ដីភ្នំដោះក្រមុំ​២ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​ជនខិលខូច​ទន្ទ្រាន​យក

ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ ក្រុង និងខេត្ត ចុះពិនិត្យកន្លែងរុករានដីមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អះអាងថា ដីភ្នំ​ដោះ​ក្រមុំ ២ហិកតាទៀតត្រូវបានជនខិលខូច​លួយ​​កាប់​ឆ្ការ​​ទន្ទ្រាន​យក ទោះបីជាលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​​​​ដក​​ហូត​​ទុក​​​ជា​សម្បត្តិ​រដ្ឋ និងបានបញ្ជាឱ្យទប់ស្កាត់កាប់ទន្ទ្រានយកជាកម្មសិទ្ធិក៏ដោយ។

កាលពីដើមខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅអភិបាលខេត្តមណ្ឌលគិរី ឱ្យដកហូតយក «ភ្នំដោះក្រមុំ» មកទុកជាសម្បត្តិរដ្ឋវិញ ដោយថា មិនត្រូវឱ្យនរណារំលោភយកធ្វើជាកម្មសិទ្ធិនោះឡើយ។ បើគិតមកដល់បច្ចុប្បន្ន ដីភ្នំដោះក្រមុំប្រមាណ១៥ហិកតាត្រូវបានគេទន្ទ្រានយក ប៉ុន្តែមកដល់ថ្ងៃនេះ អាជ្ញាធរមិនទាន់ចាប់ខ្លួននិងមានវិធានការច្បាប់លើអ្នកប្រព្រឹត្តមកដាក់ទោសនៅឡើយ។

ជនជាតិដើមភាគតិចពូនង រស់​នៅភូមិពូលូង សង្កាត់​​រមនា អ្នកស្រី រឿន ហែង ប្រាប់ វីអូឌី នៅ​ថ្ងៃអង្គារ​នេះ​ថា ដីព្រៃភ្នំដោះក្រមុំប្រហែល២ហិកតា​ទៀតត្រូវបានជនខិលខូចលួចកាប់ទន្ទ្រាន ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ អ្នកស្រីបន្ត​ថា អ្នកដែលហ៊ានកាប់ទន្ទ្រានរំលោភបំពានយកដីព្រៃភ្នំដោះក្រមុំនេះ​ មិនមែន​ជាប្រជា​ពលរដ្ឋសាមញ្ញធម្មតានោះទេ។

អ្នកស្រី រឿន ហែង បន្ត​ថា ការ​ដែល​សកម្មភាព​កាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិ​នៅតែបន្តកើតឡើង ដោយ​សារ​អាជ្ញាធរមិនបា​នចាត់វិធានការច្បាប់លើអ្នកប្រព្រឹត្ត ដែល​​បានធ្វើឱ្យដីភ្នំប្រមាណ១៥​ហិកតា ត្រូវបានរំលោភយកធ្វើជាកម្មសិទ្ធិនាពេលកន្លងមក។

អ្នកស្រីថា៖ «បើអាជ្ញាធរគាត់អត់ធ្វើតាមច្បាប់ផង ​គាត់ធ្វើ​លំៗហ្នឹង! បើសិនពួកគាត់ធ្វើច្បាស់ការ ច្បាប់ដឹងតែច្បាប់​ គ្មានអ្នកណាហ៊ានធ្វើទៀតទេ។​ ​សង្ស័យអ្នកកាប់ហ្នឹង ពួកគេអ្នកច្បាប់ឱ្យទៅកាប់ក៏មិនដឹង! បើពួកគាត់មិនឱ្យធ្វើ អ្នកណាហ៊ានធ្វើទេ ច្បាប់នៅលើដៃពួកគាត់ហើយ វាមិនដែលគ្រាន់តែដីភ្នំដោះក្រមុំរាប់ឆ្នាំហើយដោះមិនចេញ! ខ្ញុំមិនយល់ហ្មង!​​ សួរថាពួកគាត់ធ្វើជាមន្រ្តីរាជការ ​ធ្វើការដើម្បីស្អីទៅ ដល់ពេលអ៊ីចឹង!»

អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី លោក ស៊ន សារុន មានប្រសាសន៍ថា អាជ្ញាធរបានចុះទៅពិនិត្យដល់ទីតាំងដីនោះ ដោយមានការកាប់ទន្ទ្រានពិតមែន។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ ដើម្បីចាត់វិធានការបន្តទៀត។

លោកថា៖ «តាមពិតទៅ មនុស្សវាទៅលួចកាប់ យើងវាអត់ដឹង វាទៅលួចកាប់ទេ! អ៊ីចឹងគ្មានរដ្ឋបាលនិងរដ្ឋអំណាចណាមួយឱ្យទៅធ្វើអ៊ីចឹងទេ។ ប៉ុន្តែករណីកើតហើយ យើងទៅ វាអត់ឃើញមនុស្ស យើងកំពុង​កសាងសំណុំរឿងដាក់ទៅតាមនីតិវិធី»។​​

អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្ស ដីធ្លី និងព្រៃឈើ នៃបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា មូលហេតុដែលដីភ្នំដោះក្រមុំនៅតែរងការរំលោភបំពាននិងទន្ទ្រានយកជាបន្តបន្ទាប់ អាចបណ្ដាលមកពីអំពើពុករលួយ។

លោកថា៖ «អ៊ីចឹងវាធ្វើឱ្យបញ្ហាហ្នឹងកើតឡើង វាមិនមានដំណោះស្រាយទេ​ សុទ្ធតែអ្នកធំៗហ្នឹង! ​ហេតុអ្វីបានអាជ្ញាធរមិនទប់ស្កាត់ ហើយអាជ្ញាធរទប់ស្កាត់ណាកើត បើអាជ្ញាធរជាជើងជាដៃរបស់​ក្រុមហ្នឹងហើយហ្នឹង ជួនកាលជាក្មួយ​អីទៅ! អ្នកយកដីភ្នំដោះក្រមុំតាំងពីដើមទី​ ​សុទ្ធតែក្រុមធ្វើការងារ​នៅសាលាខេត្ត នៅសាលាក្រុង នៅក្រសួងអ៊ីចឹង រឿងហ្នឹងដោះអត់ចេញទេ! ដោយសារអី? ​​វាពាក់ព័ន្ធនឹងអ្នកធំៗច្រើនពេក»។

ភ្នំ​ដោះ​ក្រមុំ​ ស្ថិត​​នៅ​កណ្ដាល​ក្រុង​សែន​មនោរម្យ​ ស្ថិត​ក្នុង​ភូមិ​ស្វាយ​ចេក ​​សង្កាត់​​សុខ​ដុម​ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​កាត់​ទុក​ជា​មជ្ឈ​មណ្ឌល​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច​ កាល​ពី​ឆ្នាំ​២០០៤ ដែល​​គ្រប់​ដណ្ដប់​លើ​ដី​ទំហំ១០២​ហិកតា ប៉ុន្តែបច្ចុប្បន្ន ផ្ទៃដីភ្នំនេះនៅសល់តែជាង៨៧​ហិកតា​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ