អាជ្ញាធរថៃបានចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ២នាក់ ឈ្មោះ វឿង សំណាង និងឈ្មោះ វឿន វាសនា (ហៅ ក្រញូងព្រៃឡង់) នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា រួចបញ្ជូនខ្លួនពួកគេមកឱ្យអាជ្ញាធរកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា ពិតជាមានការចាប់ខ្លួនឈ្មោះ វឿង សំណាង និង វឿន វាសនា ពិតមែន ហើយការចាប់ខ្លួននោះធ្វើឡើងតាមដីកាបង្គាប់របស់តុលាការ។
លោកបានគូសបញ្ជាក់ថា៖ «ប្រឆាំងល្មើសច្បាប់ ឱ្យចាប់! អត់មានចាប់សកម្មជនប្រឆាំង សូមបដិសេធ! ចាប់ខ្លួនតែជនល្មើសច្បាប់ទៅតុលាការ មានដីកាតុលាការ ចាប់ខ្លួនជនល្មើសច្បាប់ទៅកាន់ទោស។ មិនមែនច្បាប់ខ្លួនជនល្មើសបក្សប្រឆាំងទេ អត់មានទេ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលឆ្លើយតបនឹងការអធិប្បាយរបស់ម្ចាស់គណនី Facebook ឈ្មោះ “ក្រញូងព្រៃឡង់” នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លើការបង្ហោះរូបចៅប្រុសរបស់លោកដោយប្រើសំណេរកំណាព្យបែបរិះគន់។
ក្នុងការឆ្លើយតបនោះ លោកនាយករដ្ឋមន្រ្តី បានផ្ញើដីការបស់តុលាការដែលបង្គាប់ឱ្យចាប់ខ្លួនលោក វឿន វាសនា និងព្រមានថា៖ «ខិតខំរត់ចេញពីប្រទេសឱ្យបានលឿនបន្តិចក្មួយ»។
ដីកានោះចេញនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ លោក វឿន វាសនា ត្រូវបានចោទប្រកាន់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» និងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១។
វីអូឌី មិនអាចទាក់ទងអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដើម្បីសុំការអធិប្បាយជុំវិញការចាប់ខ្លួនបានទេ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។ យ៉ាងណា លោកបានចេញសារលើគណនី Facebook របស់លោក ដោយចាត់ទុកការចាប់ខ្លួនសកម្មជនអតីតគណបក្សប្រឆាំងទាំង២រូបនេះថាជាការចាប់ពង្រាត់មនុស្ស។
លោក អេង ឆៃអ៊ាង សរសេរបន្ថែមថា៖ «នេះគឺជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ជាពិសេសសិទ្ធិជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាតិ UNHCR ប្រចាំព្រះរាជាណាចក្រថៃ»៕