អង្គភាព​យោធា​ឯកជន​រុស្ស៊ី​អះអាង​ពី​ការវាយយក​បាន​ទីក្រុង Soledar របស់​អ៊ុយក្រែន

ផ្សែងហុយចេញពីការវាយប្រហារលើទីក្រុង Soledar ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ (REUTERS/Clodagh Kilcoyne)

អ្នកគ្រប់គ្រងក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ី Wagner Group បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា កងកម្លាំងរបស់ខ្លួន បានសម្រេចបាននូវការរំដោះទាំងស្រុងនៃទីក្រុងរ៉ែ Soledar ភាគ​ខាងកើត​អ៊ុយក្រែន ដោយ​ក្នុងនោះ ពួកគេក៏បានសម្លាប់ទាហានអ៊ុយក្រែនប្រមាណជា៥០០នាក់ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០២៣។

ទោះជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានច្រានចោលការលើកឡើងដោយក្រុម​នេះ ដោយលោកថា ការប្រយុទ្ធគ្នានៅតែបន្តធ្វើឡើងនៅឡើយ។

យោងតាមលោក Yevgeny Prigozhin ជាអ្នកគ្រប់គ្រង់អង្គភាពយោធា​ឯកជន Wagner Group បានធ្វើការបញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅថា កងកម្លាំងរបស់លោកបានគ្រប់គ្រងក្នុងតំបន់ Soledar បើទោះ​បី​ជាកា​រ​ប្រយុទ្ធ​នៅ​តែបន្តកើតមាននៅក្នុងកណ្តាលទីក្រុងក៏ដោយ។

ទោះជាយ៉ាងណា អ្នកគ្រប់គ្រងអង្គភាពយោធា​នេះ នៅ​ថ្ងៃ​ពុធម្សិលមិញ ​មិន​បាន​លើកឡើង​អំពី​ការ​ប៉ះ​ទង្គិច​គ្នា​ជា​បន្ត​ទៀតនៅក្នុងទីក្រុងរបស់អ៊ុយក្រែន​មួយ​នេះ​នោះ​​ទេ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ លោកបន្ថែមថា៖ «ខ្ញុំចង់ធ្វើការបញ្ជាក់ពីការរំដោះបានយ៉ាងពេញលេញ​នៃទឹកដី Soledar ពីអង្គភាពនៃកងទ័ពអ៊ុយក្រែន ខណៈអង្គភាពអ៊ុយក្រែនទាំងឡាយណាដែលមិនព្រមចុះចាញ់ គឺត្រូវបានកម្ទេចចោលទាំងអស់»។

ជាមួយ​គ្នានេះ ប្រភពដដែលបន្តថា កងកម្លាំង​របស់ក្រុម Wagner ក៏បានសម្លាប់ទាហានអ៊ុយក្រែនប្រមាណជា៥០០​នាក់ ផងដែរ ខណៈទីក្រុងទាំងមូល​ គឺពោរពេញទៅដោយសាកសពទាហាន​អ៊ុយ​ក្រែន។

គួរបញ្ជាក់ថា អង្គភាពយោធា​ឯកជន Wagner ត្រូវបាន​បង្កើត​ឡើង​ដំបូងកាលពី​​ឆ្នាំ​២០១៤​ ដើម្បី​​បញ្ជូនទាហាន​មាន​សមត្ថភាព​ប្រយុទ្ធ​ទៅ​តំបន់​ដុនបាស់ ភាគ​ខាង​កើត​អ៊ុយក្រែន។

ទោះជាយ៉ាងណា លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ក្រុមនេះមិនមែនតំណាងឱ្យប្រទេសរុស្ស៊ីឡើយ ដោយពួកគេគ្រាន់តែដើរតួជាក្រុមហ៊ុនយោធាឯកជនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ