អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ ដើម្បីទុកពេលឲ្យម្ចាស់អចលនទ្រព្យដែលមិនទាន់បង់ពន្ធក្នុងអំឡុងពេលប្រកាសកន្លងមក។
នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ឲ្យដឹងថា ប្រកាសពន្យារពេល ដើម្បីឲ្យម្ចាស់អចលនទ្រព្យដែលមិនទាន់បង់ពន្ធនៅឆ្នាំ២០១៦ ឲ្យទៅបង់ពន្ធចាប់ពីថៃ្ងប្រកាសរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
សេចក្ដីជូនដំណឹង៖ “អគ្គនាយកដ្ឋានពន្ធដាពិនិត្យឃើញថា រហូតមកដល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០១៦ ហើយក៏នៅម្ចាស់អចលនទ្រព្យមួយចំនួនតូចទៀតនៅមិនទាម់បានបំពេញកាតព្វកិច្ចបង់ពន្ធប្រភេទនេះនៅឡើយទេ“។
សេចក្ដីជូនឲ្យដឹងបន្តថា ម្ចាស់អចលនទ្រព្យទាំងឡាយណាដែលមិនព្រមទៅបង់ពន្ធក្នុងអំឡុងពេលនិងក្រោយការពន្យារពេលខាងលើនោះ នឹងត្រូវទទួលនូវទោសទណ្ឌទៅតាមច្បាប់ស្ដីពីសារពើពន្ធ៕