បញ្ញវន្តជើងចាស់មួយរូបដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងកិច្ចការសង្គម លោក ឡៅ ម៉ុងហៃ បានហៅលោក កែម ឡី ថាជា«អធិរាជនៃការពិត» ដែលបានវិភាគវែកញែករាល់បញ្ហាសង្គម ដែលអ្នកផ្សេងមិនដឹង ឬដឹងហើយមិនហ៊ាននិយាយ ប្រាប់ទៅមហាជនដោយគ្មានការស្ទាក់ស្ទើរឡើយ។
ក្រៅពីលោក ឡៅ ម៉ុងហៃ ក៏មានសាធារណជនផ្សេងទៀតបានឱ្យងារលោក កែម ឡី ផ្សេងៗគ្នាដែរ ដូចជា បុរសសម្តីមាស លោកគ្រូធំ ឬ អ្នករូតវាំងននបង្ហាញការពិតនៃសង្គម ជាដើម។
ចាប់តាំងពីអំឡុងឆ្នាំ២០១០ ពេលដែលលោក កែម ឡី វិភាគវែកញែកបញ្ហាសង្គមតាមប្រព័ន្ធ ផ្សព្វផ្សាយនានានោះ លោកបានស្រាវជ្រាវ បានបង្ហាញច្រើនពីបញ្ហា និងដំណោះស្រាយលើ ដំណើរការអភិវឌ្ឍន៍ប្រទេស។ ជុំវិញការអភិវឌ្ឍ លោកលើកឡើងថា ត្រូវមានច្បាប់ឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យមានគ្រោះថ្នាក់។
លោក កែម ឡី៖ «ក្នុងប្រទេសមួយដែលមិនមានច្បាប់គ្រប់គ្រាន់ មិនមានការបង្កបរិយាកាសវិនិយោគបានត្រឹមត្រូវ គឺការវិនិយោគវាបានផលរីកចម្រើន ប៉ុន្តែ ផលដែលបានពីការអភិវឌ្ឍ វារត់ទៅរកផ្លូវមួយមានគ្រោះថ្នាក់។ ផ្លូវមានគ្រោះថ្នាក់ ខ្ញុំចង់សំដៅលើវិសមភាពសេដ្ឋកិច្ច វិសមភាពសេដ្ឋកិច្ចចង់សំដៅលើអ្នកមានគឺមានដាច់ច្រើន អ្នកក្រកាន់តែច្រើន ហើយគម្លាតអ្នកក្រ និងអ្នកមានកាន់តែខ្លាំង។»
លោក កែម ឡី មិនមែនគ្រាន់តែវិភាគវែកញែកនៅតាមប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ លោកក៏តែងតែចូលរួមផ្ទាល់ផងដែរ ដូចជា សកម្មភាពការពារបរិស្ថាន ការពារធនធានធម្មជាតិ និងការ លើកស្ទួយសិទ្ធិមនុស្សជាដើម រហូតដល់មានក្រុមខ្លះហៅលោកថា ជាបណ្ឌិតដើរលើដី មិនមែនជាបណ្ឌិតនៅតែក្នុងការិយាល័យនោះទេ។ ពេលដែលឃាតករបាញ់សម្លាប់លោកក្នុងឆ្នាំ២០១៦ គឺពេលនោះលោកកំពុងតែដំណើរការស្រាវជ្រាវបញ្ហានៅតាមព្រំដែន គឺលោកទៅស្នាក់នៅតាមភូមិជាមួយពលរដ្ឋដើម្បីស្រាវជ្រាវ ដែលលោកហៅថា «បេសកកម្ម១០០រាត្រី»។
ត្បិតតែមានការចោទប្រកាន់ផ្សេងៗ ដោយក្រុមខ្លះថា លោកធ្វើកិច្ចការឱ្យបក្សប្រឆាំង ក្រុមខ្លះថា លោកធ្វើសកម្មភាពបំបែកបក្សប្រឆាំងក៏ដោយ ប៉ុន្តែលោក កែម ឡី នៅតែបន្តបេសកកម្មរបស់លោក ដោយពន្យល់ពលរដ្ឋឱ្យមានការយល់ដឹងកើនឡើង និងស្វែងរកវិធីសាស្រ្តសម្រាប់ការដឹកនាំប្រទេសឱ្យកាន់តែប្រសើរឡើង។
ចំណេះជំនាញដែលលោកបានស្រាវជ្រាវដឹង ក្រៅពីវិភាគតាមប្រព័ន្ធផ្សព្វផ្សាយ លោកក៏បាន រៀបចំគំនិតទាំងនោះផ្តល់ទៅគណបក្សប្រឆាំង និងគណបក្សកាន់អំណាចដូចគ្នាដែរ។ ដំណោះស្រាយមួយពាក់ព័ន្ធកុំឱ្យមានការសងសឹកនយោបាយ លោក កែម ឡី ធ្លាប់ជំរុញឱ្យមានការបង្កើតច្បាប់ការពារថ្នាក់ដឹកនាំ ទាំងសុវត្ថិភាព និងជីវភាពពេលអស់ពីតំណែង។
លោក កែម ឡី៖ «បើយើងរៀបច្បាប់មួយស្តីពីច្បាប់គាំពារអ្នកដែលចុះចេញពីតំណែង ពេលដែលគាត់លាលែងពីតំណេង ឬលាលែងពីតំណែងពេលធ្វើអីខុសហើយត្រូវទទួលខុសត្រូវ។ ទី២ ពេលដែលគាត់ចាញ់ឆ្នោត។ ទី៣ ពេលដែលគាត់បាត់បង់សមត្ថភាព ជួនពេលកំពុងបំពេញការងារបាត់បង់សមត្ថភាព គាត់ត្រូវចុះចេញពីតំណែងក្នុងប្រការណាមួយ កន្លែងហ្នឹងត្រូវរៀបចំ។»
ខ្លឹមសារវិភាគវែកញែកនានាត្រូវបានផ្សព្វផ្សាយលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាឡើងវិញ ខណៈខួប ៤ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី កាន់តែខិតជិតចូលមកដល់។ ក្រុមខ្លះធ្វើសកម្មភាពជាលក្ខណៈស្ថាប័ន ហើយក្រុមខ្លះទៀតធ្វើសកម្មភាពជាលក្ខណៈបុគ្គលក្នុងការរំឭកពីការលះបង់របស់លោក កែម ឡី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានរៀបចំកម្មវិធីឱ្យមានការឆ្លើយសំណួរពាក់ព័ន្ធលោក កែម ឡី ដើម្បីផ្តល់ជារង្វាន់។ ចំណែកសមាគមមូលនិធិ កែម ឡី ក៏បានអំពាវនាវឱ្យពលរដ្ឋចូលរួមក្នុងពិធីបុណ្យរំឭកខួបលោក កែម ឡី នៅស្តុបស្តាម៉ាតបូកគោ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
លោក កែម ឡី ជាបញ្ញវន្តមួយរូបស្ថិតនៅក្នុងចិត្តរបស់មហាជន ដោយមានការតែងជាចម្រៀង កំណាព្យ ឬសរសេរសៀវភៅរៀបរាប់ពីលោក កែម ឡី។ លើសពីនេះ ក៏មានការធ្វើជារូបសំណាករបស់លោក ដើម្បីជាការរំឭកដល់គុណសម្បត្តិរបស់លោកផងដែរ។
តួនាទីរបស់បញ្ញវន្ត គឺនិយាយការពិត ដើម្បីលុបបំបាត់ការកុហកបោកប្រាស់នានានៅក្នុងសង្គម។ នេះជាការលើកឡើងរបស់អ្នកទស្សនវិជ្ជាជនជាតិអាមេរិក លោក Noam Chomsky។
ចំពោះលោក កែម ឡី លោកធ្លាប់ជំរុញឱ្យបញ្ញវន្តថា «និយាយការពិត កុំនិយាយការពារ» «បើយើងដឹងហើយមិនធ្វើ ទុកឱ្យអ្នកណាធ្វើ?» ជាដើម។
អ្នកទស្សនវិជ្ជាល្បីល្បាញលើពិភពលោក គឺលោក Plato និង Aristotle លើកឡើងថា បញ្ញវន្តដើរតួនាទីសំខាន់ណាស់នៅក្នុងសង្គម ក្នុងការស្រាវជ្រាវ និងផ្តល់គំនិតដល់រដ្ឋាភិបាល។
ក្នុងការសិក្សាស្រាវជ្រាវមួយរបស់ Global Research ស្តីពីតួនាទីរបស់បញ្ញវន្តនៅក្នុងសតវត្សរ៍ទី២១ បញ្ញវន្តមានតួនាទីសិក្សាស្រាវជ្រាវពីបញ្ហាសង្គម និងដំណោះស្រាយ ហើយយកទៅបង្ហាត់បង្ហាញតាមសាលារៀន វេទិកានានា កម្មវីធីវិទ្យុ ទូរទស្សន៍ ឬសរសេរជាសៀវភៅជាដើម។
បើនិយាយពីបណ្ឌិតបញ្ញវន្តនៅកម្ពុជា ក៏មានចំនួនមិនតិចទេដែលបានបញ្ចប់ថ្នាក់កម្រិតឧត្តមសិក្សារៀងរាល់ឆ្នាំ រហូតដល់កាលពីចុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីលើកឡើងពីក្តីបារម្ភករណីអ្នកទទួលងារជាបណ្ឌិត តែមិនមានសមត្ថភាពគ្រប់គ្រាន់។ ជុំវិញករណីនេះ ក៏មានការលើកឡើងពីក្រុមបណ្ឌិតមួយក្រុមពីផែនការស្រាវជ្រាវផ្ទៀងផ្ទាត់ភាពត្រឹមត្រូវអ្នកទទួលបានងារជាបណ្ឌិតផងដែរ។
បើទោះជាកម្ពុជាមានបណ្ឌិតបញ្ញវន្តច្រើន ប៉ុន្តែ បញ្ហាធំៗរបស់សង្គម ដូចជា អយុត្តិធម៌សង្គម គ្រឿងញៀន បរិស្ថាន ជាដើម គឺមិនសូវសម្បូរបណ្ឌិត ឬបញ្ញវន្តចេញនិយាយវែកញែកពន្យល់ពលរដ្ឋនោះទេ។
ដោយសារបរិបទដែលមើលឃើញថា បណ្ឌិតបញ្ញវន្តមិនសូវសកម្មចេញមុខក្នុងការពន្យល់សាធារណជនពីអ្វីដែលខ្លួនបានរៀនសូត្រ បានស្រាវជ្រាវ ឬបានចេះដឹងនោះ ទើបលោក Albert Einstein បានពោលថា «ពិភពលោកនេះ មិនត្រូវបានបំផ្លាញដោយពួកមនុស្សអាក្រក់តែឯងនោះទេ តែក៏ដោយសារពួកមនុស្សល្អ ដែលពួកគេបានឈរឱបដៃមើល»។
នៅក្នុងពិភពលោក ឬសង្គមមួយ ពេលដែលរងការបំផ្លាញ មិនមែនគ្រោះថ្នាក់តែមនុស្សដែលទទួលការអប់រំតិចនោះទេ គឺរួមទាំងបញ្ញវន្ត និងកូនចៅរបស់ពួកគេក៏រងគ្រោះដែរ ដូចករណីសម័យខ្មែរក្រហម ក្រុមនាយទុន និងបញ្ញវន្ត ក្លាយជាក្រុមគោលដៅដែលត្រូវសម្លាប់ ហើយបើមើលក្នុងស្ថានភាពសង្គ្រាមលោកលើកទី១ និងលើកទី២ គឺគ្រោះថ្នាក់ក៏កើតមានលើមនុស្សគ្រប់គ្នាមិនប្រកាន់ឋានៈ តួនាទី ឬជីវភាពឡើយ៕