រុស្ស៊ីថាខ្លួននឹងកម្ទេចរថក្រោះដែលអង់គ្លេសផ្ដល់ដល់អ៊ុយក្រែនទាំងអស់

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចូលរួមសន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (REUTERS)

វិមានក្រឹមឡាំង (Kremlin) បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា រថក្រោះដែ​ល​អង់គ្លេសគ្រោងនឹង​បញ្ជូនទៅកាន់​អ៊ុយ​ក្រែន នឹងត្រូវបានកម្ទេចដោយកងទ័ពរុស្ស៊ី ដោយខ្លួន​ក៏បានព្រមានលោកខាងលិចថា ការផ្គត់​ផ្គង់​អាវុធ​ទំនើប​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែន​នឹង​មិន​អាច​ផ្លាស់​ប្តូរលទ្ធផលនៃសង្គ្រាមនោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

គិតចាប់តាំងពីប្រធានាធិបតី​រុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានបញ្ជាកង​ទ័ព​របស់ខ្លួ​នឱ្យ​ចូល​ឈ្លាន​ពានក្នុង​ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំមុន​មក សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តនានាបានផ្តល់​អាវុធ​ក្នុង​ទំ​ហំ​ទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដែលក្នុងនោះរួមមានទាំងប្រព័ន្ធរ៉ុក្កែត យន្តហោះគ្មានមនុស្សបើក រថពាសដែក និងប្រព័ន្ធទំនាក់ទំនងផងដែរ។

ជាមួយគ្នានេះ ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍កន្លងទៅ ក៏បានលើកឡើងដែរថា ខ្លួននឹងបញ្ជូនរថក្រោះប្រយុទ្ធប្រភេទ Challenger 2 ចំនួន១៤​គ្រឿង ក៏ដូចជាកាំភ្លើងធំទំនើបផ្សេងៗទៀតដល់អ៊ុយក្រែន​ នៅក្នុង​សប្តាហ៍​ខាងមុខនេះផងដែរ។

ទោះជាយ៉ាងណា ទាក់ទិននឹងសំណួរជុំវិញការផ្ដល់ជូនរថក្រោះអង់គ្លេសទាំងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង ​លោក ​ឌីមីទ្រី ប៉េស្កូវ​ (Dmitry Peskov) បានលើកឡើងថា​៖ «ពួកគេកំពុងតែប្រើប្រាស់ប្រទេសនេះ [អ៊ុយក្រែន] ជាឧបករណ៍មួយដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេក្នុងការប្រឆាំងនឹងរុស្ស៊ី»។

អ្នកនាំពាក្យវិមានក្រឹមឡាំង បន្ថែមថា៖ «រថក្រោះទាំងអស់នេះនឹងត្រូវបានកម្ទេចចោល ដូចទៅនឹងរថក្រោះផ្សេងទៀតដែលយើងបានកម្ទេចកាលពីពេលកន្លងទៅផងដែរ»។

លោក ​ឌីមីទ្រី ប៉េស្កូវ​ បន្តឱ្យដឹងថា ការផ្គត់ផ្គង់ផ្នែកយោធាថ្មីៗពីប្រទេសទាំងឡាយ ដែល​មាន​ដូច​ជាអង់​គ្លេស និង​ប៉ូឡូញ គឺនឹងមិនអាចផ្លាស់ប្តូរស្ថានភាពសង្គ្រាមនោះទេ ប៉ុន្តែផ្ទុយ​ទៅ​វិញ វានឹង​ធ្វើ​ឱ្យ​សង្គ្រាម​​កាន់តែអូសបន្លាយរយៈពេលយូរបន្ថែមទៀត ដែលចុងក្រោយ វានឹងមិនផ្ដល់អ្វីក្រៅតែពីការនាំមកនូវបញ្ហាកាន់តែច្រើនដល់អ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន ​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រកាលពីខែកុម្ភៈ ឆ្នាំមុន ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង។

ទាក់ទិននឹងករណីនេះ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តនានា ក៏បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែននេះផងដែរ ស្របពេលដែលអ៊ុយក្រែនបានប្តេជ្ញាប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយត្រូវបានបណ្តេញចេញពីទឹកដីរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ