ដេប៉ូ​លក់​ប្រេង​ឥន្ធនៈ​៣០០​ក្នុង​ចំណោម​ជាង​៦០០ មាន​បញ្ហា​ទាំង​គុណភាព​និង​បរិមាណ​

មន្ត្រី ក.ប.ប ចុះពិនិត្យដេប៉ូលក់ប្រេងឥន្ធនៈមួយកន្លែងនៅខេត្តស្វាយរៀង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣០១កន្លែងក្នុងចំណោមស្ថានីយនិងដេប៉ូលក់ប្រេងឥន្ធនៈ៦៨៣កន្លែង រកឃើញមានភាពមិនប្រក្រតីនិងមិនអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោយពីសមត្ថកិច្ចបានចុះត្រួតពិនិត្យត្រឹមរយៈពេលជាង២ខែកន្លងទៅនេះ។

ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង​ និងបង្ក្រាប​ការក្លែងបន្លំ (ក.ប.ប)​ ក្រសួងពាណិជ្ជកម្ម ​លោក ផាន អូន ថ្លែងប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រោយចុះប្រតិបត្តិការត្រួតពិនិត្យភាពអនុលោមក្នុងការប្រកបអាជីវកម្មប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយនិងដេប៉ូនៅទូទាំងប្រទេសបានចំនួន៦៨៣ស្ថានីយនិងដេប៉ូ ក្នុងនោះ សមត្ថកិច្ចរកឃើញដេប៉ូចំនួន៣០១កន្លែងបានប្រកបអាជីកម្មមិនសុចរិតដែលមិនអនុលោមនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

លោក ផាន អូន មានប្រសាសន៍ថា៖ «អនុវត្តប្រកាសរួមអន្តរក្រសួងទើបថ្ងៃ១ ខែ៧ទេ​ រហូតមកដល់ពេលនេះ បើតាមការអនុវត្តជាក់ស្តែងដែលយើងធ្វើហ្នឹង យើង [ពិនិត្យ] បានដូចជាជាង៦០០ស្ថានីយ គឺច្រើនក្នុងរយៈពេល២ខែនេះ [ក្នុងនោះ ៣០១ដេប៉ូ រកស៊ីមិនសុចរិត]»

នៅពេលសួរថា តើភាពមិនប្រក្រតីនិងភាពមិនសុចរិតដែលដេប៉ូជាង៣០០នោះបានប្រព្រឹត្តមានអ្វីខ្លះ? លោក ផាន អូន លើកឡើងថា ពួកគេលក់ខ្វះបរិមាណនិងគុណភាពក៏មានបញ្ហាដែរ ពោលគឺលក់ខ្វះលីត្រ និងមានករណីសាំងលាយជាដើម។​

លោកបញ្ជាក់ថា៖ «ឥលូវនេះ យើងកំពុងធ្វើអំពីការមើលការខ្វះបរិមាណ ខ្វះលីត្រ ខុសនឹងបទដ្ឋានព័ត៌មានអីផ្សេងៗ ហើយយើងនឹងកំណត់គោលដៅមើលពីគុណភាព។ គាត់ខុសទាំង២ហ្នឹង [គឺខុស] ទាំងគុណភាព ទាំងបរិមាណ»

លោក ផាន អូន សុំមិនបញ្ចេញឈ្មោះក្រុមដេប៉ូដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ទាំងនោះឡើយ ដោយថា ទោះបីជាដេប៉ូមានឈ្មោះ Brand ដូចគ្នា តែមានទាំងជនសុចរិតនិងទុច្ចរិត ដូច្នេះអ្នកប្រព្រឹត្តខុសត្រូវទទួលទោស។

ទាក់ទងនឹងចំណាត់ការទៅលើម្ចាស់ដេប៉ូដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ លោក ផាន អូន ថាអាចនឹងត្រូវប្រឈមនឹងច្បាប់អន្តរការណ៍ អាចមានការព្យួរ ឬអាចមានការស្នើសុំឱ្យបញ្ឈប់អាជីវកម្ម ជាដើម។

លោក ផាន អូន ថា៖ «នីតិវិធី យើងអនុវត្តតាមប្រកាសរួម ប្រកាសអន្តរក្រសួងលេខ៣៣៨ វិន័យអន្តរការណ៍ចំពោះបទល្មើស ដើម្បីជាការព្រមានលើកទី១។ នីតិវិធីបន្ត យើងនឹងធ្វើទៅតាមយន្តការនៃច្បាប់បានកំណត់ឱ្យ អាចមានការព្យួរ ឬអាចមានការស្នើសុំឱ្យបញ្ឈប់ ឬអាចមានការស្នើសុំឱ្យដកអាជ្ញាបណ្ណអីផ្សេងៗទៅតាមកម្រិតទោស»

លោក ម៉េង ពុទ្ធី ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លើកឡើងថា វាជាចំណុចវិជ្ជមាននៅពេលដែលអាជ្ញាធរចុះធ្វើការផ្ទាល់ជាមួយអ្នករកស៊ីអាជីវកម្មលក់ប្រេងឥន្ធនៈទាំងនោះ ដើម្បីរកមុខអ្នកកេងបន្លំ។ យ៉ាងណា លោកសំណូមពរឱ្យសមត្ថកិច្ចចុះពិនិត្យតាមស្ថានីយប្រេងឥន្ធនៈនានាឱ្យបានញឹកញាប់ ដើម្បីជាបន្ទុកដល់អ្នកមានឥរិយាបថកេងបន្លំ ផ្លាស់ប្តូរ និងសម្រួលឱ្យបានត្រឹមត្រូវវិញ។

លោក ម៉េង ពុទ្ធី ថា៖ «[សមត្ថកិច្ចត្រូវ] ចាត់វិធានការយ៉ាងម៉ឺងម៉ាត់សម្រាប់អ្នកដែលកេងបន្លំ ព្រោះវានឹងជាគំរូទៅលើហ្គារ៉ាស់សាំងរាប់ម៉ឺនហ្គារ៉ាស់ទៀតនៅកម្ពុជា។ បើសិនជាចាប់បានហើយ តែមិនចាត់វិធានការទៅលើអ្នកកេងបន្លំទេ នោះនឹងធ្វើឱ្យពលរដ្ឋយល់ថា [អាជ្ញាធរ] បានតែថា តែមិនមានវិធានការអីឱ្យម៉ឺងម៉ាត់ […]

លោក ប៉ិច ពិសី នាយក​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា លើកឡើងថា ការលក់កេងបន្លំប្រេងនេះ គឺជាប្រធានបទសំខាន់មួយ។ លោកថា ពលរដ្ឋប្រើប្រាស់ថាមពលចេញពីប្រេង សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ បែបនេះ ប្រសិនបើសាំងត្រូវបានលក់កេងបន្លំបរិមាណ ខណៈតម្លៃសាំងនៅក្នុងស្រុកក៏ថ្លៃទៀតនោះ នោះមិនត្រឹមតែប៉ះពាល់នូវសីលធម៌ប៉ុណ្ណោះទេ តែប៉ះដោយ​ផ្ទាល់ដល់ជីវភាពរបស់ពួកគាត់ទៀតផង។

លោក ប៉ិច ពិសី ថា៖ «[…] អ៊ីចឹងបើសិនជាសាំងហ្នឹង បានន័យថា អត់គ្រប់​[បរិមាណ] ហើយតម្លៃសាំងយើងដឹងស្រាប់ហើយ តម្លៃសាំងនៅក្នុងស្រុកយើងថ្លៃស្រាប់។ អ៊ីចឹងបើសិនជាយើងទិញអីវ៉ាន់ហ្នឹងថ្លៃ ហើយអត់គ្រប់ទៅទៀត ដោយសារមានការកេងបន្លំពីអ្នកលក់ មានន័យថា តម្លៃនៃការផលិតចេញផលិតផលផ្សេងៗ សេវាផ្សេងៗ ដោយប្រើប្រាស់សាំងនោះ អីវ៉ាន់ទាំងនោះ គឺថ្លៃទាំងអស់។ អ៊ីចឹងហើយបានជាការកេងបន្លំហ្នឹងមានវិសាលភាពនៃការប៉ះពាល់ធំធេងជាងត្រឹមតែរឿងអសីលធម៌អីអ៊ីចឹង»

លោក ប៉ិច ពិសី ថាការកេងបន្លំខាងលើមិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋប៉ុណ្ណោះទេ តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ ពោលគឺដោយសារពលរដ្ឋត្រូវចំណាយថវិកាច្រើនលើប្រេង ដើម្បីបានបរិមាណបំពេញនូវតម្រូវការផលិតនានា។ លោកថា កត្តានេះធ្វើឱ្យពួកគាត់ពុំអាចប្រកួតប្រជែងការផលិតអីវ៉ាន់ផ្សេងៗ និងមិនអាចមានលទ្ធភាពធ្វើឱ្យផលិត​ផល​មានតម្លៃថោកជាងប្រទេសជិតខាងដែរ បែបនេះមានផលប៉ះពាល់ធំធេងណាស់ដល់សេដ្ឋកិច្ចជាតិ។

ជាដំណោះស្រាយ លោក ពិសី ថាអាជ្ញាធរត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា។ លោកថា សមត្ថកិច្ចត្រូវពង្រឹងការត្រួតពិនិត្យ តាមដានទៅលើអ្នកធ្វើអាជីវកម្មលក់ប្រេងសាំងទាំងនោះ ហើយបើរកឃើញថាមានបញ្ហា ត្រូវអនុវត្តច្បាប់ឱ្យដល់កម្រិតមួយដែលធ្វើឱ្យអ្នកប្រព្រឹត្តខុសរាងចាលនិងលែងហ៊ានធ្វើ។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជំពូកទី១០ មាត្រា៤១ កថាខណ្ឌទី២ បានចែងថា «ក្នុងករណីទទួលរងនូវការព្រមានជាលាយលក្ខណ៍អក្សរម្តងរួចហើយ នៅតែបន្តប្រព្រឹត្តល្មើសតាមកថាខណ្ឌទី១ ខាងលើនេះ ត្រូវព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណ»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ