លោក ហ៊ុន សែន លុបចោល ស.ជ.ណ ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនមួយដែលត្រូវបានចោទថាក្លែងឯកសារយកដីអ្នកដទៃ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោល ស.ជ.ណ របស់ខ្លួនដែលចេញនៅដើមខែមករានេះ ពាក់ព័ន្ធករណីអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង និងបក្ខពួក ដែលត្រូវបានគេចោទថាប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ស្ថិតនៅ​ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែមករា ថាដើមចមដែលនាំឱ្យលោក​លុបចោល ស.ជ.ណ នេះវិញ ​ដោយសារតែនៅថ្ងៃពុធនេះ មានការផ្សាយយ៉ាងព្រោងព្រាតនូវ ស.ជ.ណ ទាក់ទងជាមួយលោកស្រី សៀង ចាន់ហេង តាមសំណើរបស់លោក ស ខេង និងការសម្រេចរបស់លោកកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

ករណីនេះ លោក ហ៊ុន សែន បញ្ជាក់ថា ដើម្បីបញ្ចប់​ភាពមិនច្បាស់លាស់ លោកបានផ្តល់មតិ និងយោបល់ម្រេចលុបចោល ស.ជ.ណ លេខ១៨មយ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ចាប់ពីពេលនេះទៅតែម្តង។ ​

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយ ដោយបានបញ្ជាក់ជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអភិបាលខេត្តកណ្តាល ថាស្ថាប័ននេះបានប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគរបោលខេត្តកណ្តាល នាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួក បញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ និងផ្តន្ទាទោសដោយមិនលើកលែង ដោយសារតែបុគ្គលរូបនេះ និងគូកន បានប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

លិខិតដដែលបញ្ជាក់ថា  រាជរដ្ឋាភិបាលយល់ព្រមអនុញ្ញាតឱ្យរដ្ឋបាលខេត្តកណ្តាល ប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ដែលមានឈ្មោះ ហ៊ុន ប៊ុនធឿន នឹងឈ្មោះ ហៀវ លន់ ជាម្ចាស់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ និងចាត់ចែងប្រគល់ដីពាក់ព័ន្ធក្នុងគម្រោងផែនការសាងសង់ព្រលានយន្តហោះថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីទទួលប្រាក់គោលនយោបាយ និងបិទបញ្ចប់ការសើរើករណីនេះផងដែរ។

វីអូឌី មិនអាចរកការឆ្លើយតបពីអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង បានទេនៅថ្ងៃទី១១ ខែមករា។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា បង្ហាញការងឿងឆ្ងល់ចំពោះការលុបចោល ស.ជ.ណ ជុំវិញរឿងពាក់ព័ន្ធអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍  និងបក្ខពួក ដែលត្រូវបានគេចោទថាប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ​ខណៈ ស.ជ.ណ នោះចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី ទំនងជារកឃើញថា ជននោះពិតជាបានប្រព្រឹត្តអំពើល្មើសខុសច្បាប់​មែន។

យ៉ាងណា លោកបន្តថា បើសិនជាលោកស្រី សៀង ចាន់ហេង និងបក្ខពួក ពិតជាបានប្រព្រឹត្តខុសច្បាប់មែន អាជ្ញាធរពាក់ព័ន្ធត្រូវអនុវត្តតាមវិធានការច្បាប់ បើពុំដូច្នោះទេ នឹងមានការរិះគន់ពីមហាជនជាក់ជាមិនខាន។

លោកមានប្រសាសន៍ថា«បើសិនជាមានបទល្មើសពាក់ព័ន្ធនឹងករណីក្លែងឯកសារទៅលើការកាន់កាប់អចលនទ្រព្យទាំងអស់នេះ ខ្ញុំគិតថា គួរតែមានការបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់។ ហើយបើសិនករណីហ្នឹងពិតជាបានប្រព្រឹត្តដូចដែលមានការលើកឡើង មិនគួរបានការយោគយល់ឡើយ មិនថាអ្នកនោះមានឋានៈក្នុងកម្រិតណាក៏ដោយ ពីព្រោះច្បាប់មានចែងច្បាស់ណាស់ មិនអាចពីណានៅពីលើបានទេ ច្បាប់គឺជាច្បាប់។ អ៊ីចឹងយើងចង់ឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងមានការរិះគន់ពីសាធារណជនថា អ្នកដែលមានឥទ្ធិពល មានប្រាក់ មានទ្រព្យ អាចគេចផុតពីសំណាញ់ច្បាប់»។

កាលពីខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយដោយកាត់ដីរដ្ឋទំហំ២ ៦០០ហិកតា ដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយ ដែលលាតសន្ធឹងលើឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

គម្រោងនេះត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) ដែលត្រូវចំណាយទឹកប្រាក់ជាងមួយពាន់លានដុល្លារ (១ ៥០០លានដុល្លារ) ហើយត្រូវបានព្យាករថានឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ