បុគ្គលិកសណ្ឋាគារនៅខេត្តសៀមរាបមួយចំនួនរំពឹងថា រដ្ឋាភិបាលនឹងបើកប្រទេសទាំងស្រុង ជាពិសេសទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនៅចុងឆ្នាំ២០២១តាមការគ្រោងទុក ខណៈពួកគេមើលឃើញថា ស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ហាក់វិវត្តទៅរកភាពធូរស្រាល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីសប្ដាហ៍មុនថា លោកនឹងបើកទ្វារសេដ្ឋកិច្ចប្រទេសទាំងស្រុង ដើម្បីផ្ដល់ចរន្តសេដ្ឋកិច្ចគ្រប់វិស័យ រាប់ទាំងវិស័យទេសចរណ៍ ដោយបើកទទួលទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច បើក្រោយពិធីបុណ្យភ្ជុំបិណ្ឌមិនមានផ្ទុះការចម្លងជំងឺផ្លូវដង្ហើមថ្មីបង្កជាមហន្តរាយធ្ងន់ធ្ងរ។
ប្រធានគ្រប់គ្រងផ្នែកលក់នៃសណ្ឋាគារ អង្គរវីឡា ក្នុងក្រុងសៀមរាប អ្នកនាង ឃ្លោក មិថុនា លើកឡើងនៅថ្ងៃទី១៣ ខែតុលានេះថា សណ្ឋាគារនេះបានបិទទ្វារតាំងពីផ្ទុះជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២០មកម្លេះ ប៉ុន្តែខាងសណ្ឋាគារនៅរក្សាបុគ្គលិកប្រមាណ២០ភាគរយក្នុងចំណោមបុគ្គលិកប្រមាណ៣០០នាក់ សម្រាប់បន្តនិរន្តរភាពអាជីវកម្ម និងការថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវ័នរបស់សណ្ឋាគារ។
ប្រភពដដែលបន្ថែមថា ខាងសណ្ឋាគារមិនទាន់មានគម្រោងថានឹងបើកដំណើរការឡើងវិញនៅពេលណានៅឡើយ ដោយនៅរង់ចាំកាលបរិច្ឆេទបើកប្រទេសជាផ្លូវការក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិពីសំណាក់រដ្ឋាភិបាលសិន។
បុគ្គលិកផ្នែកលក់រូបនេះបន្ថែមថា៖ «ខ្ញុំសង្ឃឹម៦០ទៅ៧០ភាគរយដែរ ព្រោះដោយសារមើលទៅស្ថានភាពនៃការឆ្លងកូវីដ មើលទៅវាប្រសើរជាមុន មានន័យថា វាអត់សូវឆ្លងច្រើនជាងមុន។ ហើយណាមួយទៀត អ្នកដែលឆ្លងភាគច្រើនវាអត់សូវធ្ងន់ធ្ងរ មានន័យថា ពួកគាត់អាចព្យាបាលលក្ខណៈថា វាជាកូវីដដែលស្រាលអ៊ីចឹង វាអត់សូវមានអាធ្ងន់ធ្ងរឆ្លង»។
ដោយឡែក ជំនួយការប្រធានគ្រប់គ្រងផ្នែកលក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ក្នុងក្រុងសៀមរាប អ្នកនាង មឿន សុគ្គណ្ណា លើកឡើងថា ខាងសណ្ឋាគារកំពុងរៀបចំវិធានការបង្ការនិងការពារជំងឺកូវីដ-១៩ រួចជូនដំណឹងទៅក្រសួងសុខាភិបាលដើម្បីពិនិត្យ បើទោះជារដ្ឋាភិបាលមិនទាន់ប្រកាសបើកប្រទេសឡើងវិញនៅថ្ងៃណាក្ដី។
បុគ្គលិករូបនេះមើលឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩បច្ចុប្បន្ន មិនមានអ្វីគួរឱ្យព្រួយបារម្ភនោះទេ ដោយសារពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងចំនួន២ដូស ហើយរដ្ឋាភិបាលកំពុងដំណើរការចាក់ដូសទី៣ ជូនពលរដ្ឋបន្ថែមទៀតដែរ។
អ្នកនាង មឿន សុគ្គណ្ណា និយាយថា៖ «សង្ឃឹមថាដែរហ្នឹង តែមិនដឹងថាស្ថានការណ៍ហ្នឹងវាបែបម៉េច យើងអត់ទាន់ Estimate [ប៉ាន់ប្រមាណ] ចេញ។ តែយើងនឹងទទួលភ្ញៀវសម្រាប់អ៊ុំទូកហ្នឹងសិន ព្រោះអីយើងនឹងអ៊ុំទូកសម្រាប់ខែក្រោយ។ ហើយអ៊ីចឹងយើងទទួលភ្ញៀវសម្រាប់អ៊ុំទូកសិន។ បើសិនជាអ៊ុំទូក យើងដំណើរការទៅមុខ ប្រទេសរបស់យើងអាចនឹងមានស្ថានការណ៍វិលទៅធម្មតាអ៊ីចឹង»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ថ្លែងថា ក្រសួងទេសចរណ៍កំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំផែនការបើកទទួលទេសចរពីក្រៅប្រទេសដែលបានចាក់វ៉ាក់សាំងរួច ឬហៅថា ទេសចរណ៍សុវត្ថិភាព តាមការគ្រោងទុកនៅចុងឆ្នាំ។
លោកបន្ថែមថា ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩កំពុងមានភាពល្អប្រសើរ ហើយបើមិនមានអ្វីវិវត្តទៅជាធ្ងន់ធ្ងរនាពេលខាងមុខទេ លោកជឿថា ដំណើរការបើកទ្វារប្រទេសទាំងស្រុងនឹងត្រូវបានអនុវត្ត។
លោក តុប សុភ័ក ថ្លែងថា៖ «កិច្ចការនេះនៅពេលសម្រេចជាផ្លូវការ យើងខ្ញុំនឹងជម្រាបជូនលម្អិតថាតើយើងនឹងទទួលទេសចរអន្តរជាតិឡើងវិញនៅក្នុងកម្រិតណា នៅក្នុងទម្រង់បែបណា ហើយមានលក្ខខណ្ឌយ៉ាងម៉េចៗ។ សូមអនុញ្ញាតថា នឹងជម្រាបជូននៅពេលក្រោយ»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល គាំទ្រចំពោះផែនការបើកទ្វារសេដ្ឋកិច្ចទាំងស្រុងឡើងវិញរបស់រដ្ឋាភិបាលនៅពេលខាងមុខ ដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍ដែលជាវិស័យមួយរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងចំណោមវិស័យផ្សេងៗ។
យ៉ាងណា លោកបារម្ភចំពោះបញ្ហារីករាលដាលក្រោយបើកឡើងវិញ ខណៈស្ថានភាពឆ្លងក្នុងប្រទេស ថ្វីត្បិតបានធ្លាក់ចុះតួលេខពី៧០០ទៅ៨០០ករណី មកនៅត្រឹមពី២០០ទៅ៣០០ករណីក្នុងមួយថ្ងៃមែន ប៉ុន្តែចំនួននេះគឺមិនបានរាប់បញ្ចូលការធ្វើតេស្តរហ័សនោះទេ។
លោកបន្ថែមថា រដ្ឋាភិបាលគួរតែធ្វើតេស្តរកវិជ្ជមានកូវីដ-១៩លើភ្ញៀវពីក្រៅប្រទេស និងឱ្យធ្វើចត្តាឡីស័ក បើទោះជាពួកគេបានចាក់វ៉ាក់សាំងរួចក្តី ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋក្នុងប្រទេស ពីការនាំចូលជំងឺដូចក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១។
លោក ទូច កុសល ថ្លែងថា៖ «ប្រសាសន៍របស់សម្ដេចដែលថាចង់បើកឱ្យមានភ្ញៀវទេសចរដែលពួកគាត់បានចាក់វ៉ាក់សាំងហើយ ខ្ញុំគិតថា ជាការល្អ ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរកើនឡើង ហើយវាធ្វើឱ្យមានភាពល្អប្រសើរទៅដល់វិស័យទេសចរណ៍។ ប៉ុន្តែយើងក៏មានការព្រួយបារម្ភដែរ ខ្លាចវិធានការបង្ការហ្នឹង វាមិនបានឆ្លើយតបទៅតាមវិធានការរបស់ក្រសួងសុខាភិបាល»។
ចំណែកប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងកាលពីសប្ដាហ៍មុនថា ម្ចាស់សណ្ឋាគារនិងភ្នាក់ងារទេសចរណ៍កំពុងរង់ចាំមើលសេចក្ដីប្រកាសបើកប្រទេសជាផ្លូវការរបស់រដ្ឋាភិបាល មុននឹងពួកគេចាប់ផ្ដើមរៀបចំប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដែលបានផ្អាកមួយរយៈពេលវែងឡើងវិញ។
លោកស្រីថ្លែងថា៖ «បើសិនបើអត់មានជាកាលបរិច្ឆេទត្រឹមត្រូវទេ គាត់បានត្រឹមតែត្រៀម ក៏ប៉ុន្តែការត្រៀមពិតប្រាកដហ្នឹង វាមិនទាន់មកដល់ ព្រោះរឿងហ្នឹងវាទាក់ទងនឹងការចំណាយផងដែរ។ អ៊ីចឹងការត្រៀមត្រូវហៅបុគ្គលិក អ្នកជំនាញហ្នឹងត្រលប់មកវិញ អ៊ីចឹងតើហៅមករយៈពេលណាដើម្បីត្រៀម អ៊ីចឹងការរង់ចាំហ្នឹងបន្តគ្នា»។
បើតាមប្រភពដដែល សណ្ឋាគារនិងភោជនីយដ្ឋានប្រមាណជាង៣ ០០០ទីតាំង ភាគច្រើននៅក្នុងខេត្តសៀមរាប ត្រូវបានបិទទ្វារ និងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកកំពុងបំពេញការងារចម្លោះពី៥ទៅ៦ម៉ឺនកន្លែង ដែលខ្លះត្រូវបង្ខំចិត្តប្តូរទៅធ្វើការងារសំណង់ឬស្រែចម្ការ ខ្លះត្រូវបានរឹបអូសដីធ្លី ផ្ទះសម្បែង ដោយសារចំណូលត្រូវបាត់បង់ មិនអាចមានលទ្ធភាពដោះបំណុលធនាគារបាន ជាដើម៕