កូរ៉េខាងជើងថា សមយុទ្ធរបស់​អាមេរិក​បាន​រុញ​ច្រានស្ថាន​ការណ៍​ធ្លាក់​ទៅ​ក្នុង «បន្ទាត់​ក្រហម​ខ្លាំង»

ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមយុទ្ធ​របស់​សហរដ្ឋ​អាមេ​រិក និង​សម្ពន្ធមិត្តរបស់ខ្លួន បាន​រុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហម​ខ្លាំង» និង​ថា​វានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់​សង្គ្រាម​កាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានលើកឡើង​ថា ទីក្រុង​ព្យុង​យ៉ាង​មិន​ចាប់​អារម្មណ៍នឹងការសន្ទនាទេ ដរាបណាទីក្រុងវ៉ាស៊ីនតោន បន្ត​គោលនយោ​បាយ​អរិភាព។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅក្នុង​សេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពយោធា និងនយោបាយ​នៅលើឧបទ្វីបកូរ៉េ និង​ក្នុងតំបន់បានឈានដល់បន្ទាត់​ក្រហម​ខ្លាំង ដោយសារតែការធ្វើសមយុទ្ធប្រឈមមុខដាក់គ្នាដោយ​យោធា និងអំពើអរិភាពរបស់សហរដ្ឋអាមេរិក»។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុង​សប្តាហ៍​នេះ​ ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក​លោក ឡយដ៍ អូស្ទីន (Lloyd Austin)។ កាលពីថ្ងៃអង្គារ លោក Austin និងសមភាគីកូរ៉េខាងត្បូង បានប្តេជ្ញាពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ «អាវុធយុទ្ធសាស្ត្រ» បន្ថែមទៀត ដូច​ជា នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់​បែក​រយៈ​ចម្ងាយ​ឆ្ងាយ ដើម្បីទប់​ទល់​នឹង​ការអភិវឌ្ឍ​អាវុធរបស់កូរ៉េខាងជើង និង​ទប់​ស្កាត់​សង្គ្រាម។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង បានបន្តថា៖ «នេះគឺជាទង្វើប្រកបដោយគ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលនឹងប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្រ្គាមដ៏ធំ និងជាតំបន់សង្រ្គាមកាន់តែធ្ងន់ធ្ងរឡើង»។

សេចក្តីថ្លែងការណ៍បន្ថែមថា កូរ៉េខាងជើង នឹងឆ្លើយតបទៅនឹងចលនាយោធាណាមួយដោយសហរដ្ឋ​អាមេរិក និងមានយុទ្ធសាស្ត្រខ្លាំងដើម្បីទប់ទល់ រួមទាំង «កម្លាំងនុយក្លេអ៊ែរដ៏លើសលប់បំផុត» ប្រសិនបើចាំបាច់។

នៅទីក្រុង​ញូវយ៉ក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) បានជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) កាលពីថ្ងៃពុធ ហើយបានអំពាវនាវឱ្យអង្គការសហប្រជាជាតិ បន្តយកចិត្តទុកដាក់ចំពោះការបង្កហេតុ និងទង្វើនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដើម្បីអនុវត្តទណ្ឌកម្មលើរបបមួយនេះ។

លោក Guterres បាននិយាយថា ការសាកល្បងនុយក្លេអ៊ែរបន្ថែមរបស់កូរ៉េខាងជើង នឹងបំផ្លាញ​ដល់​សន្តិសុខក្នុងតំបន់ និងអន្តរជាតិ ហើយបានអះអាងជាថ្មីនូវការគាំទ្រក្នុងការកសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការិយាល័យរបស់លោក Park ។

លោក Park កំពុង​បំពេញទស្សនកិច្ចទៅ​កាន់​សហរដ្ឋ​អាមេរិក ​រយៈពេល​៤​ថ្ងៃ ដែល​លោកក៏នឹងមានឱកាសជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក អែនតូនី ប្លីងខិន (Antony Blinken) នៅ​ក្នុង​ទីក្រុងវ៉ាស៊ីនតុន (Washington) នៅ​ថ្ងៃ​សុក្រ។

កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាដោយប្រើយន្ត​ហោះទ​ម្លាក់​គ្រាប់​បែក​ធុន​ធ្ងន់ B-1B របស់អាមេរិក និងយន្តហោះចម្បាំងបំបាំងកាយ F-22 ក៏ដូចជាយន្តហោះចម្បាំង F-35 របស់ប្រទេសទាំង២។ នេះបើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។

កាលពីឆ្នាំមុន កូរ៉េខាងជើង បានសាកល្បងមីស៊ីលបាលីស្ទីក (ballistic) ដែល​ត្រូវ​បាន​ហាមប្រាម​ដោយ​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ កូរ៉េខាងជើង ក៏ត្រូវ​បាន​សង្កេត​ឃើញ​ផង​ដែរ​ថា បានបើកទីតាំងសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញដែល​ត្រូវ​បានបិទ ដោយរំពឹងថានឹងសាកល្បងអាវុធក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ​២០១៧ ។

គួរបញ្ជាក់ថា ទាហានអាមេរិកជាង ២៨ ៥០០​នាក់ មានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងក្រោយ​សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ