បុគ្គលដែលស្និទ្ធនឹងលោក ពូទីន ស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នករិះគន់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

(ឆ្វេង) លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) អ្នកនាំពាក្យសភា Duma របស់​រុស្ស៊ី​ និងប្រធានាធិបតី Vladimir Putin ចូលរួមសម័យប្រជុំសភា Duma ដែលជាសភាជាន់ទាប នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។ (REUTERS/Sergei Karpukhin)

នៅថ្ងៃសុក្រនេះ បុគ្គលដែលស្និទ្ធនឹងលោក ពូទីន បានស្នើឱ្យរឹបអូស​យកទ្រព្យសម្បត្តិ​របស់ពលរដ្ឋ​រុស្ស៊ី​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះកងក​ម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ប្រឆាំង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី​១៣ ខែ​មករា ឆ្នាំ២០២៣ នេះ។

លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) អ្នកនាំពាក្យសភា Duma របស់​រុស្ស៊ី​ បាននិយាយ​ថា វិធាន​ការ​បច្ចុប្បន្ន ដូច​ជា ការ​ផាកពិន័យសម្រាប់អ្នកដែលនិយាយប្រឆាំងនឹងអ្វីដែល​ទីក្រុង​ម៉ូស្គូ​ហៅថា​ជា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន គឺមិនមានភាពតឹងរ៉ឹងគ្រប់​គ្រាន់​នោះ​ទេ។

កន្លងមក រុស្ស៊ីធ្លាប់បានផាកពិន័យបុគ្គលមួយចំនួនដែល​ហ៊ាន​រិះ​គន់​លោក ពូទីន និង​ការឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន ក្នុងនោះរួមមានទាំងតារាចម្រៀងដ៏ល្បីម្នាក់របស់​រុស្ស៊ី ​ដែល​បានរងនូវការផាកពិន័យក្នុងចំនួនទឹកប្រាក់ប្រមាណ៨០០ដុល្លារ។

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២២ សភារុស្ស៊ីបានអនុម័តច្បាប់ស្តីពីការហាមប្រាមការ «បង្ខូចកេរ្តិ៍ឈ្មោះ» កងទ័ពរុស្ស៊ី និងហាមឃាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ «ការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានមិនពិត​ដោយចេតនា អំពី​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធនៃសហព័ន្ធរុស្ស៊ី»។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី​១០ហើយ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិល​រាប់​ពាន់​នាក់បានស្លាប់បាត់បង់ជីវិត និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់​បែក ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទ​ប្រទេស​រុស្ស៊ីថា​កំពុង​តែព្យាយាម​កម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ