ពលរដ្ឋរស់នៅជាប់ព្រែកថី ក្នុងខេត្តកណ្ដាល ជិត១០០គ្រួសារបង្ខំរើផ្ទះក្រោយផ្ទះ៦ខ្នងបាក់ចូលព្រែក

គេហដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយច្រាំងមាត់ទន្លេ ស្ថិតក្នុងស្ថានភាពរងការបាក់ស្រុតចូលទៅក្នុងព្រែក ចំណែកផ្ទះមួយចំនួនក៏កំពុងតែរុះរើយ៉ាងប្រញាប់ប្រញាល់ទៅរកទីសុវត្ថិភាពបណ្ដោះអាសន្ន ដោយហេតុការណ៍នេះកើតឡើងនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ពលរដ្ឋដែលរស់នៅ​ជាប់ព្រែកថី ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ចំនួនជិត១០០​​គ្រួសារ បង្ខំចិត្ត​រើផ្ទះសម្បែងចេញពីកន្លែងធ្លាប់រស់នៅ ក្រោយ​ពីមាន​ផ្ទះចំនួន​៦ខ្នងបានបាក់ស្រុតចូលក្នុងព្រែក​ ខណៈ​ពលរដ្ឋទាំងនោះ​ស្នើឱ្យរដ្ឋាភិបាលផ្ដល់សំណងដីនិងផ្ទះដល់ពួកគេ។​ ​

បើតាម​របាយការណ៍​របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃ​​ទី​១៧ ខែមករា ឆ្នាំ២០២៣ បង្ហាញថា មាន​​​ពលរដ្ឋ​ចំនួន ​៦៥គ្រួសារ ស្មើ ៦១ខ្នងផ្ទះ ​​ស្ថិតនៅភូមិព្រែកថី និង​ភូមិព្រែក​សំរោង នៃ​សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល បានរងផលប៉ះពាល់ពីការបាក់ដី ​​ដោយផ្ទះចំនួន៦ខ្នង​​បានបាក់ចូលទឹកព្រែក ហើយផ្ទះផ្សេងទៀតតម្រូវឱ្យរើ​ចេញ។

នៅព្រឹកថ្ងៃអង្គារ អ្នករាយការណ៍ព័ត៌មាន វីអូឌី ​បានទៅដល់ទីតាំងបាក់ស្រុតនោះផ្ទាល់ ដោយបាន​​ឃើញ​ផ្ទះពីរខ្នង​បានបាក់ចូលទឹកភ្លាម​ៗ​ ដែលធ្វើឱ្យពលរដ្ឋ​ដែល​កំពុងរុះ​រើនោះ​ និង​ពលរដ្ឋ​ផ្សេង​ទៀតផ្អើលឆោឡោ​មកមើលទិដ្ឋភាពបាក់ស្រុតនោះ​។ ផ្ទះ​ពលរដ្ឋ​ដែលបានរុះ​រើ​ទាន់ពេលវេលា​ខ្លះ បានលើកផ្ទះពួកគេមកដាក់លើ​ថ្នល់​ ហើយពលរដ្ឋ​ខ្លះទៀត​កំពុងព្យាយាម​រុះ​រើផ្ទះរបស់ពួកគេ។

ពលរដ្ឋភូមិព្រែកថី លោក យ៉េន បាន​ អាយុ៥៣ឆ្នាំ​ បានលើកឡើងថា ​​ផ្ទះរបស់គាត់​ត្រូវបាក់ចូលព្រែក កាលពី​យប់​ថ្ងៃ​ចន្ទ​​។ ពលរដ្ឋរូបនេះនៅតែមានចម្ងល់ថា ​មូលហេតុនៃការបាក់ផ្ទះចូល​​ព្រែកនៅក្នុង​ខែប្រាំងនេះ​ អាចបណ្ដាលមកពីការ​បើកទឹកទំនប់ផ្នែកខាងលើ​។

លោកបានបន្តថា គ្រួសារលោកមិនបានរើផ្ទះឱ្យបានទាន់ពេលវេលានោះទេ ហើយផ្ទះដែលបានសាងសង់អស់ទឹកប្រាក់ចំនួន​១ម៉ឺនដុល្លានោះ​បានធ្លាក់ចូលក្នុងទឹកបាត់ទៅហើយ​។

លោកបន្តថា​៖ «​ខ្ញុំដេកមិនលក់ ចាំមើលតែផ្ទះដែរ​ហ្នឹង!​ ហើយជួយវាម៉េចកើត​បើ​ផ្ទះថ្មទៅអ៊ីចឹងហើយ?​ ពីរនាក់ប្ដីប្រពន្ធក៏ជួយអីមិនកើតផង​ យកអីវ៉ាន់អស់ហើយ នៅតែតួផ្ទះទេ។ មានអារម្មណ៍ភ័យខ្លាច​អ៊ីចឹងទៅ ណាមួយ​គ្មានផ្ទះគ្មានអីនៅ​ រដ្ឋាភិបាលជួយកូនចៅ ​ឱ្យ​ផ្ដល់សំណងឱ្យសាងសង់ផ្ទះ​សមរម្យផង​​»។

ពលរដ្ឋ​រូបនេះ​និយាយថា ក្រោយផ្ទះរបស់លោកបាក់ចូលព្រែក ​​អាជ្ញាធរខេត្តកណ្ដាល បានផ្ដល់​ប្រាក់២សែនរៀល និង​សម្ភារឧបត្ថម្ភបន្តិចបន្តួច​​ ប៉ុន្តែលោកថាមិនអាចធ្វើឱ្យ​គ្រួសារលោក​អាច​​កសាងជីវិតថ្មីបាននោះទេ​។

លោកថា៖ ​«វាមិនគ្រប់ទេ យកអីបានប៉ុណ្ណឹង​? យើងឥលូវហូបអីគ្រាន់​​​ បើគ្រួសារយើងម្នាក់ៗបាក់[ផ្ទះចូលព្រែក] ប៉ុណ្ណឹងហូបមិន​គ្រាន់ទេ​..។ ទម្រាំបានទីជម្រកនៅ​ មិនដឹងថ្ងៃណាបានដីបានផ្ទះ​ វាពិបាកអ៊ីចឹង​»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ម៉េត បឿន បានឱ្យដឹងថា ផ្ទះរបស់​គាត់​កំពុង​​រើចេញពីមាត់ព្រែក ដើម្បីចៀសវាងការបាក់ចូលក្នុងព្រែកបន្តទៀត​។ អ្នកស្រីបន្ថែមថា ដើម្បីសាងសង់ផ្ទះបាន អ្នកស្រីបានខ្ចីបំណុល​គ្រឹះស្ថានហិរញ្ញវត្ថុ ​ដោយមិនទាន់បានសងបំណុលនៅឡើយទេ​ ហើយអ្នកស្រីក៏មិនដឹងថាត្រូវ​រស់នៅទីណានោះដែរ​នៅពេលដែលរុះរើផ្ទះរួចរាល់​។

អ្នកស្រីថា៖ «ផ្ទះហ្នឹង កូនយក​លុយ​អង្គការមកធ្វើ មិនទាន់សងគេរួចផង​! ដាក់៧ឆ្នាំ មិនទាន់សងគេរួចផង! មិនដឹងនៅឯណាទេនេះ​ បើអត់មានដីមានធ្លី អត់មានលុយទិញដីផង​»។​

អ្នកស្រីបន្ថែមថា មកទល់ពេលនេះ​ គាត់ទើបតែទទួលបានជំនួយឧបត្ថម្ភជា​​អង្ករ និងប្រាក់បន្តិចបន្តួចប៉ុណ្ណោះ​ ដោយអ្នកស្រីសង្ឃឹមថា ​រដ្ឋាភិបាលនឹងជួយដល់ពួកគាត់ក្នុងពេលឆាប់ៗនេះ​។

អភិបាលខេត្តកណ្ដាល លោក គង់ សោ​ភ័ណ្ឌ ដែលបានចុះទៅជួបពលរដ្ឋរងគ្រោះនៅព្រឹកថ្ងៃទី១៧ ខែមករា​ បានបដិសេធ​ឆ្លើយតប​ជាមួយអ្នកសារព័ត៌មានវីអូឌី ដោយថា លោកកំពុងជាប់រវល់​។

យ៉ាងណា ចៅសង្កាត់រកាខ្ពស់ លោក ឈឿង ធូ បានឱ្យដឹងថា ​មូលហេតុដែលធ្វើឱ្យមានការបាក់ស្រុតផ្ទះចូលព្រែកនេះ គឺបណ្តាលមកពី​ទឹកឡើងខ្លាំង ដែលមានប្រភពមកពីខេត្តកំពង់ស្ពឺ​។ លោកបន្ថែមថា ​មាន​​ផ្ទះចំនួន​៦០ខ្នងដែលបាន​រងផលប៉ះពាល់ ខណៈ​ខាងអាជ្ញាធរពាក់ព័ន្ធកំពុងព្យាយាមជួយ និងផ្ដល់ជំនួយបឋមដល់ពលរដ្ឋដែលរងគ្រោះទាំងនោះ។​

លោកបន្តថា​៖ ​«​ការសន្និដ្ឋានរបស់ខ្ញុំអត់ច្បាស់ទេ​ ឃើញក្រុមការងារក្រសួង​ហិរញ្ញ លោកចុះមកបង្ហោះដ្រូន ​ថាចុះវាស់វែង​កន្លងមកហើយ តែមិនទាន់ដឹងថា​ម្នាក់ឱ្យប៉ុន្មាន អត់ច្បាស់ទេអូន​»។

បើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៥ ខែមករា​ ក៏បានលើកឡើងដែរ​ថា កម្លាំងនគរបាលជាតិ​ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀង នៅតាមសណ្ដស្ទឹងព្រែកត្នោត ចំនួន១០សង្កាត់ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ ក្នុងនោះមាន២៩ភូមិ ដែលមាន ៩៥៣ខ្នងផ្ទះ និង ១ ០២៦គ្រួសារ ស្មើមនុស្ស ៤ ០៣៥នាក់។

បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិដដែល សង្កាត់ដែលប៉ះពាល់នោះមាន សង្កាត់សាក់សំពៅ, សង្កាត់ស្ពានថ្មសង្កាត់ក្រាំងពង្រ, សង្កាត់គងនយសង្កាត់ទៀនសង្កាត់ព្រែកកំពឹសសង្កាត់ជើងឯកសង្កាត់ព្រៃសសង្កាត់ដង្កោ, និងសង្កាត់ព្រៃវែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ