប​លើក​ទី៤១ឆ្នាំ នៃ​ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩ – ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

អ្នកជំនាញផ្នែកគោលនយោបាយ យល់ឃើញថា ស្មារតីនៃថ្ងៃ៧មករានេះ វាហាក់មិនទាន់បានជួយ​​ឱ្យ​​កម្ពុជាមានការឯកភាពផ្ទៃក្នុង និងផ្សះផ្សាជាតិ ដូចដែលរដ្ឋាភិបាលធ្លាប់បញ្ជាក់​​ជំហរជាញឹក​​ញា​​ប់​​ពីគុណបំណាច់នៃជ័យជម្នះរបស់ខ្លួនលើរបបខ្មែរក្រហម ហើយនាំឱ្យមានសុខសន្តិភាព និងលទ្ធិ​​ប្រ​​ជា​​ធិប​​​​តេយ្យ​​ពិតប្រាកដនៅឡើយទេ។

ការរិះគន់នេះ ស្របពេលដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងប្រារព្វខួប​​លើ​ក​​​​​ទី៤៤ឆ្នាំ នៃការទទួលបានជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២​​០​​២​​៣ ស្អែកនេះ។

សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា ឯកភាពចំពោះទ្រឹស្តី​​នយោ​​បា​​យ​​​ដែ​​ល​​​លើកឡើងពីការរំដោះពលរដ្ឋកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតដោយសារថ្ងៃ៧មករានេះ​​។ ប៉ុន្តែ​​ទន្ទឹ​ម​​​នឹងនេះ ស្មារតីនៃថ្ងៃ៧មករានេះ លោកយល់ឃើញថា គឺហាក់មិនបានជួយឱ្យកម្ពុជាមាន​​ការ​ឯក​​ភាពជាតិទេ ចាប់​​តាំង​​ពី​​មាន​​ព្រឹត្តិការណ៍ចាប់ខ្លួន​អតីតមន្រ្តីនយោ​​បាយជាន់ខ្ពស់នៅ​​ក្នុងរបប​​សា​​​ធា​​រណរដ្ឋប្រជា​​មា​​និតកម្ពុជា មានលោក ប៉ែន សុវណ្ណ ជាដើម។ លោកបន្តថា ក្រៅពីនេះ ​​នៅមាន​​បញ្ហា​​ចម្រូងចម្រាសដទៃទៀតដែលមិនអាចជំរុញឱ្យកម្ពុជាមានស្ថិរភាពនយោបាយបាន ដូចជា ​​ប​​ញ្ហា​​​​ទឹក​​ដីជាមួយប្រទេសជិតខាង និងការបំបែកកម្លាំងនយោបាយរបស់គណបក្ស​​នយោបាយ​​នៅ​​ក្រៅរដ្ឋាភិបាលឱ្យទៅជាចម្រៀកតូចៗថែមទៀតនោះ។

លោកបន្តថា៖ «សមិទ្ធផលដែលកសាងតាមស្នាដៃថ្ងៃ៧មករា យើងឃើញវាមានផលប៉ះពាល់ទៅ​​ល់​​​​បូរណភាពទឹកដីកម្ពុជាមួយចំនួនដែរ។ ក៏ប៉ុន្តែយើងត្រូវបានលុបចោល ឬត្រូវបានជួយសង្រ្គោះ​​ដោយ​​កិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងក៏បានចុះម្តងទៀតនៅឆ្នាំ២០០៥ តែអាហ្នឹង​​ជា​​រឿ​​​​​ក្រោ​​យមកទេ។ យើងនិយាយជារួម ស្មារតីហ្នឹងវាមិនអាចឈរលើគោលការណ៍ ឬក៏លក្ខណៈម្ប​​ត្តិ​​​ ដើម្បី​​ឈានទៅរកការផ្សះផ្សាជាតិបានទេ »។

ប្រហាក់ប្រហែលគ្នានេះដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត ចាត់ទុកថ្ងៃ៧​​មករា​​នេះ ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីបរទេស ហើយក៏ជាការប៉ុនប៉ងដើម្បីគ្រប់​​គ្រង​​កម្ពុជា​​ជាថ្មីទៀត ដែលមិនដូចជាការអះអាងដោយរដ្ឋាភិបាលថា ថ្ងៃ៧មករានេះនឹងនាំឱ្យកម្ពុជា​​មាន​​ឯក​​ភាពផ្ទៃក្នុងជាតិនោះទេ។

លោកបន្តថា៖ «ប្រសិនបើជាយើងមើលទៅ វាពិតនៅក្នុងគណបក្សកាន់អំណាច។ ក៏ប៉ុន្តែប្រសិនបើយើងឆ្លុះបញ្ចាំង​​ពីទិដ្ឋភាពរួម យើងឃើញថា ជ័យជម្នះ ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហ្នឹង គឺជាជ័យជម្នះមួយ​​ដែល​​​​មានការគាំទ្រ និងលូកដៃពីបរទេសចូលមក​​ក្នុងប្រទេសកម្ពុជា។ ដូច្នេះ​​ហើយយើងគិតថា វាជា​​គ្រោះ​​ថ្នាក់ទៅវិញទេ នៅពេលដែលកម្ពុជាទទួលរងនូវឥទ្ធិពល ឬក៏ស្ថិតនៅក្រោម​​គំនាបនៃកា​​រដឹក​​នាំរបស់បរទេស ដែលគាត់ព្យាយាមលុកលុយ និងដណ្តើមផលប្រយោជន៍ ​​ក៏ដូចជាចង់លេប​​ទឹកដី​​រប​​ស់ប្រទេសរបស់យើង»។

បើទោះជាបែបណា ប្រទេសកម្ពុជា បានចាត់ទុកថ្ងៃ៧មករា ឆ្នាំ១៩៧៩នេះ គឺជាផ្នែក​​មួយ​​ដែល​​ជួ​​យ​​​​ឱ្យពលរដ្ឋកម្ពុជាបានរួចផុតពីការកាប់សម្លាប់ដោយរបបវាលពិឃាតខ្មែរក្រហម។ គិតពីថ្ងៃរំដោះ ៧​​​​​​មករា ឆ្នាំ១៩៧៩ មកដល់ពេលនេះ ព្រឹត្តិការណ៍មួយនេះមានអាយុកាល៤៤ឆ្នាំហើយ។ ក្រៅពីនេះ គណបក្សកាន់អំណាច ដែលតែងប្រារព្វរំលឹកខួបរាល់ឆ្នាំ នៃថ្ងៃជ័យជម្នះនេះ បានចាត់​​ទុក​​ថ្ងៃ​​រំដោះ​​នេះ ​​​​គឺ​​ជាថ្ងៃកំណើតទី២របស់ពលរដ្ឋកម្ពុជាផង។

បន្ថែមពីលើនេះ ដើម្បីបំបិទមាត់អ្នកមិនទទួលស្គាល់ថាមានរបបវាលពិឃាតនេះ កាលពី​​ឆ្នាំ២​​០​​១​​៣ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបង្កើតច្បាប់មួយភ្លាម ស្តីពីការ​​ប្រ​​ឆាំ​​ងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត​​ឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រធិ​បតេយ្យ។ ច្បាប់​​ដែ​​​​​​​​ល​​អនុម័តទាំងប្រញាប់ប្រញាល់ និងមានតែ៥មាត្រានេះ ត្រូវគេសង្កេតឃើញថា តាក់តែង​​ឡើ​ង​​ក្នុ​​ង​​​​​ទិសដៅដើម្បីបំបាក់ដៃគូនយោបាយរបស់ខ្លួន គឺលោក កឹម សុខា កាលណោះ។

ចំណែកលោក គឹម សុខ ជាអ្នកវិភាគនយោបាយ បានលើកឡើងនៅក្នុង​​សេចក្តីថ្លែងការណ៍​​របស់​​ខ្លួន មុន២ថ្ងៃ នៃថ្ងៃ៧មករា ហើយ​បានហៅព្រឹត្តិការណ៍នៃថ្ងៃរំដោះឆ្នាំ១៩៧៩នោះថា ជាសមិទ្ធផល​​នៃ​​កា​​​​រ​​ឈ្លា​​ន​​​ពានរបស់វៀតណាមមក​លើកម្ពុជា។ តាមរយៈសេចក្តីថ្លែងការណ៍របស់វេទិកាពលរដ្ឋនេះ​​​​​​ដែ​រ លោ​​​​​​ក គឹម សុខ បញ្ជាក់ថា ស្មារតីថ្ងៃ៧មករានេះ មិនបានជួយឱ្យកម្ពុជាចំណេញ​​ទាំងផ្នែ​​ក​​​​សេ​ដ្ឋ​​​​កិច្ច និងនយោបាយទេ ផ្ទុយទៅវិញ បានប​ន្សល់ទុកនូវការឈឺចាប់​​សម្រាប់ពលរដ្ឋរាប់​​មិន​​អស់ និង​​ធ្វើឱ្យ​​កម្ពុជាត្រូវខាតបង់ទាំងដែនទឹក និងដែនគោក ទៅ​​ប្រទេសជិតខាងកម្ពុជា​​ជាបន្ត​​បន្ទា​​ប់​​។

សម្រាប់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឯកភាពថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩នេះ​​ ពល​​រដ្ឋ​​​​​កម្ពុជាពិត​​ជា​​ត្រូវបានស្រោចស្រង់ឱ្យរួចផុតពីការកាប់សម្លាប់ដោយរបបកម្ពុជាប្រជាធិបតេយ្យ ពិត​​ប្រាកដមែន។ ក៏ប៉ុន្តែអ្នកនយោបាយចាស់វស្សារូបនេះមិនយល់ស្របទេថា ការឯកភា​​ពផ្ទៃក្នុង​​ជា​​តិ និងស្រុះស្រួលខាងនយោបាយ ត្រឹមពឹងផ្អែកតែទៅលើស្មារតីនៃថ្ងៃ៧មករានោះ។ បើតាមលោក សុន ឆ័យ ចំណុចដែលសំខាន់ គឺភាគីនីមួយៗត្រូវមានភាពចាស់ទុំខាងនយោបាយ ទើបជា​​ជ​​ម្រើ​​ស​​មួយដ៏ពិតប្រាកដ ដែលអាចជួយឱ្យកម្ពុជាមានសុខសន្តិភាពទៅបាន។

លោកបន្តថា៖ «ខ្ញុំយល់ថា ការឯកភាព ឬមិនឯកភាព វាមិនអាស្រ័យទៅលើថ្ងៃ៧មករាទេ។ វា​​អាស្រ័​​​​​​លើឆន្ទៈរបស់អ្នកនយោបាយ ចេះធ្វើការដោយមានទំនាក់ទំនងល្អជាមួយគ្នា »។

យ៉ាងនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថា ថ្ងៃរំដោះ ៧​​មករា ឆ្នាំ១៩៧៩ នេះ គឺមិនមានចំណែកណាមួយទាល់តែសោះរបស់គណបក្សប្រឆាំង។ លោកបន្តថា វា​​ជាសច្ចភាពដែលពលរដ្ឋកម្ពុជារស់រានមានជីវិតឡើងវិញ នៅពេលរបបខ្មែរក្រហមត្រូវផ្តួល​​រំលំ​​ដោ​​យ​​កងទ័ពរំដោះកម្ពុជា និងមានកិច្ចសហប្រតិបត្តិការដោយយោធាវៀតណាមជាជំនួយ។

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ឯកភាពថា ស្មារតីនៃថ្ងៃ៧មករានេះ វាពិតជា​​មិន​​មា​ន​​​ជាប់ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសកម្ពុជាមែន មូលហេតុ​​សំ​​ខាន់​​ដោយសារបក្សប្រឆាំងជាបក្សនយោបាយធ្វើហួសពីក្របខណ្ឌច្បាប់ ដែលបក្សកាន់អំណាច​​មិន​អាចធ្វើការជាមួយគ្នាបាន។

លោកបន្តថា៖ «ថ្ងៃ៧មករា អត់មានពាក់ព័ន្ធនឹងគណបក្សប្រឆាំងទេ ពីព្រោះថ្ងៃ៧មករាកើតមុនបក្សប្រឆាំងជាង១០ឆ្នាំ។ យើងដឹងហើយ បក្សប្រឆាំងនៅក្នុងឆ្នាំ១៩៩៥ ឯថ្ងៃ៧មករា ៧៩កើត​​មុនជាង​​១០ឆ្នាំ។ ដូច្នេះ យើងមិនអាចចាត់ទុកជាមួយបក្សប្រឆាំងទេ។ ចំពោះសំណួរដែលថាមិនអាចបង្រួបបង្រួមបាននេះ ដោយសារបក្សប្រឆាំងដើរនយោបាយជ្រុលនិយម ធ្វើឱ្យគណបក្សប្រជាជន​​កម្ពុជា​​មិន​​​អាចនឹង​​សម្របសម្រួលជាមួយក្រុមជ្រុលនិយមនេះបាន»។

របបកម្ពុជាប្រជាធិបតេយ្យ បានឡើងកាន់អំណាចនៅកម្ពុជាក្រោយបានផ្តួលរំលំ​​របបសា​​ធារ​ណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ គ្រប់គ្រងប្រទេសបាន ៣ឆ្នាំ ៨​​ខែ និង២០ថ្ងៃនេះ ដោយគ្មានការគាំទ្រពីពលរដ្ឋផង របបនេះត្រូវដួលរលំទៅវិញនៅថ្ងៃ ៧​​ម​ក​​រា ឆ្នាំ១៩៧៩ នៅពេលដែលកម្លាំងវាយលុករួមគ្នារវាងកងរំដោះរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដែ​ល​​មាន​​កងទ័ព២ម៉ឺននាក់ និងកងទ័ពវៀតណាម ១០ម៉ឺននាក់ បានបង្ខំឱ្យរបបកម្ពុជាប្រជាធិបតេយ្យត្រូវ​​ដួល​រលំជាស្ថាពរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ