រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រជិតទីក្រុងកៀវ

បុគ្គលិក​រៀបចំសាកសព​ជន​រង​គ្រោះ​នៅ​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ ចំ​ពេល​មាន​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ​ក្នុង​ក្រុង Brovary ខាង​ក្រៅ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន ​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០២៣។ (REUTERS/Valentyn Ogirenko)

ប្រធានប៉ូលិស​ជាតិ​អ៊ុយក្រែន បានឱ្យដឹងថា មនុស្សចំនួន១៨នាក់ ដែលក្នុងនោះរួមមានរដ្ឋមន្ត្រី​មហា​ផ្ទៃ​​អ៊ុយ​ក្រែន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត​ បានស្លាប់នៅថ្ងៃពុធនេះ ក្នុងហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រមួយនៅតំបន់ជាយក្រុងខាងក្រៅទីក្រុងកៀវ (Kyiv)។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

យោងតាមការបញ្ជាក់ពីមន្រ្តី ឧទ្ធម្ភាគចក្រនោះបាន​ធ្លាក់​នៅ​ជិតទីតាំងទារកដ្ឋានមួយ​កន្លែងក្នុង​ទីក្រុង Brovary នៅ​ជាយ​ក្រុង​ភាគ​ខាង​កើត​នៃ​រដ្ឋធានីកៀវ ដោយក្នុងចំណោមអ្នកស្លាប់ ក្នុងនោះមានក្មេងចំនួន៣​នាក់ ខណៈ​មនុស្ស​ជាច្រើននាក់​ផ្សេង​ទៀត​ក៏​បាន​រង​របួស និង​ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ទោះជាយ៉ាងណា ក្រុមមន្ត្រីមិនបានបញ្ជាក់ភ្លាមៗអំពីមូលហេតុនៃការធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ​ទេ ដោយខាងរុស្ស៊ីក៏មិនមានជាការអត្ថាធិប្បាយអ្វីភ្លាមៗផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីមហាផ្ទៃ លោក Denys Monastyrsky គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន ដែលបានស្លាប់ គិតចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំមុនមក។

យោងតាមប្រធានប៉ូលិស​ជាតិ​អ៊ុយក្រែន លោក Igor Klymenko ហេតុការណ៍​នេះក៏បានសម្លាប់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ អភិបាលតំបន់កៀវ លោក អូឡិចស៊ី គូលេបា (Oleksiy Kuleba) ក៏បានឱ្យដឹងតាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) ថា៖ «សោកនាដកម្មនេះក៏បូករួមទាំងកុមារ និងបុគ្គលិកនៅក្នុងទារកដ្ឋានផងដែរ។ បច្ចុប្បន្ន មនុស្សគ្រប់គ្នាត្រូវបានជម្លៀសចេញ»

ទាក់ទិននឹងករណីនេះ អនុ​ប្រធាន​ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Kyrylo Tymoshenko បានបន្ថែមថា៖ «បច្ចុប្បន្ន យើង​កំពុងតែ​ប្រមូល​ព័ត៌មាន​អំពី​ករណី​ស្លាប់ និងរបួសបន្ថែមទៀត ក៏ដូចជាស្ថានការណ៍នៅក្នុងទីតាំងកើតហេតុផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ