លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហើបថា កម្ពុជានឹងរកលទ្ធភាពបើកទេសចរណ៍វ៉ាក់សាំង ដើម្បីទាក់ទាញចំណូល ដោយថា រលកចម្លងនៃជំងឺកូវីដ-១៩ ស្ថិតក្នុងស្ថានភាពធូរស្រាល និងមានភាពស៊ាំក្នុងសហគមន៍។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅក្រសួងពាក់ព័ន្ធឱ្យសិក្សាពីលទ្ធភាពបើកឱ្យមានទេសចរណ៍វ៉ាក់សាំង ដើម្បីឱ្យវិស័យទេសចរណ៍ដំណើរការឡើងវិញ ក្នុងការទាញយកចំណូលសម្រាប់សេដ្ឋកិច្ចជាតិនិងពលរដ្ឋ។
បើតាមមេដឹកនាំរូបនេះ ការបើកឡើងវិញនូវទេសចរណ៍ក្នុងស្រុកបានផ្តល់ចំណូលដល់ពលរដ្ឋនៅតំបន់ទេសចរណ៍ ផ្តល់ចំណូលដល់ភោជនីយដ្ឋាន ផ្ទះសំណាក់ រួមទាំងផលប្រយោជន៍ដល់សេវាផ្សេងៗទៀតផង។
តែយ៉ាងណា លោកថា ការបើកឡើងវិញសម្រាប់ទេសចរណ៍ក្នុងស្រុកឬទេសចរណ៍សហគមន៍ ត្រូវបន្តអនុវត្តវិធានសុខាភិបាល រួមទាំងគម្លាតសុវត្ថិភាពសង្គម។
ចំណែកទេសចរណ៍ក្រៅប្រទេស លោកថា ពេលមកដល់កម្ពុជា ត្រូវធ្វើចត្តាឡីស័កសិន ទើបអាចធ្វើដំណើរឆ្លងខេត្តបាន៕