អ្នក​សារព័ត៌មាន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​បទុមសាគរ​ហៅ​សាកសួរ​ក្រោយ​លោក​ ទៀ បាញ់​ បញ្ជា

លោក យួន ឈីវ ជាអ្នកសារព័ត៌មានមួយរូបនៅខេត្តកោះកុង កាលពីពេលកន្លងទៅ។ (ហ្វេសប៊ុកលោក យួន ឈីវ)

មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបទុមសាគរ បាន​​សាកសួរអ្នកសារព័ត៌មាន​ម្នាក់​ឈ្មោះ យួន ឈីវ បន្ទាប់​ពី​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាឱ្យ​មាន​ចំណាត់ការ​​​លើ​​អ្នកកាសែត​រូបនោះ ពាក់ព័ន្ធករណីបំភ្លៃព័ត៌មានរឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។

ការកោះហៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក​ យួន ឈីវ បានធ្វើការផ្សព្វផ្សាយថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តនេះដែលដឹកនាំដោយលោក សុខ សុទ្ធី បានទៅ​កាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃ បន្ទាប់ពីមានអនុក្រឹត្យ​ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

លោក​ សុខ ផន អធិការនគរបាលស្រុកបទុមសាគរ បានថ្លែងបញ្ជាក់កាលពី​ម្សិលមិញ​ថា៖ «យើងកំពុងធ្វើការ​សាកសួរ។ ប៉ូលិសយើងបាន​និង​កំពុង​សួរនាំ។ ស្នងការរង គាត់បានមកសាកសួរ។ យើងបានសាកសួរប្រហែល៣ឬ៤ម៉ោងហើយ យើងមិនទាន់ដឹងទេថាត្រូវបញ្ជូនឬអត់ យើងរង់ចាំការងារចប់សិន»។

សារសំឡេងបែកធ្លាយរបស់លោក ទៀ បាញ់ បានធ្វើឡើងបន្ទាប់ពីមានផេកហ្វេសប៊ុកឈ្មោះ Koh Kong Hot News ដែលបានផ្សាយវីដេអូដោយដាក់ចំណងជើងថា «លោក សុខ សុទ្ធី (អភិបាលរងខេត្តកោះកុង) ឃោរឃៅបំផុតធ្វើ​បាបពលរដ្ឋ» ដោយលោក​បានចាត់ទុកថា ការផ្សព្វផ្សាយនេះជាព័ត៌មានខុសពីការពិត ធ្វើឱ្យ​​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ និងបង្កភាពចលាចលក្នុងសង្គម។

ក្នុងសារជាសំឡេងនោះ លោក ទៀ បាញ់ បានបញ្ជាឱ្យ​​អាជ្ញាធរខេត្តកោះកុងធ្វើរបាយការណ៍ជាលាយ​លក្ខណ៍​អក្សរនិងពិភាក្សាជាមួយអ្នកច្បាប់ ធ្វើរឿងហ្នឹងឱ្យ​​បានឆាប់រហ័សនិងទាន់ពេលវេលា។

អាជ្ញាធរខេត្តកោះកុងក៏បានច្រានចោល​ការចុះផ្សាយព័ត៌មាន​របស់​អ្នក​សារព័ត៌មានឈ្មោះ យួន ឈីវ នេះថាជា​ព័ត៌​មាន​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ខុសពីការពិត ខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌ជាអ្នកសារព័ត៌មាន ហើយការ​ចុះផ្សាយព័ត៌មាន​នេះមានចេតនា​បង្កាច់​បង្ខូចកេរ្តិ៍​ឈ្មោះលោក សុខ សុទ្ធី ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរដ្ឋបាលខេត្ត ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កភាពចលាចលក្នុងសង្គម។

កន្លងទៅនេះ ក្រុមការងាររដ្ឋបាលខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានចុះអនុវត្តវិធានរដ្ឋបាលនៅចំណុចអូរយ៉ូយ៉ា ចំណុច​ខ្មោច៤នាក់ ស្ថិតនៅភូមិចម្លងគោ និងចំណុចព្រែករាក់ ចំណុចព្រែកគល់ ស្ថិតនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។

ការចុះអនុវត្តវិធានការនោះ ដោយសារនៅទីតាំងទាំងនេះមានការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់​ពីសំណាក់ជនខិលខូច។ លើសពីនេះ នៅទីតាំងដែលរដ្ឋបាលខេត្តចុះអនុវត្តវិធានរដ្ឋបាលនោះ ជាទីតាំងដីស្ថិតនៅក្នុងឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង មិនមែនស្ថិតនៅក្នុងអនុក្រឹត្យលេខ៣០ ដែលចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ