ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានកាត់តម្រឹមទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគាររយៈពេល១០ខែ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរទាំងអស់។
ចៅក្រមសាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដី លោក ប៉ែន ច័ន្ទសង្គ្រាម នៅថ្ងៃពុធនេះ បន្ទាប់ពីមេធាវីបានប្ដឹងឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
ក្រោយបើកសវនាការ ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចកាត់តម្រឹមទោសលោក ប៉ែន ច័ន្ទសង្គ្រាម ឱ្យជាប់ពន្ធនាគារតែ១០ខែនិង២០ថ្ងៃប៉ុណ្ណោះ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងរយៈពេល៣ឆ្នាំ។
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសលោក ប៉ែន ច័ន្ទសង្គ្រាម សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានចូលរួមនៅក្នុងសកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ប្រធានសហជីព។
លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួននៅខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរហូតមកដល់បច្ចុប្បន្ន៕