មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិប្រកាសថា ថ្នាក់ដឹកនាំបក្សនេះកំពុងពិចារណាក្នុងការចូលរួមប្រជុំសភាពេញអង្គនៅខែក្រោយ ក្រោមហេតុផលថាដើម្បីដោះស្រាយបញ្ហាមួយចំនួនដែលកំពុងកើតមាន។
បន្ទាប់ពីសួរសុខទុក្ខសកម្មជនរបស់ខ្លួនដែលកំពុងជាប់ឃុំ លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខពន្ធនាគារព្រៃសថា ថ្នាក់ដឹកនាំគណបក្សនេះកំពុងពិចារណាពីការចូលរួមប្រជុំសភា។ លោក សុន ឆ័យ បញ្ជាក់ថាគណបក្សនេះគ្រោងកោះហៅរដ្ឋមន្ត្រីចំនួន៤រូបសួរជុំវិញការបំពេញការងារមិនបានត្រឹមត្រូវ រួមមានក្រសួង សុខាភិបាល ក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ និងក្រសួងកសិកម្ម។
លោក សុន ឆ័យ បញ្ជាក់ទៀតថារបៀបវារៈមួយចំនួនដែលគណបក្សប្រឆាំងលើកឡើង ត្រូវគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាទទួលយក សម្រាប់ធ្វើការពិភាក្សានៅពេលប្រជុំពេញអង្គ។
កាលពីថ្ងៃទី២៧ខែឧសភា គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ថាតំណាងរាស្ត្ររបស់ខ្លួនមិនអាចបំពេញការងារក្នុងសភាបានទេ ដោយសារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទទួលរងការរំលោភបំពានពីរដ្ឋាភិបាល។ ការប្រកាសមិនចូលសភារបស់បក្សប្រឆាំងពេលនោះគឺចំពេលដែលសមត្ថកិច្ចតាមចាប់ខ្លួនលោក កឹម សុខា។
នៅថ្ងៃចន្ទម្សិលមិញ លោក ហ៊ុន សែន បានប្រាប់ឲ្យគណបក្សប្រឆាំងចូលសភាវិញ ដើម្បីពិភាក្សាដោះស្រាយលើបញ្ហាដែលកំពុងកើតមាន៕
ដោយលោក ញឹម សុខន និង ពៅ មេត្តា