នគរបាលយាមនៅសាលាដំបូងរាជធានីភ្នំពេញបានរុញច្រានលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ជាស្ថាប័នគ្រប់គ្រងវិទ្យុ VOD ពេលដែលលោកកំពុងផ្តល់បទសម្ភាសន៍។
មុនពេលចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ អ្នកសារព័ត៌មានស្កាត់សួរលោក ប៉ា ងួនទៀង នៅច្រកចូល តែទើបនិយាយបានបន្តិចមានគនរបាលយាមម្នាក់ពាក់ស័ក្តិ៤ បានរុញច្រានរូបលោកចេញពីទីតាំងលោកឈរប្រហែលជិត១០ម៉ែត្រ។ នគរបាលរូបនេះមិនបានបញ្ជាក់ពីមូលហេតុប៉ះពាល់នៃការឈរកន្លែងនោះទេ គ្រាន់តែនិយាយថាមិនឲ្យឈរនៅជិតកន្លែងយាមរបស់លោក។
លោក ប៉ា ងួនទៀង ហៅឥរិយាបថនគរបាលរូបនោះថា ខ្វះសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខមាត់កងកម្លាំងផ្សេងៗទៀតរបស់ជាតិ។
កម្លាំងប្រដាប់អាវុធយាមសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញក៏រងការរិះគន់ដែរថា បានបើកម៉ូតូបុកស្ត្រីបឹងកក់ពីរនាក់ឲ្យរងរបួស អ្នកទាំងនោះរត់តាមរថយន្តដឹកស្ត្រីបឹងកក់ពីរនាក់ផ្សេងទៀតយកទៅឃុំនៅពន្ធនាគារព្រៃស៕