មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅខែតុលាខាងមុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចាកិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ភាគីទាំងពីរបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដែលនឹងចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានប្រាប់សារព័ត៌មាន វីអូឌី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈបណ្តាញសង្គមតេឡេក្រាមថា តាមលិខិតអញ្ជើញរបស់លោកស្រី Yoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងត្រូវចុះហត្ថលេខានៅខែតុលា ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ។
លោកបន្តថា បើសិនជាស្ថានភាពកូវីដ-១៩ នៅប្រទេសទាំងពីរមានភាពធូរស្រាល លោក ប៉ាន សូរស័ក្តិ នឹងដឹកនាំប្រតិភូកម្ពុជាទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះដោយផ្ទាល់នៅសាធារណរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែប្រសិនបើស្ថានភាពមិនធូរស្រាលទេ ភាគីទាំងពីរអាចពិចារណាជម្រើសចុះហត្ថលេខាតាមអនឡាញ។
លោកបន្តថា៖ «ការចរចាមានលក្ខណៈទៅមក ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក៏មានក្រុមការងារដែលទទួលបានសិទ្ធិពីប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋមន្រ្តីចាត់ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាវិស័យឯកជនចូលរួមជជែកវែកញែកគ្នារកហេតុផល នឹងមានការប្រុងប្រយ័ត្នជាទីបំផុតក្នុងការដែលយើងស្នើសុំទៅគេនិងអ្វីដែលអាចឱ្យទៅគេ»។
លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកបន្ថែមថា៖ «មកដល់ពេលនេះ ការនាំចេញទំនិញទៅកាន់សាធារណរដ្ឋកូរ៉េ អាចធ្វើបានតាមក្របខណ្ឌអាស៊ាន, អាស៊ានបូក១, អាស៊ានបូក៣, អង្គការពាណិជ្ជកម្មពិភពលោក។ ក្រោមក្របខណ្ឌទាំងនេះ កម្ពុជាបានទទួលសម្បទានពន្ធគយពីកូរ៉េក្នុងកម្រិតមួយ។ ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជានឹងទទួលបានសម្បទានពន្ធគយច្រើនជាងក្របខណ្ឌទាំងប៉ុន្មានខាងលើ។ ទំនិញសក្ដានុពលដែលកម្ពុជារំពឹងថានឹងនាំចេញទៅកូរ៉េមានកសិផល, កសិផលកែច្នៃ, វាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ, ផលិតផលកៅស៊ូ, គ្រឿងបន្លាស់, គ្រឿងបង្គុំអេឡិចត្រូនិច, ផលិតផលឧស្សាហកម្មស្រាល និងផលិតផលផ្សេងៗមួយចំនួនទៀត»។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីកម្ពុជា-កូរ៉េខាងត្បូង គ្រោងចុះហត្ថលេខាម្តងរួចទៅហើយកាលពីខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារស្ថានភាពរីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង គម្រោងនេះក៏ត្រូវខកខានទៅវិញ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កាលពីឆ្នាំ២០២០ ភាគីទាំងពីរ បានជួបចរចាគ្នាចំនួន៤លើករួចមកហើយ៕