អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញថា មេរោគកូវីដ-១៩បំប្លែងខ្លួនថ្មី «អូមីក្រុង» មានហានិភ័យខ្ពស់ ដែលអាចធ្វើឱ្យចំនួននៃការឆ្លងកើនឡើង។ ទោះជាយ៉ាងណា វីរុសបំប្លែងខ្លួនថ្មីនេះពុំទាន់បង្កឱ្យមានជាករណីស្លាប់ណាមួយនោះទេ។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ក៏បានជំរុញដល់ប្រជាជនរបស់ខ្លួនកុំឱ្យមានការភ័យស្លន់ស្លោ ខណៈលោកលើកឡើងថា រដ្ឋាភិបាលកំពុងតែធ្វើការជាមួយក្រុមហ៊ុនឱសថទាំងឡាយ ដើម្បីបង្កើតផែនការបន្ទាន់នានា ក្នុងករណីដែលវ៉ាក់សាំងថ្មីត្រូវការចាំបាច់។
ប្រធានាធិបតីរូបនេះបន្តថា ប្រទេសរបស់ខ្លួននឹងមិនវិលត្រលប់ទៅកាន់ការបិទខ្ទប់សម្រាប់រដូវរងានេះទេ ប៉ុន្តែលោកបានជំរុញបន្ថែមទៀតឱ្យប្រជាជនទៅទទួលវ៉ាក់សាំងការពារដូសជំរុញ និងពាក់ម៉ាស់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីលោក ចូ បៃឌិន ដែលបានថ្លែងនៅក្នុងសុន្ទរកថានៅឯសេតវិមានថា៖ «ការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីនេះ គឺរឿងដែលត្រូវព្រួយបារម្ភ មិនមែនជាការដែលត្រូវភ័យស្លន់ស្លោនោះទេ។ យើងនឹងប្រយុទ្ធនិងយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មីនេះឱ្យបាន»។
ជាមួយគ្នានេះ អាមេរិកក៏បានសម្រេចបិទការមកដល់សម្រាប់ភ្ញៀវទេសចរពីអាហ្វ្រិកខាងត្បូងចំនួន៨ប្រទេសផងដែរ ខណៈដែលពួកគេលើកឡើងថា ការដាក់កំហិតលើការធ្វើដំណើរនេះនឹងផ្ដល់ពេលវេលាដល់ប្រទេសខ្លួនក្នុងការផ្ដល់វ៉ាក់សាំងការពារដល់ប្រជាជនកាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា មនុស្សជាង២៦១លាននាក់នៅក្នុងប្រទេសជាង២១០ ត្រូវបានរាយការណ៍ថា បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានជាង៥លាននាក់បានស្លាប់បាត់បង់ជីវិត គិតចាប់តាំងពីករណីដំបូងត្រូវបានរកឃើញនៅក្នុងប្រទេសចិនក្នុងខែធ្នូ ឆ្នាំ២០១៩។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters៕