សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ក្រើនរម្លឹកពីតម្លៃរបស់សារព័ត៌មាន និងជំរុញឱ្យមានការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីឱ្យមានការសម្រេចចិត្តត្រឹមត្រូវ សម្រាប់សង្គ្រោះជីវិតមនុស្ស និងដោះស្រាយបញ្ហានានារបស់សង្គម។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នាឱកាសទិវាអន្តរជាតិស្ដីពី «សិទ្ធិទទួលព័ត៌មាន» នៅថ្ងៃទី២៨ ខែកញ្ញានេះ បានឱ្យដឹងថា សង្គមជាទូទៅ និងសម្រាប់បរិបទប្រទេសកម្ពុជាផង ការបណ្ដុះបាននូវវប្បធម៌ «ប្រជាធិបតេយ្យចូលរួម» គឺសំខាន់ណាស់ ពីព្រោះការចូលរួមពីសំណាក់ប្រជាពលរដ្ឋទូទៅតាមរយៈសារព័ត៌មាន ដើម្បីបង្កើតបាននូវបរិយាកាសសុខដុមរមនាក្នុងសង្គមជាតិ ហើយថែមទាំងធ្វើឱ្យសកម្មភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យប្រព្រឹត្តទៅបានលឿនថែមទៀតផង។
សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ប្រជាធិបតេយ្យចូលរួម គឺមានតម្លៃល្អចំពោះសង្គមជាតិ ដែលផ្ទុយពីប្រជាធិបតេយ្យប្រឈមមុខ ដែលបង្កការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ ប្រសិនបើបរទេសជំរុញពីក្រោយបន្ថែមទៀតនោះ។ ដូច្នេះ តម្លៃរបស់សារព័ត៌មានមិនត្រឹមតែស្ថិតនៅលើពាក្យឯករាជ្យនោះទេ គឺស្ថិតលើការផ្សាយការពិត ពីព្រោះមានតែព័ត៌មានពិតដែលមានតម្លៃសម្រាប់ការសម្រេចចិត្តត្រឹមត្រូវ សម្រាប់ការសង្គ្រោះជីវិតមនុស្ស និងសម្រាប់ដោះស្រាយបញ្ហានានារបស់សង្គម»។
សេចក្ដីថ្លែងការណ៍ដដែលក៏បានលើកឡើងទៀតថា សិទ្ធិនៃការទទួលព័ត៌មាន សិទ្ធិនៃការប្រើប្រាស់ព័ត៌មាន ត្រូវតែផ្សារភ្ជាប់ជាមួយនឹងក្រមសីលធម៌នៃការផ្សព្វផ្សាយ ការទទួលខុសត្រូវ និងបុព្វហេតុជាតិ មិនមែនដើម្បីបម្រើឱ្យមនោគមវិជ្ជាបរទេសណាមួយឡើយ។
ទិវាអន្តរជាតិស្ដីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» រំលេចចេញនូវប្រធានបទ «សិទ្ធិដឹង» កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន ដោយបញ្ជាក់ថា សាធារណជនត្រូវការព័ត៌មានដែលពិតត្រឹមត្រូវ៕