កាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកគាំទ្រជាង១០០នាក់បានប្រមូលផ្ដុំគ្នានៅទីប្រជុំជនក្រុង Minneaspolis រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក ដើម្បីស្រែកតវ៉ាឲ្យអាជ្ញាធរបញ្ឈប់គម្រោងនិរទេសជនភៀសខ្លួនកម្ពុជា ដែលត្រូវបានភ្នាក់ងារអនុវត្តច្បាប់និងអន្ដោប្រវេសន៍អាមេរិក (ICE) ចាប់ឃាត់ខ្លួនកាលពីខែសីហាកន្លងទៅ។
សារព័ត៌មាន Startribune ឲ្យដឹងថាយ៉ាងហោចណាស់មានជនភៀសខ្លួនខ្មែរចំនួន៨នាក់ត្រូវបានអង្គភាព ICE ឃុំខ្លួននៅក្នុងទីក្រុងភ្លោះ Twin Cities ហើយបានឲ្យដឹងទៀតថា ពួកគេនឹងត្រូវបញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្រុមគ្រួសាររួមទាំងសមាជិកសហគមន៍និងមន្ដ្រីមកពីអង្គការការពារសិទ្ធិជនអន្ដោប្រវេសន៍ផង បានអំពាវនាវឲ្យបញ្ឈប់ការនិរទេសនិងសុំឲ្យមន្ដ្រីជាប់ឆ្នោតក្នុងរដ្ឋមីនីសូតាលូកដៃជួយអន្ដរាគមន៍លើបញ្ហានេះ។
បើតាមអ្នកនាំពាក្យភ្នាក់ងារ ICE លោក Shawan Neuauer បានបញ្ជាក់ថាជនជាតិខ្មែរទាំងនោះ មានជាប់ទាក់ទិនបទល្មើសព្រហ្មទណ្ឌ រួមទាំងជនសង្ស័យម្នាក់ផងរងការចោទប្រកាន់ពីបទប៉ុងប៉ងធ្វើមនុស្សឃាត។
លោកបន្ថែមថា ជនអន្ដោប្រវេសន៍ទាំងនោះនឹងត្រូវបញ្ជូនទៅប្រទេសកំណើត ព្រោះរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការណ៍បន្ថែមទៀតជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធលើបញ្ហានេះហើយ។
យ៉ាងណាក្ដី មន្ដ្រីនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថាវាជាគោលនយោបាយដ៏យូរអង្វែងរបស់អាមេរិកដែលត្រូវបញ្ជូនជនភៀសខ្លួនមានមានជាប់ពិរុទ្ធភាពបទល្មើស ពិសេសជនដែលជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ៕