លោក ស៊ី ជីនពីង ប្ដេជ្ញា​បង្រួប​បង្រួម​ជាមួយ​កោះ​តៃវ៉ាន់

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ REUTERS/Carlos Garcia Rawlins)

ប្រធានាធិបតីចិន លោក​ ស៊ី ជីនពីង បានប្ដេជ្ញាកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ​ដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ ខណៈដែលលោកមិនបានលើកឡើងដោយផ្ទាល់អំពីការប្រើប្រាស់កម្លាំងរបស់ខ្លួនទៅលើដែនកោះមួយនេះដែលកើតឡើងកាលពីពេលថ្មីៗនោះទេ។

លោកថ្លែងថា៖ «ការបង្រួបបង្រួមពេញលេញនៃប្រទេសរបស់យើង ត្រូវតែកើតមានឡើងនិងអាចសម្រេចបាន»។

ថ្លែងនៅឯសាលវិមានប្រជាជនចិននៅឯទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានឱ្យដឹងទៀតថា ប្រជាជនចិនមានប្រពៃណីដ៏អស្ចារ្យមួយនៃការប្រឆាំងនឹងការផ្តាច់ខ្លួន។

ការថ្លែងរបស់ប្រធានាធិបតីរូបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងអស់រយៈពេលមួយសប្តាហ៍ដែលកើតឡើង​ដោយសារតែចិន​​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​ប្រមាណជា១៥០​គ្រឿង​ចូល​​ក្នុង​តំបន់​​ការពារ​ដែន​អាកាស​របស់តៃវ៉ាន់ ជាសកម្មភាពមួយដែលបង្កជាការព្រួយបារម្ភពីបណ្ដាប្រទេស​នានា។

ទោះជាយ៉ាងណា លោក ស៊ី ជីនពីង មិនបានលើកឡើងពីការប្រើកម្លាំងនេះ​ក្នុងសុន្ទរកថារបស់លោក​ឡើយ។

លោកបន្ថែមថា៖ «ឯករាជ្យរបស់តៃវ៉ាន់ គឺជាឧបសគ្គដ៏ធំបំផុតចំពោះការបង្រួបបង្រួមជាតិ និងជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ​មួយចំពោះការស្ដារប្រទេសជាតិឡើងវិញ។ អ្នកដែលភ្លេចមរតក​របស់ខ្លួន ក្បត់មាតុភូមិរបស់ពួកគេ និងស្វែងរកការបំបែកបំបាក់ប្រទេស​ នឹងមិនទទួលបានអ្វីដែលប្រសើរនោះទេ ហើយសកម្មភាពរបស់ពួកគេនឹងត្រូវបានបដិសេធដោយប្រជាជន និងថ្កោលទោសដោយប្រវត្តិសាស្ត្រ»។

ជាការឆ្លើយតប កោះតៃវ៉ាន់ហាក់មិនសូវសម្ដែងការគាំទ្រចំពោះការលើកឡើងរបស់លោក ស៊ី ជីន​ពីង នោះ​ទេ និង​បាន​អំពាវនាវ​ឱ្យចិនបោះបង់ចោលនូវការបង្ខិតបង្ខំរបស់​ខ្លួន ខណៈដែ​លពួក​គេថ្លែង​ថា អនាគតរបស់ខ្លួនគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ប្រជាជន។

គួរបញ្ជាក់ថា ដែនកោះដែលបានបែកចេញពីដីគោកក្នុងឆ្នាំ១៩៤៩មួយនេះ បដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន និងលើកឡើងថា ខ្លួនមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

នៅក្នុងសុន្ទរកថាដ៏សំខាន់ចុងក្រោយរបស់លោក ស៊ី ជីនពីង ស្តីពីកោះតៃវ៉ាន់ កាលពីខែកក្កដាកន្លងទៅ លោកបានប្តេជ្ញាក្នុងការកម្ទេចរាល់ការប៉ុនប៉ងណាមួយដើម្បីឯករាជ្យភាពជាផ្លូវការ។

កាលពីឆ្នាំ​២០១៩ លោកក៏បានគំរាម​ដោយផ្ទាល់ថានឹងប្រើកម្លាំង ដើម្បីនាំយកដែនកោះនេះមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ