ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជួបមេដឹកនាំហ្វីលីពីនលោក រ៉ូឌ្រីហ្គូ ឌូតើតេ ក្នុងរយៈពេលខ្លីមួយកាលពីថ្ងៃពុធម្សិលមិញ ក្រោយពេលមេដឹកនាំហ្វីលីពីនប្រើពាក្យប្រមាថ។
មន្ត្រីបាននិយាយថា ការជួបនេះធ្វើឡើងតែក្នុងរយៈពេលខ្លីមួយប៉ុណ្ណោះគឺមុនអាហារពេលល្ងាចក្នុងពេលប្រជុំអាស៊ាននៅក្នុងប្រទេសឡាវ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក ភើហ្វិចតូ យាសេ ថ្លែងថា ការជួបនោះធ្វើឡើងនៅក្នុងបន្ទប់មួយក្នុងរយៈពេលខ្លី ហើយលោកផ្ទាល់ក៏មិនអនុញ្ញាតឲ្យនៅស្តាប់ការជជែកគ្នារវាងមេដឹកនាំទាំងពីរដែរ។ លោកថា លោកមានការសប្បាយចិត្តដែលឃើញមេដឹកនាំរបស់លោកជួបជាមួយលោក អូបាម៉ា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ការជួបគ្នារយៈពេលខ្លី ហើយមិនបាននិយាយអ្វីសំខាន់ទេ។
កាលពីថ្ងៃអង្គារ លោក អូបាម៉ា បានលុបចោលគម្រោងជួបជាមួយលោក ឌូតើតេ ជាទ្វេភាគីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនបានហៅលោក អូបាម៉ាថា ជាកូនស្រីមិនល្អ “ស្រីសំផឹង“៕