មេដឹកនាំអតីតបក្សសង្គ្រោះជាតិមួយរូបដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានចាត់ទុកការបង្ហោះសារនយោបាយរបស់លោក កឹម សុខា ដែលថា ពួកគេទាំងពីរនាក់មិនមែនជាមនុស្សតែមួយ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមកំហែងនិងចាប់យកលោក កឹម សុខា ជាចំណាប់ខ្មាំង។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិមួយរូបដែរនោះ បានលើកឡើងលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា សកម្មភាពលោក សម រង្ស៊ី និងសហការីរបស់ខ្លួនកន្លងមក ជាពិសេសសកម្មភាពថ្មីៗនេះបានបញ្ជាក់ឱ្យឃើញថា លោក សម រង្ស៊ី និងលោក កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នោះមិនមានការគាំទ្រ ឬជាជំហររបស់លោកនោះឡើយ។
ក្រោយមានការលើកឡើងបែបនេះ លោក សម រង្ស៊ី បានសរសេរសារលើបណ្ដាញសង្គមរបស់លោកកាលពីម្សិលមិញដែរថា ការលើកឡើងរបស់លោក កឹម សុខា ដែលថា ពួកគាត់ទាំងពីរនាក់មិនមែនជាមនុស្សតែមួយ ដោយសារតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការភ័យខ្លាចចំពោះអ្នកប្រជាធិបតេយ្យខ្មែរ ទើបលោកគំរាមកំហែងនិងចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់ខ្លួន។
លោកសរសេរសារលើបណ្ដាញសង្គមដូច្នេះថា៖ «សេចក្ដីថ្លែងការណ៍នេះ គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់លោក ហ៊ុន សែន ដែលភ័យខ្លាចជាទីបំផុតចំពោះឯកភាពភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ ហើយដែលចាប់យកលោក កឹម សុខា ធ្វើជាចំណាប់ខ្មាំងរបស់គាត់»។
តែយ៉ាងណា លោកស្រី ម៉េង សុភារី ដែលជាមេធាវីការពារក្ដីឱ្យលោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ ដោយពន្យល់បន្ថែមថា នៅពេលដែល «គណបក្សភ្លើងទៀន» ដើរចេញជាឯកតោភាគី ដោយមិនមានការគាំទ្រពីលោក កឹម សុខា គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា លោក សម រង្ស៊ី និងក្រុមគាត់ បានដើរចេញ បែកចេញ និងចុះចោលស្មារតីរួបរួមនឹងលោក កឹម សុខា ហើយនេះមិនទាន់និយាយពីសកម្មភាពចលនាផ្សេងៗទៀតដែលលោក សម រង្ស៊ី បានបង្កើតឡើងដោយគ្មានការគាំទ្រពីលោក កឹម សុខា ដូចគ្នា។
លោកស្រីបន្តថា៖ «បើចុះចោលលោក កឹម សុខា ហើយ គាត់គ្រាន់តែហាម និងសុំតែកុំយកឈ្មោះនិងរូបថតដែលជាកេរ្តិ៍របស់គាត់ទៅជាមួយបានហើយ។ កុំដើរប្រាប់គេថា នៅជាប្ដីប្រពន្ធនឹងគ្នាទៀត ពីព្រោះសកម្មភាពដើរចេញនេះបានក្បត់ដៃគូហើយ។ ការបន្តនៅប្រើប្រាស់កេរ្តិ៍របស់លោក កឹម សុខា គឺជាការកុហកគេ ដើម្បីសកម្មភាពផលប្រយោជន៍របស់គាត់និងក្រុមគាត់តែប៉ុណ្ណោះ» ។
បន្ថែមពីនេះ មេធាវីរូបនោះអះអាងថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែប្រើសិទ្ធិការពារខ្លួនគាត់ប៉ុណ្ណោះ ហើយលោក កឹម សុខា ក៏មិនចង់ពាក់ព័ន្ធនិងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមគាត់តែប៉ុណ្ណោះ ព្រោះកន្លងមក សហមេធាវីរបស់គាត់ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ និងបានប្រកាសជាច្រើនដងមកហើយដែរថា កុំឱ្យពាក់ព័ន្ធជាមួយលោក កឹម សុខា ជាពិសេសយកឈ្មោះនិងរូបថតរបស់គាត់ទៅប្រើជាប្រយោជន៍ក្នុងសកម្មភាពនយោបាយរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ទំនាស់រវាងលោក សម រង្ស៊ី និងលោក កឹម សុខា បានកើតឡើងតាំងពីពួកគេរួបរួមគ្នាបង្កើត «គណបក្សសង្គ្រោះជាតិ» មកម្ល៉េះ មិនមែនទើបតែកើតឡើងនៅពេលបច្ចុប្បន្ននេះទេ។
លោកចាត់ទុកសាររបស់លោក សម រង្ស៊ី ថាជាសារដែលមិនមានទំនួលខុសត្រូវចំពោះទង្វើដែលខ្លួនប្រព្រឹត្តខុស ហើយព្យាយាមទម្លាក់កំហុសមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖ «ជាវប្បធម៌ ជាទម្លាប់នយោបាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ លោក សម រង្ស៊ី ខ្លួនឯងធ្វើបរាជ័យ ខ្លួនឯងដាក់កំហុសលើគេ [លោក ហ៊ុន សែន] ខ្លួនឯងបែកបាក់ ខ្លួនឯង ដាក់កំហុសលើអ្នកដទៃថាធ្វើឱ្យខ្លួនឯងបែកបាក់ […] បានសេចក្ដីថា រឿងហ្នឹងមិនមានការទទួលខុសត្រូវ មិនទទួលស្គាល់ការពិតនៃបរាជ័យរបស់ខ្លួន»។
អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី វិភាគថា៖ «ខ្ញុំមើលឃើញសំណេររបស់លោក សម រង្ស៊ី បង្ហោះគឺបង្កប់អត្ថន័យច្រើនមុំណាស់ ទី១ គាត់បង្ហោះរូបលោក កឹម សុខា ជាមួយនឹងសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលទើបតែសោយទិវង្គត គាត់ចង់បង្ហាញសារហ្នឹងថាតើវាអាចទេអ្នកដែលព្យាយាមបែកពី សម រង្ស៊ី នឹងមានវាសនាដូចសម្ដេចក្រុមព្រះ»។
លោកមានប្រសាសន៍បន្ថែមថា៖ «រឿងទី២ ខ្ញុំមើលទៅអំឡុងពេលលោក កឹម សុខា ព្យាយាមចង់បែកពីលោក សម រង្ស៊ី ហើយលោក សម រង្ស៊ី ហាក់ដូចជាដឹងមុន ហើយធ្វើខ្លួនជាជនរងគ្រោះនៃការបែកបាក់ អ៊ីចឹងហើយកំហុសវាធ្លាក់ទៅលើលោក កឹម សុខា ពីរតង់! កំហុសទី១ បែកបាក់ [កឹម សុខា] ប្រកាសបែកបាក់ពីលោក សម រង្ស៊ី ហើយមហាជននៅតែមើលឃើញលោក សម រង្ស៊ី នៅតែបន្តគាំទ្រ កឹម សុខា [និង] សម រង្សី តែមួយដដែល ដូច្នេះមហាជននឹងមានការអាណិតអាសូរ។ ហើយបង្ហាញថា សម រង្ស៊ី នៅតែស្មោះត្រង់ជាមួយគណបក្សសង្គ្រោះជាតិ នៅតែស្មោះត្រង់នឹងសម្ព័ន្ធមិត្ត សម រង្ស៊ី [និង] កឹម សុខា»។
សម្ព័ន្ធភាព «សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ» ត្រូវបានបង្កើតឡើងក្រោយពេលគណបក្សប្រឆាំងធំពីរនៅកម្ពុជា គឺគណបក្ស សម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា បានសម្រេចច្របាច់បញ្ចូលគ្នាបង្កើតជាគណបក្សសង្រ្គោះជាតិឡើង កាលពីឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រទេសម៉ាឡេស៊ី។ អតីតគណបក្សសង្រ្គោះជាតិពេលនោះ សម្រេចតែងតាំងលោក សម រង្ស៊ី ជាប្រធានបក្ស ហើយលោក កឹម សុខា ជាអនុប្រធាន ហើយរូបភាពចាប់ដៃគ្នារវាងថ្នាក់ដឹកនាំទាំងពីរដោយបញ្ជាក់ពីជំហរលោក សម រង្ស៊ី និងលោក កឹម សុខា ជាមនុស្សតែមួយក៏ត្រូវបានប្រើរហូតមក។
ក្រោយពីការចាប់ដៃគ្នាបង្កើតទៅជាគណបក្សសង្រ្គោះជាតិពេលនោះ គណបក្សប្រឆាំងធំមួយនេះ បានទទួលការគាំទ្ររហូតដល់៥៥អាសនៈនៃលទ្ធផលបោះឆ្នោតជាតិឆ្នាំ២០១៣ និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ជាង៥ ០០០អាសនៈ និងមេឃុំ-ចៅសង្កាត់ជិត ៥០០នាក់ ពោលគឺជាចំនួនស្មើជិតពាក់កណ្ដាលនៃអាសនៈសរុបទូទាំងប្រទេស អំឡុងពេលលោក កឹម សុខា ធ្វើជាប្រធានគណបក្សសង្រ្គោះជាតិពេលនោះ។
៣ខែក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលយប់រំលងអធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្រោមបទចោទថា «ក្បត់ជាតិ»។
ទោះបីជាមកដល់ពេលនេះ លោក កឹម សុខា មិនទាន់ត្រូវបានកាត់ទោសនៅឡើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ អាសនៈមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ព្រឹទ្ធសភា ត្រូវបានគេដកហូតយកទៅចែកគណបក្សផ្សេង ហើយលោក កឹម សុខា និងមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងសរុប១១៧រូបផ្សេងទៀត ក៏ត្រូវបានតុលាការកំពូលហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕