លោក ហ្សេលេនស្គី ថាការផ្គត់ផ្គង់រងក្រោះដល់អ៊ុយក្រែនគួរតែធ្វើឱ្យបានលឿនតាមដែលអាចធ្វើទៅបាន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុង Davos ប្រទេសស្វីស ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (REUTERS/Arnd Wiegmann)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់វេទិកាសេដ្ឋកិច្ចពិភព​លោក (World Economic Forum) នៅថ្ងៃពុធម្សិលមិញថា ការផ្គត់ផ្គង់រថក្រោះ និងប្រព័ន្ធការពារដែនអាកាសរបស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ គួរ​តែ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់​រហ័ស និង​បញ្ជូន​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ឱ្យបានមុនពេលដែលរុស្ស៊ីអាចរៀបចំការវាយប្រហារ​ថ្មី​ណាមួយ​បាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០២៣។

ថ្លែងតាមរយៈប្រព័ន្ធវីដេអូ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បន្តថា៖ «ការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស​​ដល់អ៊ុយក្រែន ត្រូវតែធ្វើឡើងឱ្យបានមុនការវាយប្រហារមីស៊ីលបន្ទាប់របស់រុស្ស៊ី ហើយការផ្គត់ផ្គង់រថក្រោះរបស់លោកខាងលិចទៀតសោត ក៏ត្រូវតែធ្វើឡើងឱ្យបានមុនការឈ្លានពានផ្សេងទៀតផងដែរ»។

លោកបន្ថែមថា៖ «ការប្រយុទ្ធគ្នានៅតំបន់ភាគខាងកើត គឺកើតមានឡើងជារៀងរាល់ថ្ងៃ។ យើងកំពុងតែខិតខំប្រឹងប្រឹងដើម្បី​តទល់​នឹង​ស្ថាន​ការណ៍​ទាំង​នេះ»។

​មុនពេលថ្លែងសុន្ទរកថារបស់​ខ្លួន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានស្នើឱ្យអ្នកចូលរួមវេទិកា​ទាំង​ឡាយ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ក្នុង​រយៈពេលមួយនាទី ដើម្បីចូ​លរួ​ម​រំលែក​​ទុក្ខ​ដល់​រដ្ឋមន្ត្រី​មហា​ផ្ទៃ​​អ៊ុយ​ក្រែន មន្ត្រីជា​ន់​ខ្ពស់ និង​ពលរដ្ឋមួយចំនួនផ្សេងទៀត ដែលបានស្លាប់នៅថ្ងៃពុធម្សិលមិញ ក្នុងហេតុ​ការ​ណ៍​​ធ្លាក់​ឧទ្ធម្ភាគចក្រមួយនៅតំបន់ជាយក្រុង ខាងក្រៅទីក្រុងកៀវ (Kyiv) ផងដែរ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានកើតឡើងអស់រយៈពេលជិត១១​ខែ​មក​ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុងតែព្យាយាម​កម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ។

ទាក់ទិននឹងករណីនេះ បណ្ដាប្រទេសលោកខាងលិច ក៏បានខិតខំធ្វើសកម្មភាពជាច្រើនក្នុងការឆ្លើ​យតបជាអន្តរជាតិ​ ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលក្នុងនោះរួមមានការផ្តល់ជំនួយផ្នែកយោធា ការជំរុញ​ឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀ​តលើរុស្ស៊ី និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ