គ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែ ឆ្នាំ២០២១នេះ បានបណ្ដាលឱ្យមនុស្សជាង១ ០០០នាក់ស្លាប់ និងជាង២ ០០០នាក់រងរបួសធ្ងន់និងស្រាល។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ចំនួន១ ៨៨៨លើក នៅទូទាំងប្រទេស បានបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន១ ០៥៨នាក់ របួសធ្ងន់ចំនួន១ ៥៦០នាក់ និងរបួសស្រាលចំនួន១ ០២៩នាក់។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានបង្ហាញក្ដីបារម្ភតាមរយៈកម្មវិធី «វឌ្ឍនភាពការងារវិស័យសាធារណការ និងដឹកជញ្ជូន» កាលពីថ្ងៃទី២៧ ខែតុលានេះថា ក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩ហើយនោះ កម្ពុជាក៏ប្រឈមនឹងការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍។
បើតាមលោកស្រី គ្រោះថ្នាក់ចរាចរណ៍គិតជាមធ្យមមានអ្នកស្លាប់ចំនួន៣,៨នាក់នៅក្នុងមួយថ្ងៃៗ៕