លោក ហ៊ុន សែន ថាដល់ពេលរដ្ឋត្រូវយកផ្ទះនិងដីរបស់លោក គង់ គាំ មកវិញ

លោក ហ៊ុន សែន និងលោក គង់ គាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលត្រូវយកផ្ទះនិងដីរបស់លោក គង់ គាំ បច្ចុប្បន្នមកវិញ ដ្បិតទ្រព្យសម្បត្តិទាំងនោះជាកម្មសិទ្ធិរបស់ក្រសួងការបរទេសពីមុនមក។

ការប្រកាសនេះធ្វើឡើង៣ថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោក ហ៊ុន សែន បានព្រមានទៅកាន់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ ឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការរិះគន់គណបក្សកាន់អំណាចបន្តទៀត ដោយថានឹងចាត់វិធានការច្បាប់ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិរបស់លោក គង់ គាំ ទៀតផង ប្រសិនបើសកម្មភាពរិះគន់របស់លោកមិនត្រូវបានបញ្ចប់។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា លោកបានទទួលព័ត៌មាននៃលិខិតរបស់លោក គង់ គាំ បំភ្លឺអំពីដំណើររឿងទាក់ទងនឹងដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។

នាយករដ្ឋមន្ត្រីទទួលស្គាល់ថា អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើនជាការពិត ពិសេសត្រង់ចំណុចចុងក្រោយក្នុងលិខិត ដែលលោកបញ្ជាក់យ៉ាងច្បាស់ថា នៅ​ពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ លោក គង់ គាំ ពិតជាបានជូនព័ត៌មានទៅលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។

លោក ហ៊ុន សែន បន្តថា លោកពិតជាមានការយោគយល់ចំពោះស្នាក់នៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែ លោកពុំដែលបានសម្រេចប្រគល់ផ្ទះ និងដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះនៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ លោក ហ៊ុន សែន បន្តថាដូច្នេះ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើបណ្ណកម្មសិទ្ធិលើដីនោះ គឺជាក្លែងបន្លំយកដី និងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។

លោក ហ៊ុន សែន បន្តថា៖ «ខ្លឹមសារដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតបំភ្លឺរបស់ខ្លួន ផ្ញើទៅហ្រ្វេសញ៉ូ ដើម្បីផ្សព្វផ្សាយ គឺជាភស្តុតាងមិនអាចប្រកែកបាន ដែលលោក គង់ គាំ បានទទួលស្គាល់ចំពោះរឿងនេះ។ ដូច្នេះ តាមផ្លូវច្បាប់ ផ្ទះនិងដីនេះនៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះនិងដីនេះត្រលប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ»។

ក្នុងលិខិតបំភ្លឺមួយដែលលោក គង់ គាំ ផ្ញើទៅសារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣​ ​ពាក់ព័ន្ធរឿងផ្ទះមួយកន្លែងរបស់លោក ស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

​លិខិតបំភ្លឺនោះសរសេររៀបរាប់ថា ​មុនលោកចូលស្នាក់នៅក្នុងផ្ទះ និងទទួលបានការយោគយល់ពីរដ្ឋមន្រ្តីការបរទេសពេលនោះរហូតមក។

លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្ស​ភ្លើង​ទៀន ធ្លាប់​បាន​ថ្លែង​សារ​នយោបាយ​រិះ​គន់​គ​ណ​បក្ស​កាន់អំណាច ពាក់ព័ន្ធនឹង​ប្រភព «​ថ្ងៃ​៧​មករា និងឫសគល់គណបក្សប្រជាជនកម្ពុជា» អំឡុងចុះជួបសកម្មជន​គណបក្សភ្លើងទៀ​ន ​​នៅ​​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ រួម​ទាំង​ខេត្ត​ត្បូង​ឃ្មុំ ផងដែរ។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣​​ ពីខេត្តត្បូងឃ្មុំ លោក គង់ គាំ បាននិយាយថា កាលពីលោកនៅជាមួយគណបក្សប្រជាជនកម្ពុជា គេបានផ្ដល់ដំបូន្មាន​លោក​ថា «ពេលផឹកទឹក ឱ្យនឹកប្រភព ពេលជ្រកម្លប់ ឱ្យនឹកអ្នកដាំ»។ ប៉ុន្តែ​លោក​ថា ប្រភពថ្ងៃ៧មករានោះ មិនមែនខ្មែរជាអ្នកដាំទេ។

ក្រោយការថ្លែងរបស់លោក គង់ គាំ នេះ និងក្រោយមានសារព្រមានពីលោក ហ៊ុន សែន ផងនោះ កាលពីថ្ងៃទី១០ ខែមករា តំណាងគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានប្ដឹងលោក គង់ គាំ ទៅសាលាដំបូងខេត្តនេះតែម្តង។

ក្នុងពាក្យបណ្ដឹងរបស់តំណាងគណបក្សកាន់អំណាចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការប្តឹងមន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀននេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ និង​ទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមហេតុផលថា សម្ដីរបស់លោក គង់ គាំ កាលពីពេលថ្មីៗនេះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ