អង្គការសុខភាពពិភពលោក (WHO) បានប្រកាសបង្កើតក្រុមការងារថ្មីមួយ កាលពីថ្ងៃពុធម្សិលមិញ និងបានចាត់ទុកថាជាឱកាសចុងក្រោយរបស់ខ្លួន ដើម្បីកំណត់ពីប្រភពដើមនៃជំងឺកូវីដ-១៩ ស្របពេលដែលអង្គការនេះក៏បានជំរុញឱ្យប្រទេសចិនចូលរួមសហការផងដែរ។
សំណួរថា «តើជំងឺរាតត្បាតនេះកើតចេញមកពីទីតាំងណានិងដោយរបៀបណា?» បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ជាពិសេសសម្រាប់ប្រទេសចិន ជាកន្លែងដែលករណីដំបូងបានផ្ទុះឡើងនៅចុងឆ្នាំ២០១៩។
ជាការឆ្លើយតប នាយកប្រតិបត្តិការសម្រាប់គ្រាអាសន្នរបស់អង្គការ WHO លោក Mike Ryan ជំរុញឱ្យមានភាពអត់ធ្មត់ក្នុងការទទួលបានចម្លើយនេះ។
លោកថា៖ «វាគឺជាកិច្ចការព្យាយាមមួយរបស់មនុស្សក្នុងការស្វែងយល់អំពីមេរោគដែលបានបញ្ឈប់ពិភពលោកទាំងមូលរបស់យើង។ ហើយខ្ញុំសូមធ្វើការស្នើដល់អ្នករាល់គ្នា ប្រទេសទាំងឡាយ អ្នកសារព័ត៌មាន និងអ្នកផ្សេងទៀត ផ្ដល់ពេលវេលា ដើម្បីឱ្យការពិភាក្សាលើការងារនេះអាចកើតមានឡើងបាន»។
គួរបញ្ជាក់ថា ក្រុមការងារមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោក កាលពីដើមឆ្នាំនេះ ក៏ធ្លាប់បានចំណាយរយៈពេល៤សប្ដាហ៍នៅនិងជុំវិញទីក្រុងវូហាន ប្រទេសចិន ជាមួយអ្នកវិទ្យាសាស្ត្រចិននានាផងដែរ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃករណីឆ្លងវីរុសកូរ៉ូណាដំបូង។
ជាលទ្ធផល ពួកគេបានបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍រួមមួយកាលពីខែមីនាថា វីរុសនេះអាចត្រូវបានចម្លងពីសត្វប្រចៀវទៅកាន់មនុស្សតាមរយៈសត្វផ្សេងមួយទៀត ខណៈដែលការរកឃើញនេះក៏តម្រូវឱ្យមានការសិក្សាស្រាវជ្រាវបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានថ្លែងឱ្យដឹងផងដែរថា ការស៊ើបអង្កេតត្រូវបានរារាំងដោយការខ្វះទិន្នន័យដើម ដោយលោកបានអំពាវនាវឱ្យមានការធ្វើសវនកម្មនៅមន្ទីរពិសោធន៍។
ទោះជាយ៉ាងណា ប្រទេសចិនបានច្រានចោលម្ដងហើយម្ដងទៀតនូវការលើកឡើងដែលថាមេរោគនេះបានលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយរបស់ខ្លួន ខណៈដែលពួកគេលើកឡើងថា ការចុះពិនិត្យមកកាន់ទីតាំងដោយផ្ទាល់បន្ថែមទៀត គឺមិនចាំបាច់នោះទេ។
នៅក្នុងការចេញផ្សាយមួយរបស់គេហទំព័រ Science អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ការស៊ើបអង្កេតលម្អិតអំពីប្រភពដើមនៃករណីឆ្លងដំបូងបំផុតនៅក្នុងប្រទេសចិន មុនខែធ្នូ ឆ្នាំ២០១៩ គឺនៅតែមានភាពចាំបាច់ ដែលរួមទាំងការវិភាគសំណាកឈាមដែលបានរក្សាទុកពីឆ្នាំ២០១៩ នៅទីក្រុងវូហាន ផងដែរ។
ទាក់ទិននឹងករណីនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក ឈិន ស៊ូ (Chen Xu) បានលើកឡើងថា ក្រុមការងារអន្ដរជាតិនានាត្រូវបានបញ្ជូនទៅកាន់ប្រទេសចិនពីរដងរួចមកហើយ ខណៈដែលពួកគេគួរតែទៅទីតាំងផ្សេងក្រៅពីប្រទេសចិន ដើម្បីស្រាវជ្រាវបន្ត៕