ក្រសួងសុខាភិបាល បានអះអាងថា អ្នកដំណើរមកពីក្រៅប្រទេសដល់ទៅជាង ៣,៦០០នាក់ ត្រូវបានធ្វើត្រួតពិនិត្យរកវីរុសកូរ៉ូណា បន្ទាប់ពីពួកគេបានធ្វើដំណើរមកដល់កម្ពុជានៅក្នុងរយៈពេលជាង២០ថ្ងៃចុងក្រោយមកនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រុមមន្ត្រីជំនាញរបស់ក្រសួង បានត្រួតពិនិត្យ និងធ្វើតេស្តលើអ្នកដំណើរសរុប ៣,៦៣៧នាក់ ក្នុងនោះអ្នកដំណើរជាស្ត្រី ៧៥៦នាក់ ចាប់តាំងពីថ្ងៃទី១៦ ខែឧសភាកន្លងមក។
ក្រសួងអះអាងថា មានតែអ្នកដំណើរ ៣នាក់ប៉ុណ្ណោះ ត្រូវបានត្រួតពិនិត្យ ហើយរកឃើញឆ្លងវីរុសកូរ៉ូណា ក្នុងនោះមានស្ត្រីកម្ពុជាម្នាក់ធ្វើដំណើរវិលត្រឡប់មកពីសហរដ្ឋអាមេរិក អ្នកដំណើរជនជាតិខ្មែរមកពីធ្វើហ្វីលីពីន និងអ្នកដំណើរជាបុរសកម្ពុជា-បារាំង ដែលបានធ្វើដំណើរវិលត្រឡប់មកពីប្រទេសបារាំង។ បុរសជាអ្នកដំណើរទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រៅពីអ្នកដំណើរវិលត្រឡប់ចូលកម្ពុជាតាមជើងហោះហើរនោះ បុរសខ្មែរមួយរូបទៀត ត្រូវបានរកឃើញឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងខត្តបន្ទាយមានជ័យ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមក្នុងសេចក្តីប្រកាសដដែលថា គិតចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំដដែលនេះ វត្ថុសំណាកសរុបទូទាំងប្រទេសមានចំនួន ២១,៧៤៩សំណាក ដែលស្មើនឹង ១,៣១០សំណាកក្នុងចំណោមប្រជាជនមួយលាននាក់ ដែលតួលេខនេះខ្ពស់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។
កម្ពុជាបានរកឃើញមនុស្សឆ្លងវីរុសកូរ៉ូណាសរុប ១២៦នាក់ហើយគិតចាប់តាំងពីចុងខែមករាកន្លងមក ប៉ុន្តែ ក្រសួងសុខាភិបាលអះអាងថា អ្នកជំងឺដល់ទៅ ១២៣នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
ស្ត្រីកម្ពុជាវ័យ ៣៩ឆ្នាំ ដែលត្រូវបានរកឃើញឆ្លងវីរុសក៉រូណាក្រោយពីវិលត្រឡប់មកពីសហរដ្ឋអាមេរិកនោះ គឺជាអ្នកឆ្លងវីរុសនេះចុងក្រោយគេដែលបានជាសះស្បើយកាលពីថ្ងៃទី៣០ ខែឧសភាកន្លងមកនេះ៕