ACU ព្រមានផ្អាកបណ្ដោះអាសន្នមុខងារអភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន ពាក់ព័ន្ធការទិញលក់ដីខុសច្បាប់

លោក ឈឺន សុធន អភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋ ថ្លែងក្នុងពិធីអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅវិទ្យាល័យ សម្តេចឪសម្តេចម៉ែបសេដ្ឋ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកបសេដ្ឋ Page)

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមាន​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​មុខ​ងារ​របស់អភិបាល​ស្រុក​បសេដ្ឋ នៃ​ខេត្ត​កំពង់​ស្ពឺ ពាក់​ព័ន្ធ​ករណី​ទិញ​ល​ក់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់។

លិខិតរបស់​អង្គភាពប្រឆាំងអំពើពុករលួយ ផ្ញើ​ទៅ​អភិបាល​ស្រុក​បសេដ្ឋ លោក ឈឺន សុធន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែល​វីអូឌី​ទើប​ទទួល​បាន​ថ្ងៃ​ព្រហស្បតិ៍​នេះ បានណែនាំ​ទៅអភិបាលខេត្តរូបនេះ ផ្អាក​សកម្មភាព​ដែល​អនុ​ញ្ញាតឱ្យ​អ្នក​ស្រី វន់ ឈើ​វិន គីអាន​សាយ​ណាវ​ ក្នុង​ការ​ប្រមូល​ទិញ​ដី​ដោយ​ខុសច្បាប់​ ដោយមាន​លោក ស៊ិន សារុន នាយករដ្ឋ​បាល​ស្រុក ជា​អ្នក​រៀបចំ​យក​ដី​របស់​រដ្ឋ ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត លក់ទៅឱ្យ​ឈ្មួញ។

ACU បានឱ្យដឹងថា នាយករដ្ឋបាលស្រុកបសេដ្ឋ លោក ស៊ិន សារុន បានគប់គិតគ្នាយកដីក្នុងតំបន់ទំនប់មួយកន្លែង ស្ថិតក្នុង​​ស្រុក​បសេដ្ឋ​ លក់​ទៅ​ឱ្យ​ឈ្មួញ និង​បាន​ចម្លង​ដៃម៉ារឺ​វេន​​បើកទំ​នប់​ទឹក​ពី​ឆ្មាំយាម​ទំនប់ ហើយ​ធ្វើឱ្យគោកទឹក​ក្នុង​ទំនប់នោះ ដើម្បី​វាស់វែង​យក​ដីលក់​ផង​ដែរ។

ACU បានប្រាប់​ទៅអភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន បញ្ជា​ឱ្យ​ផ្អាក​​សកម្មភាព​​​នេះ​​​ជា​បន្ទាន់ និង​ប្រគល់​ដៃម៉ារឺវេនបើក​ទំនប់​ទឹក​នោះ​ទៅ​ឱ្យរដ្ឋបាលស្រុករក្សាទុកវិញ ដោយថា ទង្វើនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងករណីនេះ។

ACU ព្រមានថា ក្នុងករណីអភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន មិនព្រមបញ្ឈប់នូវសកម្មភាពទាំងនេះទេ អង្គភាពមួយនេះនឹង​ស្នើទៅ​អាជ្ញាធរ​ផ្អាកជាបណ្តោះអាសន្ននូវមុខងាររបស់អភិបាល​ស្រុករូប​នេះ។

​វីអូឌី បានសាក​សួរ​ទៅ​អ្នក​នាំ​ពាក្យ​អង្គភាព​​ប្រឆាំង​អំពើពុក​រលួយ លោក សយ ច័ន្ទវិចិត្ត ថា​​តើ​អភិបាល​ស្រុក​បសេដ្ឋ​ លោក ឈឺន សុធន មាន​ជាប់ពាក់ព័ន្ធករណីនេះទេ ប៉ុន្តែ​លោក សយ ច័ន្ទវិចិត្ត មិនទាន់អាចឆ្លើយបានទេ ដោយលោកថា ករណីនេះកំពុងស្ថិត​ក្រោមការស៊ើបអង្កេតរបស់ ACU នៅឡើយ។

វីអូឌី មិនអាចសុំការឆ្លើយតប​ពីអភិបាលស្រុកបសេដ្ឋ លោក ឈឺន សុធន បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

កាលពីថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ACU បានឱ្យប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល លោក ពៅ សោមាណាក់ ចូលឆ្លើយបំភ្លឺ និងដាក់ឯកសារពាក់ព័ន្ធមកអង្គភាពមួយនេះ ក្រោយទទួលបានបណ្តឹងជុំវិញភាពមិនប្រក្រតីមួយចំនួន ក្នុងពេលលោកធ្វើសកម្មភាពបំពេញតួនាទីភារកិច្ចរបស់ខ្លួន។

មួយទៀតនោះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិ​សម្បទា លោក ឡាយ សំណាង ជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ ដែលការឃុំនេះធ្វើឡើងក្រោយពី ACU ស្រាវជ្រាវរកឃើញថា លោក​បានកិបកេងថវិការដ្ឋជាង ១ ៥០០​លាន​រៀល ឬស្មើ​ប្រមាណ​ជាង ​​៣៨​ម៉ឺន​ដុល្លារ។

ពាក់ព័ន្ធនឹងករណី​ ACU មាន​ចំណាត់ការ​ជាបន្តបន្ទាប់​លើ​មន្ត្រីរ​ដ្ឋដែ​ល​​ជាប់ពាក់ព័ន្ធអំពើពុករលួយនេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី បានសាទរ ដោយថា ចំណាត់ការនេះនឹងជួយលុបបំបាត់បញ្ហាអំពើពុករលួយក្នុងសង្គមកម្ពុជា និងព្រមានដល់មន្ត្រីផ្សេងទៀតកុំឱ្យប្រព្រឹត្តអំពើបែបនេះតាម។

លោក ប៉ិច ពិសី លើកឡើងថា នេះជាការខិតខំប្រឹងប្រែងមួយរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការ​​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត ក្រោយទទួលបានបណ្ដឹងពាក់ព័ន្ធបញ្ហាអំពើពុករលួយ។ លោកក៏ជំរុញឱ្យ ACU ធ្វើកិច្ចការងារនេះជាប្រព័ន្ធនៅតាមស្ថាប័នរដ្ឋផ្សេងទៀត ដើម្បីទប់ស្កាត់បញ្ហាអំពើពុករលួយ និងការខាតបង់ថវិកាជាតិ។

លោកបន្ថែមថា៖ «នេះជាសញ្ញា​វិជ្ជមាន​​មួយ។ ខ្ញុំគិត​ថា រដ្ឋាភិបាលក្តី អង្គភាពប្រឆាំងអំពើពុករលួយក្តី គួរតែធ្វើកិច្ចការនេះជាប្រព័ន្ធតែម្តង នៅគ្រប់ស្ថាប័នសាធារណៈ ដើម្បីកុំឱ្យមានការបាត់បង់ថវិកាជាតិ ដែល​យើង​មាន​តិច​តួច​ហ្នឹង ​តាមរយៈការកិបកេង ការ​បន្លំ ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីសាធារណៈហ្នឹង»។

បើតាម​​សន្ទស្សន៍​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ​ឆ្នាំ​២០២១​​ ចេញ​ផ្សាយដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (T​r​an​sparency International) នៅ​ថ្ងៃ​ទី​​២៥ ខែ​មករា ឆ្នាំ​២០២២​ ​បង្ហាញ​ថា កម្ពុជាជាប់​ចំណាត់​ថ្នា​ក់​​​​លេ​ខ​១​៥៧ ក្នុង​ចំណោម​ប្រទេស និងដែនដី​ចំនួន​១៨០ នៅ​លើ​ពិភព​លោក។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​​​ថា ក​​ម្ពុជា​នៅ​​តែ​ជាប្រទេស​​មាន​កម្រិត​ពុក​រលួយអាក្រក់​​ជាង​​គេ​បំផុត ​ក្នុងចំ​ណោ​​ម​ប្រទេស​ទាំង​១០ នៃ​សមាជិក​​អាស៊ា​ន។

ច្បាប់ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥៩៨ ចែងថា ជន​ដែលជាអ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយ​​ការ​បោះឆ្នោត ប្រព្រឹត្តអំពើកេងយកផលប្រយោជន៍ដោយខុសច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀល។

ចំណែកច្បាប់ស្តីពី «ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ក្នុងមាត្រា៣៨ ចែងថា ជនដែលប្រព្រឹត្តបទល្មើសសម្អាតប្រាក់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០លានរៀល ទៅ ៥០០លានរៀល ដោយមិនទាន់គិតដល់ទោសបន្ថែមមានចែងក្នុងក្រមព្រហ្មទណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ