ខណៈដែលកម្ពុជាកំពុងស្ថិតក្នុងក្ដីបារម្ភអំពីការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រមុខការទូតហុងគ្រីនោះ វីរុសផ្លូវដង្ហើមមួយប្រភេទនេះ កំពុងតែរាតត្បាតខ្លាំងក្លានៅឯប្រទេសហុងគ្រី ដោយមានមនុស្សស្លាប់កាន់តែច្រើន។
សារព័ត៌មាន Hungary Today បានចុះផ្សាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ថ្ងៃទី៦ ខែវិច្ឆិកា អ្នកជំងឺកូវីដ១៩ ដល់ទៅ១០៧នាក់ បានស្លាប់បាត់បង់ជីវិត ដែលភាគច្រើនជាមនុស្សចាស់។
សារព័ត៌មានដដែលនេះបានរាយការណ៍បន្តថា គិតត្រឹមថ្ងៃសោរ៍សប្ដាហ៍មុន មនុស្សដល់ទៅ ២ ៣៥៧នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈអ្នកជំងឺ២៤ ៨៤៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ។
សារព័ត៌មាននេះបានរាយការណ៍ទៀតថា អំឡុងរយៈពេល២៤ម៉ោងថ្ងៃសុក្រសប្ដាហ៍មុន មនុស្សដល់ទៅ៥ ៣១៨នាក់ ត្រូវបានធ្វើតេស្តនិងរកឃើញឆ្លងវីរុសកូរ៉ូណា ដែលនាំឱ្យចំនួនអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសហុងគ្រី កើនឡើងដល់ចំនួន១០៤ ៩៤៣នាក់។
គិតត្រឹមចុងសប្ដាហ៍កន្លងមកនេះ ហុងគ្រីមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥ ៦១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមនុស្ស៧៧ ៧៣៩នាក់ នៅបន្តផ្ទុកវីរុសកូរ៉ូណា។
ក្រៅពីនេះ មនុស្សដល់ទៅ៣៦ ៩១១នាក់ ត្រូវបានដាក់ឱ្យរក្សាខ្លួននៅដាច់ដោយឡែកនៅតាមផ្ទះ ខណៈចំនួនមនុស្សធ្វើតេស្តរកវីរុសនេះបានកើនឡើងដល់១ ១៨៩ ៩៦២នាក់ នៅទូទាំងប្រទេសគិត ចាប់តាំងពីថ្ងៃទី២១ ខែមីនាដើមឆ្នាំនេះមក។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ហុងគ្រីស្ថិតនៅចំណាត់ថ្នាក់លេខ២០នៅតំបន់អឺរ៉ុប ក្នុងនាមជាប្រទេសដែលមានអ្នកឆ្លងវីរុសកូរ៉ូណាច្រើនជាងគេ៕