សហរដ្ឋអាមេរិក បានប្រាប់ពលរដ្ឋខ្លួនឱ្យពិចារណាឱ្យបានម៉ត់ចត់ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលឃើញថា បញ្ហាពុករលួយនិងសិទ្ធិមនុស្សនៅកម្ពុជាដែលខ្លួនបានលើកឡើងជាហូរហែ មិនត្រូវបានធ្វើឱ្យប្រសើរឡើង។
ក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកថ្លែងថា ខ្លួនតែងតែប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគាំទ្រច្បាប់ក្នុងប្រទេសកម្ពុជានិងលើសកលលោក ហើយថា មន្រ្តីរបស់ខ្លួនបានលើកពីក្ដីកង្វល់ពាក់ព័ន្ធនឹងបញ្ហាពុករលួយជាប្រព័ន្ធ ឧក្រិដ្ឋកម្មឆ្លងដែន ការរំលោភសិទ្ធិមនុស្ស ជាមួយមេដឹកនាំកម្ពុជាជារឿយៗ។
ប្រភពដដែលថ្លែងថា ក្នុងការវិវត្តថ្មីៗនេះ បញ្ហាទាំងនោះនៅមិនទាន់មានការផ្លាស់ប្ដូរគួរឱ្យមានអត្ថន័យនោះទេ ហើយអាមេរិកចាត់ទុកថា ស្ថានភាពដែលមិនមានភាពល្អប្រសើរនេះកំពុងគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខអាមេរិក និងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលអាមេរិកបន្តលើកឡើងក្នុងសេចក្ដីប្រកាសថា៖ «នៅថ្ងៃនេះ ក្រសួងការបរទេស ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មអាមេរិក បានរួមគ្នាចេញសេចក្ដីណែនាំអាជីវកម្មមួយ ដើម្បីព្រមានដល់ពាណិជ្ជករអាមេរិកដែលថ្មីៗនេះកំពុងប្រតិបត្តិការ ឬកំពុងពិចារណាធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ត្រូវប្រុងប្រយ័ត្នចំពោះការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនឹងការអនុវត្តអាជីវកម្មពុករលួយ សកម្មភាពឧក្រិដ្ឋ និងការរំលោភបំពានសិទ្ធិមនុស្ស»។
បើតាមសេចក្ដីប្រកាស ការព្រមាននេះគឺផ្ដោតលើអាជីវកម្មពាក់ព័ន្ធនឹងសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ និងហានិភ័យផ្សេងៗដែលជាប់ពាក់ព័ន្ធវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ កាស៊ីណូ និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការសហការជាមួយស្ថាប័នដែលជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជីវិតសត្វព្រៃ ការជួញដូរគ្រឿងញៀន និងហានិភ័យផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យមួយចំនួនក្នុងអាជីវកម្មឈើនិងផលិត។
តាមប្រភពដដែល តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏នឹងធ្វើការវាយតម្លៃលើសិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់កម្ពុជា ដែលជាផ្នែកមួយនៃការវាយតម្លៃ GSP ទូទៅមួយ ដោយការវាយតម្លៃនេះនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការផ្ដល់អាជ្ញាបណ្ណឡើងវិញចំពោះកម្មវិធីអនុគ្រោះពន្ធនេះ ហើយនឹងរួមបញ្ចូលលក្ខណៈវិនិច្ឆយបានធ្វើវិសោធនកម្ម ឬលក្ខណៈវិនិច្ឆយថ្មីណាមួយដែលបង្កើតឡើងដោយសភា។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជាបានរៀបចំឱ្យមានការគ្រប់គ្រងសហគ្រាសឬអាជីវកម្មដែលផលិតសម្រាប់នាំចេញទៅក្រៅប្រទេស ដើម្បីប្រឆាំងនឹងការជួញដូរ អំពើពុករលួយ ឬរំលោភលើសិទ្ធិកម្មករ ហើយក៏មានយន្តការអនុញ្ញាតឱ្យមានសហជីពជួយមើលលើកិច្ចការទាំងនេះផងដែរ។
លោកបន្ថែមថា អ្វីដែលជាការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក គឺរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយរួចរាល់ហើយ។ មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះមិនបដិសេធលើបញ្ហាពុករលួយនោះទេ ប៉ុន្តែលោកថា រដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយកំពុងខិតខំបន្តដោះស្រាយបន្ថែមទៀត ព្រមទាំងបើកឱ្យពលរដ្ឋប្ដឹងទៅកាន់ប្រមុខរដ្ឋាភិបាលតាមបណ្ដាញសង្គម Facebook របស់ថ្នាក់ដឹកនាំទៀតផង។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិក គ្រាន់តែលើកឡើងនៅក្នុងគោលការណ៍នោះទេ ក៏ប៉ុន្តែកម្ពុជាបានប្រឹងប្រែងក្នុងកិច្ចការនេះរួចស្រេចទៅហើយ ហើយយើងនឹងបន្តធ្វើកិច្ចការងារនេះតទៅទៀត»។
សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងរឹតត្បិតទិដ្ឋាការចូលទឹកដីរបស់ខ្លួនចំពោះមន្ត្រីយោធាកំពូលៗកម្ពុជា២រូប ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្រ្តីទាំងពីររូបនោះគឺមាន លោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ អគ្គនាយកនៃនាយកដ្ឋានសម្ភារបច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក៕