រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្លឹងឆ្ពោះទៅរកការបញ្ឈប់ប្រពៃណីកាត់ច្រឹបចុងប្រដាប់ភេទក្មេងស្រី តាមរយៈការបង្កើនយុទ្ធនាការជាថ្មី បើទោះបីមានការប្រឆាំងពីក្រុមមេដឹកនាំសាសនានៅក្នុងប្រទេសនេះក៏ដោយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានបន្ថែមថា ទស្សនៈបញ្ចប់ការប្រកាន់ប្រពៃណីនេះត្រូវបានគេលើកឡើងកាលពីមួយទសវត្សរ៍មុន ប៉ុន្តែបានប្រឈមទៅនឹងការជំទាស់ពីសំណាក់បុព្វជិតមូស្លីមមានឥទ្ធិពល។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីកិច្ចការស្ត្រីឥណ្ឌូនេស៊ី អ្នកស្រី យូហាណា យ៉ែមប៊ីសេ បានប្រាប់ Reuters ថា រដ្ឋាភិបាលបានចូលរួមជាមួយក្រុមស្ត្រីនិងក្រុមសាសនា ដើម្បីលើកកម្ពស់ការយល់ដឹងពីបញ្ហានេះ។
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលកំពុងតែអប់រំក្រុមទាំងពីរនេះឲ្យយល់ដឹងពីគ្រោះថ្នាក់នៃការកាត់ច្រឹបប្រដាប់ភេទកុមារី ហើយរដ្ឋាភិបាលនឹងធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដើម្បីធានាថាគោលបំណងរបស់រដ្ឋាភិបាលសម្រេចបាន។
របាយការណ៍អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែកុម្ភៈកន្លងមកបានបង្ហាញថា កុមារីឥណ្ឌូនេស៊ីជិត ៥០ភាគរយត្រូវបានកាត់ច្រឹបប្រដាប់ភេទ។ តួលេខនេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពបញ្ច្រាសគ្នាទៅកិត្តិនាមប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសមូស្លីមជឿនលឿនមិនប្រកាន់តឹងរឹង៕