កម្ពុជានិងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីចំណាយពេលចរចាអស់រយៈពេលជាង២ឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក YEO Han-Koo បានចុះហត្ថលេខាជាផ្លូវការតាមប្រព័ន្ធវីដេអូ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) នៅព្រឹកមិញនេះ។
សេចក្ដីប្រកាសព័ត៌មាននោះបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងនេះមានចំនួន១០ជំពូក និង ១៣១មាត្រា រួមទាំងបុព្វកថា និងឧបសម្ព័ន្ធចំនួន៩ ដែលគ្របដណ្ដប់លើពាណិជ្ជកម្មទំនិញ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថានឹងជួយជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយនឹងពង្រីកបន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាពិសេស កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿងបន្លាស់ ឧបករណ៍អេឡិចត្រូនិច កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េនេះបានប្រកាសបើកការចរចានៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ តាមរយៈប្រព័ន្ធវីដេអូ ដោយរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរ ចំនួន១២លើក បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោក មូន ចេអ៊ីន (Moon Jae-In) ប្រធានាធិបតីកូរ៉េខាងត្បូង នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ នឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្ដល់សច្ចាប័ន៕